លេង​តុង​ទីន​​ដូច​យក ​ក ​ទៅ​ល​អន្ទាក់ ដេក​​តឹង​ទ្រូង​?

  • 2014-12-03 15:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុងទីន ​ជា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​កំពុង​ពេញ​និយម​ និង​កំពុង​ប្រើប្រាស់​ដើម្បី​បង្វិល​ឬ ​សន្សំ​ប្រាក់​ក្នុង​សង្គម​កម្ពុជា​ ជា​ពិសេស​អ្នក​លក់​ដូរ​នៅ​តាម​ទីផ្សារ​ ឬ​បុគ្គលិក​តាម​បណ្ដា​ស្ថាប័ន​រដ្ឋ​ ឯកជន​មួយ​ចំនួន ប៉ុន្តែ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​នេះ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​ល្បែង​ ព្រោះ​ដោយសារ​មាន​បោកប្រាស់​គ្នា​​។ យ៉ាង​ណា​មិញ​យោង​តាម​អ្នក​ជំនាញ តុងទីន​ មាន​ប្រយោជន៍​កាលណា​យើង​ចេះ​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​។

ខាង​ក្រោម​នេះ​ជា​បទ​សម្ភាសន៍​កន្លង​មក​​រវាង​ ​Sabayជាមួយ​លោក​ ច័ន្ទ សុផល ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ ពាក់ព័ន្ធ​នឹង​តុងទីន​៖

 

Sabay ៖ ជម្រាប​សួរ! ​លោក សុផល តើ​អ្វី​ទៅ​ជា​តុងទីន​?

 

លោក ច័ន្ទ សុផល៖ តុងទីន​មិនមែន​ជា​ល្បែង​លេង​យក​ចាញ់​ឈ្នះ​​ទេ តែ​វា​ជា​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដ៏​ល្អ ដើម្បី​​សន្សំ​ប្រាក់។

 

Sabay ៖ តើ​​លោក​អាច​ ជម្រាប​បន្តិច​បាន​ទេ ពី​របៀប​លេង​តុងទីន​?

 

លោក ច័ន្ទ សុផល៖ តុងទីន ​​ជា​ការ​សហការ​​ដាក់​ប្រាក់​រួម​គ្នា​ ហើយ​អ្នក​ណា​ត្រូវ​ការប្រាក់​​មុន​យក​ទៅ​ប្រើប្រាស់​មុន​ ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ដោយ​សារ​តែ​ អ្នក​ចង់​បាន​ប្រាក់​មាន​ចំនួន​ច្រើន​ក្នុង​ពេល​តែ​មួយ ដូច្នេះ​ហើយ​ទើប​បង្កើត​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​​ ហើយ​អ្នក​ហ៊ាន​ដាក់​ការ​ប្រាក់​ខ្ពស់​ជា​អ្នក​ទទួល​បាន​ប្រាក់​ ដោយ​អ្នក​ដែល​មិន​ទាន់​ដេញ​បាន​ទទួល​កម្រៃ​ពី​របស់​ខ្លួន​។

 

Sabay ៖ តើ​អ្វី​ទៅ​ជា​ហានិភ័យ​របស់​តុងទីន​?

 

លោក ច័ន្ទ សុផល៖ ហានិភ័យ ​របស់​តុងទីន​គឺ​ការ​មិន​ស្ថិត​នៅ​ក្រោម​ច្បាប់​គ្រប់គ្រង​ច្បាស់លាស់​ ព្រោះ​ជា​ការ​លេង​​ក្រៅ​ផ្លូវ​ការ​ ដែល​មិន​មាន​ការ​ធានា​តាម​ផ្លូវ​ច្បាប់​ ឬ​ជា​កត្តា​បង្ក​ឲ្យ​ ការ​ក្បត់​ទំនុក​ចិត្ត​គ្នា​ដោយ​ងាយ​ ។

 

Sabay ៖ ថ្មី ​ៗ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​លឺ​ថា ​មេ​តុងទីន​រត់​ចោល​កូន​ ហើយ​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ទៅ​វិញ​ទៅ​មក​។ តើ​ហេតុ​អ្វី​ទើប​មេ​តុងទីន​រត់​ចោល​កូន​បែប​នេះ​?

 

លោក ច័ន្ទ សុផល៖ មិន ​មែន​ថ្មី​ៗ​នេះ​ទេ មាន​ច្រើន​ហើយ​តាំងពី​​មុន​មក​ក៏​មានរឿង​បែប​នេះ​​ដែរ។​ ទាំង​នេះ​មាន​មូល​ហេតុ​ពីរ​​យ៉ាង​។ ទី​​​១ ការ​រក​ប្រាក់​បង្វិល​មិន​ទាន់​ ហើយ​បំណុល​ចេះ​តែ​កើន​ឡើង ​រហូត​រត់​មិន​រួច​ ដូច្នេះ​គាត់​មាន​តែ​សម្រេច​ចិត្ត​រត់​ចោល​ស្រុក​តែ​ម្ដង​។ ទី២​ ​មនុស្ស​ខូច​តែ​ម្ដង ពេល​ប្រមូល​បាន​ប្រាក់​ហើយ​ មិន​ចង់​សង​គេ​វិញ​ ទើប​សម្រេច​គេច​ខ្លួន​។ ជម្រើស​​ទាំង​នេះ​កើតឡើង​ដោយសារតែ​ ការ​អនុវត្តន៍​ច្បាប់​នៅ​មាន​កម្រិត ជា​កត្តា​នាំ​ឲ្យ​ពួកគាត់​សម្រេចចិត្ត​យក​តម្រាប់​​តាម​គ្នា​ ដោយ​គិត​ថា​រត់​ចោល​ស្រុក​គឺ​ចប់​បញ្ហា​ ។

 

 

Sabay ៖ តើ​អ្នក​លេង​តុងទីន​ ភាគច្រើន​លេង​ដើម្បី​ទាញ​ផល​ប្រយោជន៍​ពី​វា ឬ ជា​ការ​លេង​តាម​គ្នា​ដោយ​ងងឹត​ងងល់​ ទើប​ចេះ​តែ​មាន​បញ្ហា​កើតឡើង​បែប​នេះ​?

 

លោក ច័ន្ទ សុផល៖ មាន ​ភាគ​តិច​ណាស់​ដែល​ពួក​គាត់​យល់​ដឹង​ពី​​ការ​​លេង​តុងទីន​ ហើយ​បាន​​ប្រើប្រាស់​ប្រាក់​នោះ​ ដើម្បី​ទាញ​ផល​ចំណេញ និង​បង្វិល​ប្រាក់​សង​​គេ​វិញ។ ​ភាគច្រើន​ជា​ការ​លេង​តាម​ៗ​គ្នា ពួក​គាត់​ហ៊ាន​ដេញ​យក​ការ​ខ្ពស់​ ដោយ​មិន​ដឹង​ថា តើ​ប្រាក់​ដែល​ដេញ​បាន​​នោះ អាច​ទាញ​យក​ការ​ប្រាក់​មក​សង​គេ​វិញ​ រួច​ឬ​មិន​ផង​។

 

Sabay ៖ ទោះ​ជា​បី​ជា​មាន​ ការ​បោកប្រាស់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​​ តុងទីន​នៅ​តែ​​​ពេញ​និយម​ ក្នុង​សង្គម​ខ្មែរ​ តើ​លោក​​ស្រាយ​បញ្ជាក់​ចំណុច​នេះ​យ៉ាង​ណា?

 

លោក ច័ន្ទ សុផល៖ ព្រោះ ​តុងទីន​ជា​ការ​លេង​ដើម្បី​សន្សំ​ ដូច្នេះ​អ្នក​ដែល​មាន​លុយ​ហើយ ​គាត់​អាច​ទាញ​យក​ប្រាក់​ចំណេញ​ពី​​តុងទីន​​​​បាន​ ដោយ​ដាក់​​ការ​ដេញ​ថ្លៃ​តិចៗ​ ប៉ុន្តែ​បាន​ត្រលប់​មក​វិញ​ជា​ប្រាក់​ដុំ​។ ​ដោយ​ឡែក​សម្រាប់​អ្នក​គ្មាន​ប្រាក់​វិញ​ពួកគាត់​សង្ឃឹម​អាច​យក​ដែល​ដេញ​បាន ​ទៅ​ប្រើប្រាស់​ដើម្បី​ពង្រីក​មុខរបរ​ ឬ​អាច​ដើម្បី​ដោះ​ទាល់​ម្ដង​ៗ​ ដែល​ប្រាក់​នោះ​ច្រើន​លើស​ពី​លទ្ធភាព​ដែល​អាច​រក​ខ្ចី​ពី​បងប្អូន​ ឬ​ពី​ចងការ​ប្រាក់​ពី​ធនាគារ​។

 

Sabay ៖ បើ​ប្រៀបធៀប​គ្នា​ រវាង​ការ​ប្រើប្រាស់​ ប្រាក់​តុងទីន និង​ការ​ខ្ចី​ពី​ធនាគារ​ តើ​មួយ​ណា​មាន​ភាព​ប្រសើរ​ជាង​?

 

លោក ច័ន្ទ សុផល៖​ ប្រយោជន៍​ផ្សេង​ៗ​គ្នា​។ ​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ​មាន​ការ​ប្រាក់​ទាប​ហើយ​មិន​សូវ​មាន​ហានិភ័យ​​ ទេ ប៉ុន្តែ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ច្រើន​ ហើយ​ចំណុច​សំខាន់​មួយ​​ទៀត​ គឺ ការ​ខ្ចី​ប្រាក់​ពី​ធនាគារ​នៅ​កម្ពុជា ចាំបាច់​អ្នក​ខ្ចី​ត្រូវ​មាន​​របស់​ដាក់​បញ្ចាំ​ ដូចជា​ប្លង់​ផ្ទះ​ ប្លង់​ដី​ជា​ដើម​ ចំណុច​នេះ​ហើយ​ដែល​ជា​ឧបសគ្គ​ ​ស្មុគស្មាញ សម្រាប់​អ្នក​ត្រូវ​ការ​ប្រាក់​។

ចំណែក​ឯ​ប្រាក់​ដែល​បាន​មក​ពី​ តុងទីន​វិញ​ទោះ​បីជា​មាន​ហានិភ័យ​ខ្ពស់​ ការ​ប្រាក់​ខ្ពស់​ក៏​ពិត​មែន​ប៉ុន្តែ មាន​​លក្ខខណ្ឌ​ងាយ​ស្រួល​ជាង​ ដូចជា​អ្នក​ចង់​ចូល​លេង​ ឲ្យ​តែ​ស្គាល់​គ្នា​ ហើយ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ និង​មាន​លទ្ធភាព​បង់​អាច​ចូលលេង​បាន​ហើយ​​។

 

Sabay ៖ មាន​មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា លេង​តុងទីន​ជា​ការ​ យក​ក​ទៅ​ល​អន្ទាក់​ កាល​ណា​ជាប់​ដៃ​លេង​ ហើយ​រើ​ខ្លួន​មិន​រួច​ទេ យូរ​ៗ​ទៅ​ជំពាក់​គេ​វ័ណ្ឌក​។ ​តើ​នេះ​ជា​ការ​ពិត​ទេ​លោក​?

 

លោក ច័ន្ទ សុផល៖ ពិត​ជា​មាន​លើក​ឡើង​បែព​នេះ​មែន ប៉ុន្តែ​មិន​មែន​សុទ្ធ​តែ​​វ័ណ្ឌក​ ទាំង​អស់​នោះ​ទេ។ វា​អាច​​វ័ណ្ឌក​មែន​ចំពោះ​អ្នក​ដែល​គិត​គូរ​មិន​បាន​ស៊ីជម្រៅ​ពី​បញ្ហា​ ហិរញ្ញវត្ថុ​ ឬ​មិន​បាន​ថ្លឹងថ្លែង​ពី​លទ្ធភាព​ដែល​ខ្លួន​​អាច​​​សង​ត្រលប់​។

ជា​​ ពិសេស​​ពេល​ដេញ​បាន​មក​ហើយ​ ប្រើប្រាស់​មិន​ចំ​គោលដៅ​ យក​ទៅ​ទិញ​របស់​ដែល​មិន​ចាំ​បាច់ របស់​ដែល​មិន​អាច​បង្កើន​ចំណូល​មក​វិញ​បាន​។ នៅ​ពេល​គ្មាន​លទ្ធភាព​បង់​ពួកគាត់​សម្រេច​ចិត្ត​លក់​របស់​សង​គេ ឬ​បង្ខំ​ចិត្ត​ចងការ​ប្រាក់​ ឬ​បង្ខំ​ចិត្ត​ដេញ​តុងទីន​ក្បាល​ថ្មី​យក​មក​សង​គេ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​គាត់​ដក​ខ្លួន​មិន​រួច​ ចេះ​តែ​លង់​ខ្លួន​​ជ្រៅ​​ទៅ​ៗ​ ជំពាក់​គេ​វ័ណ្ឌក​ ។

 

Sabay ៖ ដូច​ដែល​បាន​ពិភាក្សា​ខាង​លើ​មក​ តើ​ប្រទេស​កម្ពុជា​គួរតែ​មាន​ច្បាប់​ពី​ការ​គ្រប់គ្រង​ការ​លេង​តុងទីន​ដែរ​ឬ​យ៉ាងណា​ដែរ​លោក​?

 

លោក ច័ន្ទ សុផល៖ ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​គិត​ថា​មិន​ចាំ​បាច់​នោះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​គួរតែ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ស៊ីវិល​របស់​យើង​ឲ្យ ​ខ្លាំង​ទៅ​បាន​ហើយ​។ ដូច្នេះ​កាលណា​មាន​ការ​បោកប្រាស់​គ្នា​ហើយ​ការ​ប្ដឹងផ្ដល់​ សមត្ថកិច្ច​ត្រូវ​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​ ឬ​ធ្វើការ​ផាក​ពិន័យ​ពី​ស្ថាប័ន​ជំនាញ​ទៅ​ជា​ការ​ស្រេច​ហើយ​ ព្រោះ​ច្បាប់​ស៊ីវិល​ ដូច្នេះ​ច្បាប់​កិច្ចសន្យា​ សុទ្ធ​តែ​អាច​អនុវត្ត​បាន​។

Sabay ៖ ជា​សំនួរ​ចុង​ក្រោយ​តើ​លោក​មាន​អ្វី​ផ្ដាំផ្ញើ​ដល់​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ដែល​មាន​គម្រោង​លេង​តុងទីន​ ?

 

លោក ច័ន្ទ សុផល៖ ខ្ញុំ​សូម​ផ្ដាំផ្ញើ​ថា​ មុន​នឹង​សម្រេច​ចិត្ត​លេង​តុងទីន​ ជំហាន​ទី​១ ​ត្រូវ​ពិនិត្យ​មើល​សមាសភាព​ មេ និង​កូន ​ក្រុម​ឲ្យ​បាន​ច្បាស់​លាស់​ ជៀសវាង​ការ​ចាញ់​បោក​​។ ទី​២​សូម​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ ថា​តើ​ត្រូវ​ការ​យក​ប្រាក់​មក​ដើម្បី​អ្វី​ ហើយ​អាច​បង្កើត​វិញ​ដែរ​ឬ​ទេ ហើយ​ពិនិត្យ​លទ្ធភាព​សង​តើ​អាច​ទៅ​រួច​ឬ​ទេ ទើប​ជា​ការ​ប្រសើរ​។

 

មិត្ត​យុវវ័យ​ណា​ខ្លះ លេង​តុង​ទីន? យល់​យ៉ាង​ណា​ចំពោះ​​វិធីសាស្ត្រ​បង្វិល ឬ​សន្សំ​សំចៃ​ប្រាក់កាស​ក្រៅ​ប្រព័ន្ធ​ច្បាប់​មួយ​នេះ?

 

អត្ថបទ​៖​ កង ចាន់​បញ្ញា