Angelina Jolie ប្រកាសលាឈប់ពីអាជីពសម្ដែង
- 2014-11-20 22:50:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie ប្រកាសលាឈប់ពីអាជីពសម្ដែង
ចន្លោះមិនឃើញ
កំពូលតារាសម្ដែងអាមេរិក Angelina Jolie បាននិយាយថា នាងនឹងលាលែងពីអាជីពសម្ដែងទាំងស្រុង ហើយនឹងផ្ដោតលើអាជីពជាអ្នកដឹកនាំរឿងវិញ ក្រោយពីសម្ដែងចប់ពីរទៅបីរឿងទៀត។
តាមរយៈរបាយការណ៍សារព័ត៌មាន Sydney Morning Herald ដែលចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ Jolie បាននិយាយថា "ខ្ញុំនឹងសម្ដែងតែ ២ទៅ៣រឿងទៀតប៉ុណ្ណោះ ប៉ុន្តែខ្ញុំរីករាយនឹងបញ្ចប់អាជីពនេះនៅពេលណាមួយ"។
តួឯកស្រី "Maleficient” បាននិយាយទៀតថា "ខ្ញុំស្រឡាញ់ការដឹកនាំ ខ្ញុំមានអារម្មណ៍ថារីករាយជាងនៅពេលដឹកនាំ។ ខ្ញុំចង់រៀនសូត្រអ្វីថ្មីៗ និងចង់ចូលរួមគ្រប់ផ្នែកទាំងអស់នៃការផលិតភាពយន្ត"។
ទោះយ៉ាងណា តារារូបនេះ បានបញ្ជាក់ថាការដែលចង់ងាកទៅរកអាជីពដឹកនាំនេះ គឺមិនមែនមានន័យថានាងគិតថាអាជីពជាតារាសម្ដែងមិនល្អ នោះទេ។ Jolie និយាយថា "ខ្ញុំស្រឡាញ់តារាសម្ដែង ខ្ញុំចូលចិត្តមើលការសម្ដែងរបស់ពួកគេ និងចូលចិត្តភាពល្បីល្បាញរបស់តារាសម្ដែងគ្រប់គ្នា គ្រាន់តែខ្ញុំចូលចិត្តអាជីពដឹកនាំជាងតែប៉ុណ្ណោះ"។
កាលពីដើមសប្ដាហ៍នេះ Angelina Jolie បានចាប់ផ្ដើមបង្ហាញមុខក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តថ្មី រឿង "Unbroken” ដែលខ្លួនបានដឹកនាំសម្ដែងនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន។ ភាពយន្តនេះរៀបរាប់ពីខ្សែជីវិតរបស់កីឡាករអូឡាំពិកអាមេរិក Louis Zamperini ដែលបានក្លាយជាអ្នកទោសសង្គ្រាមនៅជប៉ុន ក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ បច្ចុប្បន្ន Jolie កំពុងដឹកនាំ និងសម្ដែងខ្លួនឯង ក្នុងរឿងថ្មីមួយមានចំណងជើងថា "By the Sea” ដោយមានស្វាមី Brad Pitt ជាតួឯកប្រុស។
Jolie បាននិយាយអំពីគម្រោងថ្មីនេះថា "ការដឹកនាំ និងសម្ដែងខ្លួនឯងបែបនេះគឺជារឿងលំបាកមែនទែន ហើយដឹកនាំ Brad Pitt ទៀតគឺរឹតតែពិបាក ពិសេសនៅពេលសម្ដែងឈុតមនោសញ្ចេតនាជាមួយគាត់" ៕
អានអត្ថបទ៖ Angelina Jolie ជួលកូនប្រុសចិញ្ចឹមឈាមជ័រខ្មែរ ជាជំនួយការផលិតកម្ម
Angelina Jolie និងតួសម្ដែងក្នុងរឿង "Unbroken"
អានអត្ថបទ៖ Angelina Jolie បង្ហាញមហិច្ឆតា ចង់ប្រឡូកក្នុងនយោបាយ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ channelnewsasia