​អេបូឡា​ ជំងឺ​ដែល​ពិភព​លោក​​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​ តែ​ក្រសួង​សុខាភិបាល​កម្ពុជា​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​

  • 2014-11-26 18:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​រហូត​មក​ដល់​ពេល​នេះ​ ជំងឺ​​អេបូឡា ​​ដែល​កំពុង​តែ​រាតត្បាត​​ គំរាមកំហែង​សន្តិសុខ​សុខភាព​​សកល​​ខ្លាំង​ទៅៗ  ​នៅ​​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​រក​ឃើញ​​វ៉ាក់សាំង​ការពារ​បាន​នៅ​ឡើយ ខណៈ​ដែល​​ក្រសួង​សុខាភិបាល​កម្ពុជា​សព្វ​ថ្ងៃ​​ ​​ដាក់​​ការ​ការពារ​​ និង​បង្ការ​​​ជំងឺ​នេះ​មុន​​​គ្រប់​នាទី​មិន​​ភ្លេច​ខ្លួន​ឡើយ។

 

ថ្វី​ត្បិត​តែ​​​កម្ពុជា​ និង​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ មិន​ទាន់​មាន​ករណី​​រោគសញ្ញា​ឆ្លង​ណាមួយ​​​ នៃ​ជំងឺ​អេបូឡា​នេះ​ពិត​មែន តែ​ក្រសួង​សុខាភិបាល​​កម្ពុជា​ ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ មិន​ធ្វេស​ប្រហែស​ឡើយ។

 

សកម្មភាព​​វឹកហាត់​ត្រៀម​ទប់​ស្កាត់​ របស់​មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង

 

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​​ជំងឺ​សកល​ ដែល​កំពុង​តែ​ផ្ទុះ​ឡើង​នេះ​​ ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​​ជំងឺ​ឆ្លង​ ​​​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ​ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ ស្ដី​អំពី​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​អេបូឡា ​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ ទោះ​បី​ជា​ប្រទេស​កម្ពុជា​យើង​ ស្ថិត​នៅ​ឆ្ងាយ​ពី​តំបន់​ដែល​ជំងឺ​អេបូឡា​កំពុង​រាតត្បាត​ពិត​មែន ​តែ​ពេល​នេះ​ខាង​ក្រសួង​សុខាភិបាល​បាន​ត្រៀម​ខ្លួន​​ជានិច្ច។

 

សព្វ​ថ្ងៃ​នេះ​ ខាង​ក្រសួង​ បាន​រៀប​ចំ​ក្រុម​ការងារ​ពិសេស ដែល​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​​វគ្គ​ពិសេស​ ក្នុង​ការ​ទប់​ស្កាត់​​ជំងឺ​អេបូឡា​នេះ ដែល​ត្រៀម​ខ្លួន​​ធ្វើ​ការងារ​នេះ​ពេញ​ ២៤ម៉ោង​​ ​​រួច​ជា​ស្រេច។ ទន្ទឹម​គ្នា​នេះ​ដែរ យើង​ក៏​មាន​ត្រៀម​​មន្ទីរ​ពិសោធន៍​​​រួច​ជា​ស្រេច​​ ក្នុង​ករណី​មាន​ការ​​សង្ស័យ​ នៃ​ការ​ឆ្លង​រោគ​សញ្ញា​ជំងឺ​នេះ ​​ក្រុម​ការងារ​នឹង​ធ្វើ​ការ​បញ្ជូន​ទៅ​ទីនោះ​ភ្លាម។ ដោយ​ឡែក​ នៅ​តាម​ច្រក​​ធ្វើ​ដំណើរ​ចេញ​ចូល ​​​ប្រលាន​យន្តហោះ​​អន្តរជាតិ​ភ្នំពេញ​ ខាង​ក្រសួង​សុខាភិបាល​ សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរ ​តាម​រយៈ​ការ​បំពេញ​បែបបទ​​​ត្រួត​ពិនិត្យ​សុខភាព​​​នៅ​តាម​យន្ត​ហោះ​​​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត ថ្លែងបន្ថែម​ដូច្នេះ។

​​​​​​​​​

តាម​ការ​ចង្អុល​បង្ហាញ​​​ របស់​អង្គការ​សុខភាព​ពិភពលោក ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ ចំនួន​ករណី​ជំងឺ​អេបូឡា​សរុប​ ទូទាំ​ពិភពលោក​​មាន​ ១៥១៤៥ ករណី ក្នុង​នោះ​​ករណី​ស្លាប់​មាន​ ៥៤២០ ករណី ដែល​ជា​ទិន្នន័យ​​ខ្ពស់​​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ ខណៈ​ពេល​ដែល​ប្រទេស​ជឿនលឿន​​មួយ​ចំនួន​មិន​ទាន់​ស្វែង​រក​ឃើញ​នូវ​វ៉ាក់សាំង​ការពារ​នៅ​ឡើយ។

ក្រសួង​សុខាភិបាល​កម្ពុជា​ ក៏​បាន​ជូនដំណឹង​ ​​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ប្រទេស ដែល​មាន​រោគ​សញ្ញា ដូច​ជា ក្ដៅ​ខ្លួន ក្អក ដក​ដង្ហើម​ផុតៗ ឈឺក្បាល ឡើង​កន្ទួល​លើ​ស្បែក ក្អួត​​ធ្ងន់ធ្ងរ រាគ អាច​ទំនាក់​ទំនង​មក​​លេខ​ hotline របស់​ក្រសួង​សុខាភិបាល​ជា​បន្ទាន់​​បាន​ តាម​​រយៈ​លេខ ១១៥, ០១២ ៤៨៨ ៩៨១, ០៨៩ ៦៦៩ ៥៦៧  ឬ facebook page  នាយកដ្ឋាន​ប្រយុទ្ធ​នឹង​​ជំងឺ​ឆ្លង៕ ​​​​​​

 

អត្ថបទ៖ យិន សំបូរ

រូបថត៖ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​​ជំងឺ​ឆ្លង