អ្នក​មមើ​មិន​អី​ឡើយ តែ​​អ្នក​បន្ថែម​ល្បោយ ធ្វើ​ឱ្យ​គេ​ផ្អើល​ពេញ​ភូមិ!

  • 2014-11-21 01:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន ជិន ពិសី អ្នក​ខេត្ត​កំពង់​ចាម បាន​ស្រែក​ឱ្យ​​អ្នកជិតខាង​​ផ្អើល​ឈូឆរ ក្រោយ​លោក​ឮ​សំឡេង​អាសន្ន​ឡើង​គ្រលួចមួយ ទាំង​កណ្ដាល​យប់ជ្រៅ។

 

ដំណើរ​​ដើមទង​នៃ​រឿង​គឺ​បែប​នេះ។ ក្រោយ​ពេល​ជីតា​ស្លាប់ ពិសី បាន​ទៅ​គេង​កំដរ​យាយ ព្រោះ​ឪពុកមា​របស់​លោក មក​ធ្វើការ​នៅ​ភ្នំពេញ​អស់​ហើយ។ ពិសី​​គេង​កំដរ​រហូត​បាន​មួយ​ឆ្នាំ ហើយ​យប់​មួយប្រហែល​ម៉ោង​ជិត១ លោក​យាយ​របស់​លោក សម្រាន្ត​មមើ​ឃើញ​ចោរ​គាស់​ទ្វារ​បន្ទប់ រួច​ស្រែក "ចោរ...! ចោរ...! ចោរ...!" ឡើង​គ្រលួច។  

  “ខ្ញុំ​ឮសំឡេង​ស្រែក ​ចោរ! ចោរ! ចោរ! ស្រួយស្រែស តែ​ស្រែក​លក្ខណៈ​បែប​អួល​ដើម​ករ ស្រែក​​អត់​ចង់​ចេញ។ ខ្ញុំ​ភ័យ​ណាស់​បង! ខ្ញុំ​ស្មាន​មាន​ចោរ​មែន រួច​ក៏​ស្រែក​បន្ទរ ចោរ! ចោរ! ពីរ​បី​ដង​​ខ្លាំងៗ​តែ​ម្ដង"។   យុវជន​វ័យ​២៣​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា ពេល​នោះ​ពូ​ម្នាក់​ផ្ទះ​នៅ​ក្បែរ​ បាន​បើក​ភ្លើង​អំពូលម៉ែត្រ និង​ស្រែក ចោរ! ចោរ! បន្ត។ ចំណែក​អ៊ំ​នៅ​ខាងត្បូង​ផ្ទះវិញ ខំ​ប្រឹង​កាន់​ផ្គាក់​ចាំ​ច្រក​ទ្វារ​របង​ ក្រែង​ចោរ​រត់​តាម​នោះ។

 

ភ្លាមៗ​នឹង ស្រាប់​តែ​មាន​បងប្អូនមកសួរ​នាំ​ឈូឆរ​ ចំណែក​លោក​យាយ​ឯណោះ ប្រឹង​ងើប​ធេងធោង​ចេញ​ពី​គ្រែ។ ក្រោយ​មក​ទើប​ដឹង​ថា លោក​យាយ​ដេក​មមើ​។

 

"យាយ​ខ្ញុំ​គាត់​ប្រាប់​ថា គាត់​ដេក​មមើ​តើ​បង! ចំណែក​ខ្ញុំ​ដេក​អាលាវៗ​ដែរ ចេះ​តែ​ពួយ​​ទាំង​មិន​បាន​សួរ​គាត់។ អ្នក​ស្រុក​គេ​ហួស​ចិត្ត​សើច​គ្រប់​គ្នា"។ ពិសី និយាយ​បន្ថែម។​

 

ពិសី បញ្ជាក់​ទាំង​អស់​សំណើច​ថា លោក​ខ្មាស​គេ​ណាស់ ព្រោះ​ត្រូវ​គេ​បង្អាប់ ស្ទើរ​ងើប​មុខ​មិន​រួច៖ " ល្បីតាំង​ពី​ដើម​ដល់​ចុង​ភូមិ...អ្នក​ស្រុក​​បង្អាប់​ខ្ញុំ ឱ្យ​តែ​ជួប​មុខ​ខ្ញុំ គេ​ហៅ​ខ្ញុំ​ថា ចោរ! ចោរ! ហាស់​ហា! ម្យ៉ាង​ដែរ​បង សូម្បី​ខ្ញុំ​ក៏​អស់​សំណើច​ខ្លួន​ឯង​ដែរ"។

 

កាល​ពី​មុន ក្នុង​ភូមិ​របស់​លោក សំបូរ​ចោរ​ចូល​លួច​ គោ​ ក្របី និង​ម៉ូតូ​ណាស់ ជា​ពិសេស​ផ្ទះ​យាយ​របស់​លោកតែ​ម្ដង ហេតុ​នេះ​ហើយ ទើប​លោក​គិត​ថាមាន​ចោរ​មែន។ ពិសី បាន​បន្ថែម​៕

 

 

អត្ថបទទាក់ទង៖

 

ចុចអាន...ជំនឿ​សំណាង​ល្អ និង​សំណាង​អាក្រក់ លើ​អព្ភូតហេតុ

 

ចុចអាន...កុំ​មើល​កញ្ចក់​ពេល​យប់… ប្រយ័ត្ន…!

 

ចុច​អាន...សណ្ឋាគារទាំង១០ មាន​ខ្មោច​លង​បន្លាច​ខ្លំាង​បំផុត ក្នុង​ឆ្នាំ​២០១៤

  អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី