ចឹង​តើ​បាន​​តារា​ខ្មែរ​​ចង់​សម្ដែង​ក្រៅ​ប្រទេស​ណាស់ រហូត​តារា​ខ្លះ​​ហ៊ាន​​ទិញ​សំបុត្រ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​គឺ...?

  • 2014-09-26 00:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ដ៏​រសើប​បំផុត​ក្នុង​សង្គម​សិល្បៈ​ខ្មែរ ដែល​តារា​ស្ទើរតែ​ទាំង​អស់​និយម​ចូល​ចិត្ត​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស រហូត​ដល់​តារា​មួយចំនួន​​ហ៊ាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន ​ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ គឺនៅ​ឯនាយ​សមុទ្រ​អាច​រក​ប្រាក់​បាន​ច្រើន​តាម​រយៈ​ការ​កាន់​ផ្តិល ឬ​ថង់​ដើរ​សុំ​លុយ​ភ្ញៀវ​ក្រោយ​ពី​ច្រៀង​ចប់។

 អានអត្ថបទ៖​ ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ​ចាប់​ផ្ដើម​ជ្រួល​ច្របល់​ ចំពោះ​ការ​មក​ដល់​ជា​ថ្មី​នៃ​ភាពយន្ត​ថៃ

 

ប្រភព​​ច្បាស់​ការ​ដែល​ជា​អ្នក​នាំ​តារា​​ខ្មែរ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ខាង​លើ​អះអាង​ថា​ ទង្វើ​បែប​នេះ​របស់​តារា​ខ្មែរ​មិន​មែន​ទើប​កើត​ឡើង​នោះ​ឡើយ ពោល​គឺ​កើត​ឡើង​ជា​យូរ​មក​ហើយ។ ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​និយាយ​ថា ​សិល្បករ សិល្បការិនី​ខ្មែរ​ មួយចំនួន​បាន​ប្រព្រឹត្តិ​ទង្វើ​ដូច្នេះមែន។

 

រូបតំណាង

 

អាកប្បកិរិយា​បែប​​នេះ​ ពី​សំណាក់​តារា​ខ្មែរ​ ត្រូវ​បាន​ប្រភព​រូប​នេះ​អះអាង​ថា​ ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​តារា​ដទៃ​ទៀត​​មាន​​ក្រមសីលធម៌​ល្អ។

 

 

​​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក សុះ ម៉ាច ធ្លាប់​បាន​និយាយ​ប្រាប់​គេហទំព័រ Sabay ថា​ ករណី​តារា​ខ្មែរ​ដើរ​កាន់​ផ្តិល ឬ​ថង់​សុំ​លុយ​ភ្ញៀវ​តាម​តុ​នៅ​ពេល​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស គឺ​មាន​មែន ប៉ុន្ដែ មួយចំនួន​ប៉ុណ្ណោះ។

អានអត្ថបទ៖ មើល​ទាំង​អស់​គ្នា​ តារា​ណា​ខ្លះ​ ​បញ្ចប់​បរិញ្ញាបត្រ​ ​ត្រូវ​នឹង​ជំនាញ​សិល្បៈ?

 

លោក សុះ ម៉ាច បាន​លើក​ឡើង​ដូច​ទៅ​នឹង​ប្រភព​ខាង​លើ​ដែរ​ គឺ​​មាន​តារា​ខ្មែរមួយចំនួន​បាន​ធ្វើ​ទង្វើ​មិន​គប្បី​ដូច្នេះ ខណៈ​ភ្ញៀវ​ដែល​អញ្ជើញ​មក​ទស្សនា​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រួច​ទៅ​ហើយ។

 

 

ប្រធាន​សមាគម​រូប​នេះ​ បញ្ជាក់​ដូច្នេះ៖ "ខ្ញុំ​ទទួល​ស្គាល់​រឿង​តារា​ខ្មែរ​យើង​ដើរ​កាន់​ផ្តិល ឬ​ថង់​ដើរ​សុំ​លុយ​ភ្ញៀវ​តាម​តុ​ពេល​ពួកគេ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស។ ខ្ញុំ​មិន​ដឹង​ថា ​ពួកគាត់​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូចម្ដេច​នោះ​ទេ"។

 

លោក​បន្ត​ថា ​លើក​លែង​តែ​តារា​ល្បីៗ​ខ្លាំង​ មាន​ប្រាក់​ខែ និង ​លុយ​កាក់​គ្រប់គ្រាន់​មួយ​ចំនួន​តូច​​តែ​ប៉ុណ្ណោះ មិន​ធ្វើ​ទង្វើ​ដូច​ខាង​លើ។

អានអត្ថបទ៖ កុំ​​ហួស​​ចិត្ត​អី ៧០ ​លាន​ដុល្លារ​ថត​រឿង “​មហា​អាណាចក្រ​ខ្មែរ” បាត់​ស្រមោល​​ពី​​​កម្ពុជា​​ហើយ!

 

កត្តា​នាំ​តារា​ខ្មែរ​ស្ទើរតែ​ទាំងអស់​ចូល​ចិត្ត​ដើរ​សុំ​លុយ​ភ្ញៀវ​តាម​តុ​ពេល​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​តារា​ចម្រៀង និង​ ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ខាង​លើ​និយាយ​ថា ​​​បណ្ដាល​មក​ពី​កត្តា​ជីវភាព ព្រោះ​សិល្បករ សិល្បការិនី​ខ្មែរ​ភាគ​ច្រើន​មិន​មាន​ប្រាក់​ខែ​ទេ។ ដូច្នេះ​ហើយ​ឱ្យ​តែ​មាន​ឱកាស​ចេញ​សម្ដែង​នៅ​ក្រៅ​ស្រុក​ពួកគេ​ច្រើន​តែ​រក​លុយ​ក្រៅ​បន្ថែម ដើម្បី​ត្រឡប់​មក​ស្រុក​វិញ​សល់​លុយ​កាក់​ខ្លះ។

 

 

លោក សុះ ម៉ាច សង្កត់​ធ្ងន់​ថា មាន​សិល្បករ សិល្បការិនី​ខ្មែរ​ខ្លះ សុខ​ចិត្ត​ចេញ​ថ្លៃ​សំបុត្រ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​ឱ្យ​តែ​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​នាយ​សមុទ្រ ក៏​ព្រោះ​តែ​រឿង​ដើរ​សុំ​លុយ​​ភ្ញៀវ​នេះ​ឯង។

 

 

បើ​ទោះ​ជា​ប្រភព​ច្បាស់​ការ រួម​ទាំង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លើក​ឡើង​ដូច្នេះ​ក្ដី​ តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម សាន់ដេ​លោក ឆាយ វីរៈយុទ្ធ អះអាង​ថា ​មិន​បាន​ដឹង​ពី​បញ្ហា​អស់​ទាំង​នេះ​ទេ។ លោក​ថា​ពេល​លោក​សម្ដែង​នៅ​ក្រៅ​ប្រទេស​មិន​ដែល​មាន​រឿង​ដើរ​សុំ​លុយ​កាក់​ភ្ញៀវ​ឡើយ។

អានអត្ថបទ៖ ឆាយ វីរៈ​យុទ្ធ រំលឹក​រឿង​ដែល​លោក​ចង​ចាំ​ កើត​ឡើង​នា​រដូវ​ភ្ជុំ​កាល​នៅ​ស្រុក​កំណើត

 

តារា​ចម្រៀង​ល្បី​ឈ្មោះ​មាន​ប្រភព​មក​ពី​ខេត្ត​​ កំពង់ចាម​រូប​នេះ មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ឡើយ ដោយ​លោក​ខ្លាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​តារា​ផ្សេង​ទៀត ដោយ​លោក​បង្វែរ​សំនួរ​ឱ្យ​សួរ​តារា​ដទៃ​ទៀត។

 

 

លោក ឆាយ វីរៈយុទ្ធ និយាយ​ដោយ​ខ្លី​ថា៖"ខ្ញុំ​អត់​ដែល​ដឹង​រឿង​នេះ​ទេ​ បង​សួរ​អ្នក​ផ្សេង​ទៅ​មើល ខ្ញុំ​អត់​ហ៊ាន​និយាយ​ទេ​រឿង​នេះ​ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ"។

 

 

តាម​ការ​ឱ្យ​ដឹង​ពី​ប្រភព​អ្នក​នាំ​តារា​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ខាង​លើ ក្រៅ​តែ​ពី​ដើរ​សុំ​លុយ​ភ្ញៀវ​តាម​តុ ថ្លៃ​សំបុត្រ​ចូល​ទស្សនា​របស់​តារា​ខ្មែរ​នៅ​ក្រៅ​ស្រុក​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក។ កត្តា​នេះ​បណ្ដាល​មក​ពី​តារា​ខ្មែរ​នាំ​គ្នា​សម្រុក​ទៅ​សម្ដែង​​ច្រើន​នៅ​ឯ​បរទេស៕

 

អត្ថបទ៖ អ៊ីង សុឡា

 

 

អត្ថបទថ្មី