​Taylor Swift សុំឲ្យអ្នកគាំទ្រជួយ ពីកណ្ដាប់ដៃបុរសមានអំណាចពីរនាក់

  • 2019-11-15 03:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​មុន​នេះ​បន្តិច​ Taylor Swift បាន​ចែក​រំលែក​​អត្ថបទ​មួយ​ទាក់ទង​ នៅ​លើ​ទំព័រ Facebook ផ្លូវ​ការ​របស់​ខ្លួន ដែល​មាន​ចំណង​ជើង​ថា ៖ "មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ទៀត​នោះ​ទេ”។ អត្ថបទ​មាន​ខ្លឹម​សារ​ដូច​ត​ទៅ ៖

“អ្នក​ទាំង​អស់​គ្នា! មាន​ការ​ប្រកាស​កាល​ពី​ថ្មីៗ​នេះ​ថា​​កម្មវិធី​ប្រគល់​ពាន​រង្វាន់ American Music Awards នឹង​ផ្ដល់​ពាន​រង្វាន់​កិត្តិយស​ «ពាន​រង្វាន់​តារា​ប្រចាំ​ទសវត្ស​​» ដល់​ខ្ញុំ​នៅ​កម្មវិធី​ឆ្នាំ​នេះ។ ខ្ញុំ​​មាន​គម្រោង​នឹង​សម្ដែង​​ខ្លីៗ​នូវ​បទ​ចម្រៀង​ល្បី​របស់​ខ្ញុំ នៅ​ពេញ​មួយ​ទសវត្ស​កន្លង​មក​នេះ។ Scott Borchetta និង Scooter Braun ពេល​នេះ​និយាយ​ថា​ មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​សម្ដែង​បទ​ចាស់ៗ​នៅ​លើ​ទូរទស្សន៍​នោះ​ទេ ដោយ​ពួក​គេ​អះអាង​ថា​​នឹង​ថត​បទ​ចម្រៀង​ខ្ញុំ​ឡើង​វិញ មុន​ពេល​ដែល​ខ្ញុំ​បាន​ការ​អនុញ្ញាត​នៅ​ឆ្នាំ​ក្រោយ។ បន្ថែម​ពី​នេះ Netflix បាន​​ផលិត​វីដេអូ​ឯកសារ​មួយ​អំពី​ជីវិត​របស់​ខ្ញុំ​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។ Scott និង Scooter បាន​ប្រកែក​មិន​ឲ្យ​ប្រើ​ចម្រៀង​ចាស់ៗ ឬ​វីដេអូ​សម្ដែង​ចាស់ៗ​របស់​ខ្ញុំ​សម្រាប់​វីដេអូ​ឯកសារ​នេះ​ទេ ទោះ​បី​ជា​ក្នុង​វីដេអូ​ឯកសារ​មិន​មាន​និយាយ​អំពី​ពួក​គេ ឬ​ផលិតកម្ម Big Machine Records ក៏​ដោយ។

Scott បាន​ប្រាប់​ក្រុម​ការងារ​របស់​ខ្ញុំ​ថា​ ពួក​គេ​នឹង​ឲ្យ​ខ្ញុំ​ប្រើ​ចម្រៀង​ចាស់ ប្រសិន​បើ​​ខ្ញុំ​ធ្វើ​រឿង​ទាំង​នេះ ៖ ប្រសិន​បើ​ខ្ញុំ​ព្រម​មិន​ថត​ចម្រៀង​ចាស់ៗ​របស់​ខ្ញុំ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ (ដែល​ជា​រឿង​ខ្ញុំ​អាច​ធ្វើ​បាន​ដោយ​ស្រប​ច្បាប់ ហើយ​ទន្ទឹង​ចាំ​ធ្វើ​វា) ហើយ​បាន​ប្រាប់​ក្រុម​ខ្ញុំ​ថា​ ខ្ញុំ​ត្រូវ​ឈប់​និយាយ​អំពី​គាត់ និង Scooter។

ខ្ញុំ​​មាន​អារម្មណ៍​ថា​ ការ​ចែក​រំលែក​នូវ​រឿង​រ៉ាវ​កំពុង​កើត​មាន​ចំពោះ​ខ្ញុំ អាច​ឲ្យ​តារា​ដទៃ​ទៀត​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាង​មុន និង​អាច​ឲ្យ​ពួក​គេ​ជៀស​ផុត​ពី​រឿង​ស្រដៀង​គ្នា​នេះ។ ​អ្វី​ដែល​ពួក​គេ​ចង់​ប្រាប់​ខ្ញុំ​គឺ​ច្បាស់​ណាស់។ គឺ​ធ្វើ​ជា​ក្មេង​ស្រី​ល្អ​ម្នាក់ ​ហើយ​បិទ​មាត់​ឲ្យ​ជិត បើ​មិន​អ៊ីចឹង​នឹង​ត្រូវ​ពិន័យ។

បែប​នេះ​គឺ​ខុស​។ បុរស​ទាំង​ពីរ​សុទ្ធ​តែ​គ្មាន​ចំណែក​ក្នុង​ការ​និពន្ធ​បទ​ចម្រៀង​ទាំង​នោះ។ ពួក​គេ​មិន​បាន​ធ្វើ​អ្វី​សោះ ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ដែល​ខ្ញុំ​មាន​ជា​មួយ​អ្នក​គាំទ្រ។ ហេតុ​នេះ​ខ្ញុំ​សុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ជួយ។

សុំ​ឲ្យ​ Scott និង Scooter ដឹង​ថា​អ្នក​មាន​អារម្មណ៍​បែប​ណា​ចំពោះ​រឿង​នេះ។ Scooter មាន​គ្រប់គ្រង​តារា​មួយ​ចំនួន​ដែល​ខ្ញុំ​ជឿជាក់​ច្បាស់​ថា​​ពួក​គេ​ខ្វល់​ខ្វាយ​អំពី​តារា​ដទៃ និង​ការ​ខិត​ខំ​របស់​ពួក​គេ។ សុំ​ឲ្យ​ពួក​គេ​ជួយ​ក្នុង​រឿង​នេះ - ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​ប្រហែល​អាច​និយាយ​​ហេតុផល​ជា​មួយ​បុរស​ទាំង​ពីរ​ដែល​គ្រប់គ្រង​លើ​មនុស្ស​ម្នាក់​ដែល​គ្រាន់​តែ​ចង់​សម្ដែង​បទ​ចម្រៀង​ដែល​នាង​សរសេរ។ ខ្ញុំ​ក៏​សុំ​ឲ្យ​មាន​ការ​ជួយ​ជា​ពិសេស​ពី The Carlyle Group ដែល​ចែក​លុយ​បាន​ពី​ការ​លក់​ចម្រៀង​របស់​ខ្ញុំ ជា​មួយ​បុរស​ទាំង​ពីរ​នាក់​នេះ។

ខ្ញុំ​គ្រាន់​តែ​ចង់​អាច​សម្ដែង​បទ​ចម្រៀង​របស់​ខ្លួន។ តែ​ប៉ុណ្ណឹង។ ខ្ញុំ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​ឯកជន​ជា​មួយ​ក្រុម​ការងារ​ខ្ញុំ ប៉ុន្តែ​មិន​អាច​ដោះ​ស្រាយ​បាន​សោះ។ ពេល​នេះ​ការ​សម្ដែង​នៅ AMA, វីដេអូ​ឯកសារ​នៅ Netflix និង​កម្មវិធី​​សម្ដែង​ផ្សេង​ទៀត​ដែល​ខ្ញុំ​មាន​គម្រោង​នឹង​ធ្វើ​ដល់​ខែ​វិច្ឆិកា​ឆ្នាំ ២០២០ នៅ​លោត​ជា​សញ្ញា​សួរ​នៅ​ឡើយ។

ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​គិត​ថា​អ្នក​គួរ​ដឹង​អ្វី​ដែល​កំពុង​កើត​ឡើង។ ពី​ខ្ញុំ Taylor"។

Scott Borchetta (ខាងឆ្វេង) និង Scooter Braun​​

គួរ​ដឹង​ថា​ Scooter Braun​​ គឺ​ជា​បុរស​ម្នាក់​ដែល​បាន​ទិញ​យក​អតីត​ផលិតកម្ម​​ដែល​ជា​ជម្រក​របស់ Taylor Swift នោះ​គឺ Big Machine Records ដែល​ទិញ​យក​ពី​ Scott Borchetta អ្នក​បង្កើត​ផលិតកម្ម​នេះ ជា​មួយ​កិច្ច​ព្រមព្រៀង​តម្លៃ ៣០០ លាន​ដុល្លារ។ ការ​លក់​ក្រុមហ៊ុន​នេះ​បាន​ហាម​ឃាត់​មិន​ឲ្យ​ Taylor ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​អាល់ប៊ុម​ចម្រៀង​​ចំនួន ៦ ដំបូង​របស់​ខ្លួន៕​​​​​​​

ចុចអាន ៖ ពិធី​ករ​ប្រុស​ចិន​ ត្រូវ​គំរាម​សម្លាប់​ព្រោះ​ត្រូវ​សង្ស័យ​ប៉ះពាល់ Taylor Swift

ប្រភព៖ facebook   ប្រែ​សម្រួល៖ សុខហេង