ខ្នង iPhone តម្លៃ ៣៩៩ដុល្លារថ្មី ត្រូវបានបង្ហាញ

  • 2020-03-05 01:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ចិន​ បាន​បង្ហាញ​អំពី​រូបរាង​ច្បាស់ៗ​នៃ iPhone តម្លៃ​ធូរ​ថ្មី​ដែល​ជា​អ្នក​តំណែង iPhone SE ចេញ​កាល​ពី​ឆ្នាំ ២០១៦។

រូបភាព​បាន​បង្ហាញ​អំពី​ខ្នង​ខាង​ក្រោយ​របស់ iPhone តម្លៃ​ធូរ​ដែល​កន្លង​មក​គេ​ហៅ​វា​ថា iPhone 9 ឬ iPhone SE2។ ខ្នង​ខាង​ក្រោយ​គឺ​ដូច​គ្នា​បេះ​ដាក់​ទៅ​នឹង iPhone 8 ខុស​គ្នា​​តែ​នៅ​ត្រង់​ទីតាំង​នៃ​ឡូហ្គោ​ផ្លែ​ប៉ោម​ឆែប​តែ​ប៉ុណ្ណោះ។

iPhone 9 គឺ​ជា​ iPhone តម្លៃ​ធូរ​ថ្លៃ​ទី​ពីរ​បន្ទាប់​ពី iPhone SE។ គេ​ជឿជាក់​ថា​វា​មាន​អេក្រង់​ទំហំ ៤,៧ អ៊ីញ ប្រភេទ LCD អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត ១៣៣៤x៧៥០ ភីកសែល។ នៅ​ផ្នែក​ខាង​ក្រោម​នៃ​អេក្រង់​គឺ​មាន​ប៊ូតុង​ Home ដែល​មាន​​មុខងារ TouchID។

Apple នឹង​បំពាក់​នូវ​បន្ទះ​ឈីប A13 Bionic ​នៅ​លើ iPhone តម្លៃ​ធូរ​ថ្មី​របស់​ខ្លួន ដែល​អាច​ភ្ជាប់​ជា​មួយ RAM ទំហំ ៣GB ជា​មួយ​ជម្រើស​អង្គ​ផ្ទុក ៦៤GB និង ១២៨GB។ កាមេរ៉ា​ Selfie មាន​ទំហំ ៧ MP ហើយ​កាមេរ៉ា​ខាង​ក្រោយ​មាន​កម្រិត ១២MP។

កន្លង​មក​មាន​ការ​អះអាង​ថា​ iPhone តម្លៃ​ធូរ​នេះ​នឹង​ប្រកាស​ចេញ​នា​ថ្ងៃ​ទី ៣១ ខែ​មីនា ហើយ​ចេញ​លក់​នៅ​ថ្ងៃ​ទី ៣ ខែ​មេសា ជា​មួយ​តម្លៃ​រំពឹង​ទុក​ចាប់​ពី ៣៩៩ ដុល្លារ ​តម្លៃ​ដូច​ iPhone SE ពេល​ចេញ​លក់​ដំបូង​ដែរ។

យ៉ាងណាក្ដី​អ្នក​វិភាគ Daniel Ives បាន​និយាយ​ថា Apple ប្រហែល​ជា​ត្រូវ​ពន្យារពេល​ការ​ប្រកាស​ចេញ​ iPhone 9 ដោយ​សារ​ភាព​ស្មុគស្មាញ​កើត​មាន​ព្រោះ​វីរុស COVID-19 ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​នៅ​ចិន៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង