ក្រុម​អវកាសយានិក ​ពន្យល់​មូលហេតុ​ដែល​ អាំស្រ្តង ត្រូវ​ជ្រើសរើស​ឲ្យ​ដើរ​លើ​​ផ្ទៃឋាន​ព្រះចន្ទ​មុន​គេ

  • 2019-07-21 04:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី ២០ ខែ​កក្កដា​ឆ្នាំ ២០១៩ គឺជា​ខួប​លើក​ទី ៥០ នៃ​ការ​ចុះចត​របស់​អាប៉ូឡូ​ទី​១១​លើ​ឋាន​ព្រះចន្ទ នៅ​ពេល​ដែល​អវកាសយានិក​អាមេរិក​លោក Neil Armstrong បាន​ក្លាយ​ជា​មនុស្ស​ដំបូង​បន្សល់​ស្នាម​ជើង​លើ​ផ្ទៃ​ព្រះចន្ទ។ ក្រោយ​មក​២០​នាទី Buzz Aldrin បាន​ចុះ​ដើរ​​តាម​ក្រោយ។

អវកាសយានិកលោក Neil Armstrong ក្នុង​អាប៉ូឡូ​ទី​១១ ថ្ងៃ​ទី ២០ ខែ​កក្កដា ​ឆ្នាំ​១៩៦៩ (រូបភាព ណាសា)

មនុស្ស​ភាគ​ច្រើន​សន្មត​ថា ​ណាសា​មាន​គម្រោង​ឱ្យ អាំស្រ្តង (Armstrong) ក្លាយ​ជា​មនុស្ស​ដំបូង​គេ​បាន​ជាន់​ដី​នៅ​ឋាន​ព្រះចន្ទ​ដោយសារ​តែ​ភាព​ចាស់​ទុំ​របស់​គាត់។ Armstrong គឺជា​មេ​បញ្ជាការ​របស់​អាប៉ូឡូ​ទី ១១ ហើយ​ អាល់ឌ្រិន (Aldrin) គឺជា​​ពីឡុត​​គន្លង​​វិថី​តារា ខណៈ​ដែល​លោក ម៉ៃឃើល ខូលីន (Michael Collins) គឺ​ជា​អ្នក​បញ្ជា​គន្លង​​វិថី​តារា។

នៅ​ក្នុង​ព្រឹត្តិការណ៍​រំលឹក​ខួប​៤៥​ឆ្នាំ នៃ​ការ​ឈាន​ជើង​ដល់​លើ​ឋាន​ព្រះ​ច័ន្ទ​ជា​លើក​ដំបូង​របស់​មនុស្ស​ លោក​ពីឡុត​ អាល់ឌ្រិន ដែល​ស្ថិត​នៅ​លើ​អាប៉ូឡូ​ទី​១១​ជាមួយ អាំស្រ្តង បាន​រៀបរាប់​ថា​នេះ​ជា​​ករណី​កម្រ​មួយ​របស់​ ណាសា ដែល អាំស្រ្តង​ បាន​ដើរ​នៅ​លើ​ឋាន​ព្រះចន្ទ​ដំបូង​គេ​បង្អស់។

ពីឡុត Buzz Aldrin

តាម​ធម្មតា ករណី​បែបនេះ​​អវកាសយានិក​ក្មេង​ដូច អាល់ឌ្រិន ​តែង​តម្រូវ​ឲ្យ​ដើរ​ក្នុង​លំហ ហើយ​ទុក​អាំស្រ្តងដែល​មាន​ភាព​ចាស់​ទុំ​ជាង​ឲ្យ​មើល​ការ​ខុសត្រូវ​ក្នុង​យានអវកាស​ព្រោះ​ថា​នៅ​ពេល​មាន​ករណី​បន្ទាន់​គាត់​អាច​គ្រប់គ្រង​ស្ថានការណ៍​នៅ​ក្នុង​យាន​បាន​ប្រសើរ​ជាង​ពីឡុត​ក្មេងៗ។

“គ្រប់​បេសកកម្ម​ទាំង​អស់​មុនៗ ប្រសិន​បើ​ត្រូវ​ដើរ​ក្នុង​លំហ (spacewalk) ត្រូវ​តែ​ជា​អវកាសយានិក​ក្មេងៗ មិន​អាច​ជា​មេបញ្ជាការ ដែល​ជា​អ្នក​​ត្រូវ​មើល​ការ​ខុស​ត្រូវ​ក្នុង​យាន​​បាន​ឡើយ"។ អាល់ឌ្រិន បាន​រៀបរាប់។

រាប់ពីឆ្វេងទៅស្តាំ៖ ពីឡុត Buzz Aldrin មេបញ្ជាការ Neil Armstrong និង Michael Collins អ្នកបញ្ជា​គន្លងវិថីតារា

ណាសា​បាន​ឲ្យ​ដឹងថា តាមពិត​គំនិត​ដំបូង​ឡើយ​គឺ អាល់ឌ្រិន​​ទេ​ដែល​​តម្រូវ​ឲ្យ​ដើរ​លើ​ព្រះចន្ទ​ដំបូង​គេ​បង្អស់ ប៉ុន្តែ​នៅ​ពេល​យានអវកាស​ចុះ​ចត​លើ​ព្រះចន្ទ ស្នុក​យាន​​មិន​បាន​បើក​គម្រប​ខាង​អាល់ឌ្រិន​អង្គុយ​ឡើយ។

ម្ល៉ោះហើយ​ទើប អាំស្រ្តង ក្លាយ​ទៅ​ជា​មនុស្ស​ដំបូង​គេ​បង្អស់​​ដែល​បាន​ឈាន​ជើង​​លើ​ឋាន​ព្រះ​ច័ន្ទ និង ក្រោយ​មក​២០​នាទី​អាល់ឌ្រិន​ចុះ​ទៅ​តាម​ក្រោយ ខណៈ​ដែល​ខូលីន ជា​អ្នក​បញ្ជា​ការ​គ្រប់គ្រង​នៅ​ក្នុង​យាន៕

អាន៖ ពី​ក្រោយ​រឿងរ៉ាវ​នៃ​រូបភាព​ដ៏​ល្បី​ដែល​ថត​ពី​ព្រះចន្ទ​មក​ផែនដី

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខ លាងហ៊ត