លន​ បញ្ញា​ ថា​ជា​កិត្តិយស​របស់​ខ្លួន​មួយ​ដែរ​ ដែល​បាន​ប៉ះ​អ្នក​ល្បី​ ឡៅ​ ចិត្រា​

  • 2019-10-02 07:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ ថា​ការ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ ឡៅ​ ចិត្រា​ ជា​កិត្តិយស​សម្រាប់​ខ្លួន​ផង​ដែរ​ ព្រោះ​មិន​ដែល​គិត​ថា​មាន​ឱកាស​ ឬ​អាច​ប៉ះ​គ្នា​ជា​មួយ​អ្នក​ទាំង​នោះ​ពី​មុន​មក​ទេ។​

កីឡាករ លន បញ្ញា

បញ្ញា​ បាន​ឲ្យ​ដឹង​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា​ ពី​មុន​ៗ​មក​មិន​ដែល​គិត​ថា​ខ្លួន​អាច​ប៉ះ​ ឬ​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​លំដាប់​ៗ​ជួរ​មុខ​ដូច​ជា​ ឡៅ​ ចិត្រា​ នេះ​នោះ​ទេ​ ព្រោះ​ទាំង​ការ​ចូល​ប្រឡូក​ក៏​ដូច​ជា​ភាព​ល្បីល្បាញ​គឺ​ខុស​គ្នា។​

ម្ចាស់​ខ្សែក្រវាត់​ប្រាក់​រូប​នេះ​បន្ថែម​ទៀត​ថា​ លើក​នេះ​សប្បាយ​ចិត្ត​ដែល​បាន​ប៉ះ​ ចិត្រា​ ហើយ​គិត​ថា​ប្រកួត​ជា​មួយ​អ្នក​ល្អ​ នឹង​ទទួល​បាន​ក្បាច់​ស្នៀត​ ឬ​បទ​ពិសោធ​ល្អ​ៗ​បន្ថែម​ទៀត។​ កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​ក៏​បារម្ភ​ខ្លះ​ដែរ​ខ្លាច​ធ្វើ​មិន​បាន​ល្អ​ និង​ត្រូវ​រង​ការ​រិះគន់​ពី​សំណាក់​អ្នក​គាំទ្រ​ប្រដាល់​នៅ​ពេល​ប្រកួត​ជា​មួយ​ ឡៅ​ ចិត្រា​ នេះ។​

កីឡាករ ឡៅ ចិត្រា​

រំលឹក​ដែរ​ថា​ បើ​មិន​មាន​ការ​ប្រែប្រួល​ណា​មួយ​ទេ​ អ្នក​ប្រដាល់​ លន​ បញ្ញា​ នឹង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ជា​មួយ​កីឡាករ​ ឡៅ​ ចិត្រា​ នៅ​ថ្ងៃ​ទី១៣​ ខែ​តុលា​ ឆ្នាំ​២០១៩​ លើ​សង្វៀន​ PNN៕​

អត្ថបទ៖ នួន ស៊ីណា​