កូរ៉េខាងត្បូង ពិន័យ YouTuber ល្បី​ៗ​ជិត ១លានដុល្លារ លើករណីគេចវេះមិនបង់ពន្ធ

  • 2019-10-16 07:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTuber កូរ៉េ​ខាង​ត្បូង​ពិត​ជា​មាន​ខ្លាំង​មែន​ទែន មាន​ដល់​ថ្នាក់​សូម្បី​តែ​ក្មេង​អាយុ ៦ ឆ្នាំ​ម្នាក់​ជា​ YouTuber កូរ៉េ អាច​ទិញ​អគារ​ដែល​មាន​តម្លៃ ៨ លាន​ដុល្លារ។

ប៉ុន្តែ​មាន​នរណា​ខ្លះ​ដឹង​អំពី​វិធី​យក​ពន្ធ​ប្រាក់​ចំណូល​ YouTuber? ជាក់​ស្ដែង​ទៅ​សូម្បី​តែ​រដ្ឋាភិបាល​កូរ៉េ​ក៏​ពិបាក​ដឹង​រឿង​នេះ​ដែរ ដោយ​ YouTube ផ្ដល់​ចំណូល​ដល់​អ្នក​បង្កើត​វីដេអូ​ដោយ​ផ្ទាល់។ ទោះ​យ៉ាងណា​វា​មិន​មែន​ថា​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយ​ផ្អែក​តាម​ករណី​ថ្មី​មួយ​កើត​មាន​នៅ​កូរ៉េ​ខាង​ត្បូង។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ ខែ​តុលា រដ្ឋាភិបាល​កូរ៉េ​បាន​ពិន័យ​ YouTuber ៧នាក់ ជា​ទឹក​ប្រាក់​សរុប​ប្រមាណ ៨៤២ ០០០ ដុល្លារ ចំពោះ​ករណី​គេចវេះ​ការ​បង់​ពន្ធ។ ផ្អែក​តាម​សមាជិក​សភា​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ចុះ​បញ្ជី​លើ​ការ​បង់​ពន្ធ​​មិន​ត្រឹម​ត្រូវ ដើម្បី​គេច​ផុត​ពី​ការ​បង់​ពន្ធ​សរុប​​ប្រមាណ ៣,៧ ពាន់​លាន​ដុល្លារ។

ពួក​គេ​ធ្វើ​បែប​នេះ​ដោយ​ក្លែង​បន្លំ​លើ​ប្រាក់​ចំណូល​បាន​ពី​អ្នក​ឧបត្ថម្ភ​ និង​អ្នក​ជួល​ឲ្យ​ផ្សព្វផ្សាយ ធ្វើ​ឲ្យ​ចំណូល​មាន​ទាប​ជាង​ជាក់​ស្ដែង។ ទីភ្នាក់ងារ​ទំនាក់ទំនង​កូរ៉េ​និយាយ​ថា​មាន​ YouTuber ចំនួន ៤ រក​ចំណូល​បាន​ជាង ៨៤២ ០០០ ដុល្លារ ពី YouTube កាល​ឆ្នាំ​មុន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ពួក​គេ​ស្ថិត​ក្នុង​ចំណោម​អ្នក​គេចវេះ​ពី​ការ​បង់​ពន្ធ​ឬ​យ៉ាង​ណា​នោះ​ទេ។

គួរ​ដឹង​ថា​ចាប់​ពី​ឆ្នាំ​ក្រោយ​នឹង​មាន​ការ​អនុវត្តន៍​ច្បាប់​ថ្មី​ពី​សំណាក់​សេវាកម្ម​ពន្ធ​ដារ​ជាតិ​កូរ៉េ ដែល​នឹង​ឲ្យ​ពួក​គេ​ដឹង​អំពី​ចំណូល​អ្នក​ប្រកប​របរ​រក​ស៊ី​លើ​​អនឡាញ និង YouTuber បាន។ Google Korea បាន​បង្ហាញ​ថា​ឆ្នាំ​មុន​គណនី YouTube កូរ៉េ​មាន​ ៦៧៤ គណនី​មាន​ Subscriber យ៉ាង​តិច​ ១០ ម៉ឺន។ នៅ​ឆ្នាំ​នេះ​តួ​លេខ​បាន​ឡើង​ដល់ ១ ២៧៥ គណនី៕

ចុចអាន ៖ YouTuber នៅវៀតណាមត្រូវបង់ពន្ធប្រាក់ចំណូល ៧% ទាបជាងអាមេរិក

​​​​​ ​

ប្រភព៖ Vice   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម