ចេញ​គំរូ​រាង Galaxy Note 20 មានបង្កប់បច្ចេកវិទ្យាពិសេសមួយខុសពី Galaxy S20

  • 2020-02-07 06:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung នឹង​ប្រកាស​ចេញ​ផ្សាយ​ស្មាតហ្វូន Galaxy S20 នា​ថ្ងៃ​ទី ១១ ​កុម្ភៈ ឆ្នាំ ២០២០ នេះ ដោយ​នៅ​កម្ពុជា​អាច​នឹង​ឈាន​ចូល​ម៉ោង​រំលង​អាធ្រាត្រ​នា​ថ្ងៃ​ទី ១២ ​កុម្ភៈ។ រូបរាង​បែកធ្លាយ​ជា​ច្រើន​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ៩៩ ភាគរយ​គឺ​នឹង​ដូច​ទៅ​ជា​ការ​ពិត ពោល​គឺ​មាន​សំណុំ​កាមេរ៉ា​រាង​បញ្ឈរ និង​អេក្រង់​ចោះ​រាង​រង្វង់​មួយ​នៅ​កណ្តាល។

ត្បិត​មិន​ទាន់​មាន​ការ​ប្រកាស S20 និង S20 Ultra ផង​នោះ គេហទំព័រ PhoneArena ក៏​ស្រាប់​តែ​បន្ត​ចេញ​ផ្សាយ​គំរូ​រាង Galaxy Note 20 ថ្មី​មក​មួយ​បន្ថែម​ទៀត ដែល​សំណុំ​កាមេរ៉ា​ក្រោយ​ដូច​ទៅ​នឹង​ត្រកូល S មាន​ឡេន​សម្រាប់ Zoom កម្រិត 100x។

ប៉ុន្តែ​ចំណុច​រសើប​គឺ​ត្រង់​ផ្នែក​អេក្រង់​មុខ ដែល​វា​អាច​លែង​មាន​ស្នាម​ឆក​ទៀត​ហើយ ពោល​គឺ​ប្រើប្រាស់​អេក្រង់​ផ្ទៃ​ពេញ និង​បន្សល់​ត្រឹម​ទីតាំង​ទុក​បង្កប់ Speaker មួយ​នៅ​ផ្នែក​ខាង​លើ​បង្អស់​តែ​ប៉ុណ្ណោះ។

ចំពោះ​គ្រាប់​កាមេរ៉ា​មុខ​ប្រភព​ជឿ​ថា Samsung នឹង​អភិវឌ្ឍ​ដល់​បច្ចេកវិទ្យា​បង្កប់ Sensor នៅ​ខាង​ក្រោម​អេក្រង់ មិន​ឲ្យ​ឃើញ​ស្រស់ៗ​ដូច​ម៉ូឌែល​មុន​ទៀត​ឡើយ ហើយ​ Note 20 ក៏​នឹង​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​ក្នុង​លោក​មាន​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ដូច​គ្នា។

ជុំវិញ​លក្ខណៈ​សម្បត្តិ​គេ​ជឿ​ថា​ Note 20 នឹង​មាន​ប្រើប្រាស់​បន្ទះ​ឈីប Qualcomm Snapdragon 865 ឬ Exynos 990 លាយ​ឡំ RAM ទំហំ 12GB និង​បង្ហាញ​ខ្លួន​នៅ​ខែ​សីហា ឆ្នាំ ២០២០៕​​

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា