៣​ចំណុច​បង្ហើប​មូល​ហេតុ ស្នេហា​​កើត​ឡើង​មួយ​ភ្លែត បែរ​​រលត់​ទៅ​វិញ ​

  • 2014-12-08 16:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​ខ្លះ​កើត​ឡើង​លឿន ហើយ​ក៏​ចប់​ទៅ​វិញ​លឿន​ដែរ ដូច​ស្នេហា​ភ្លើង​ចំបើង។ អ្នក​ខ្លះ​ឈឺ​ចាប់ ព្រោះ​នៅ​ស្រឡាញ់​គេ តែ​គេ​ឈប់​ស្រឡាញ់​ទៅ​វិញ​ភ្លាមៗ​ ហាក់​គ្មាន​មូល​ហេតុ ហើយ​អ្នក​ខ្លះ​ទៀត​រអៀស​ចិត្ត​មិន​ចង់​ធ្វើ​បាប​អ្នក​ដទៃ តែ​ក៏​មិន​ចង់​បង្ខំ​ខ្លួន​ឯង​​ ព្រោះ​អស់​ក្ដី​ស្រឡាញ់​ទៅ​ហើយ ទោះ​បី​វា​ទើប​តែ​បាន​ចាប់​ផ្ដើម​បន្តិច​ក៏​ដោយ ។  

ស្នេហា​មួយ​ដង្ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​មូល​ហេតុ​ជា​ច្រើន ។ លោក ទួន សុវណ្ណ​រិទ្ធិ អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​របស់​ទំព័រ​មើល​ចិត្ត (www.facebook.com/merlchitpage) បាន​ចែក​រំលែក​​ថា កត្តា​ចិត្ត​សាស្ត្រ​ដែល​នៅ​ពី​ក្រោយ​អារម្មណ៍​ស្នេហា​ភ្លឹប​ភ្លែត​នេះ​មាន​ច្រើន​សណ្ឋាន​ណាស់​ដូច​ជា ៖

 

 

 រូបតំណាង

 

- ចិត្ត​ចង់​មួយ​ឆាវ ៖ អ្នកក​ខ្លះ​មិន​បាន​គិត​គូរ​វែង​ឆ្ងាយ ដោយ​ឃើញ​រូប​សម្រស់ ទ្រព្យ​សម្បត្តិ កេរ្តិ៍ឈ្មោះ ទង្វើ​គួរ​ស្ងប់​ស្ញែង​របស់​គេ ។ ការ​ពិត​ទៅ​វា​គ្រាន់​ជា​ចិត្ត​ចង់​បាន​ដោយ​មើល​ឃើញ​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ ក៏​តាំង​យល់​ថា​ខ្លួន​លង់​ស្នេហ៍​គេ ហើយ​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​បាន​គេ ។ លុះ​ដល់​បាន​ចូល​ជិត ចាប់​ផ្ដើម​ស្នេហា​ទើប​ដឹង​ថា ​គេ​មាន​លក្ខណៈ​ជា​ច្រើន​ទៀត​ដែល​ខ្លួន​មិន​ ចូល​ចិត្ត រហូត​លែង​អាច​ស្រឡាញ់​ត​ទៅ​ទៀត​បាន ។ បើ​គេ​ថា​អស់​អារម្មណ៍​ស្នេហ៍ ក៏​ហាក់​ទទួល​យក​បាន​ដែរ តែ​មែន​ទែន​ទៅ តាំង​ពី​ចាប់​ផ្ដើម​មក​វា​គ្រាន់​តែ​ជា​ចិត្ត​ចង់​មួយ​គ្រា​ប៉ុណ្ណោះ​ មិន​មែន​ជា​ស្នេហា​ពិត​នោះ​ឡើយ។

 

- ចិត្ត​សា​វ៉ា ៖ អ្នក​ខ្លះ​ចង់​បាន​គេ គ្រាន់​តែ​សប្បាយ​មួយ​គ្រា ។ អ្នក​ខ្លះ​មាន​ចិត្ត​បែប​សា​វ៉ា​តាំង​ពី​ចាប់​ផ្ដើម គឹ​ត្រៀម​ខ្លួន​រួច​ទៅ​ហើយ​ថា តែ​កាល​ណា​បាន​ក្ដី​ស្រឡាញ់​ពី​គេ បាន​បង្អួត​អ្នក​ដទៃ ឬ​បាន​ខ្លួន​ប្រាណ​ក៏​មុខ​ជា​ប្រែ​ក្រ​ឡាស​ចេញ​មិន​ខាន  គឺ​គេ​មិន​ដែរ​ធ្លាប់​គិត​ថា​ស្មោះ​ស្នេហ៍​​តាំង​ពី​ដំបូង​មក ។ មនុស្ស​ដែល​មាន​លក្ខណៈ​បែប​នេះ ពេល​ខ្លះ​គឺ​រៀន​ចេះ​ មក​ពី​ពេល​មុន​ធ្លាប់​ត្រូវ​គេ​ធ្វើ​ដាក់​ខ្លួន​ដូច្នេះ​ដែរ ក៏​តាំង​ចិត្ត​ធ្វើ​បាប​អ្នក​ដទៃ​ទៀត ។

 

- ចិត្ត​ភ័យ​ខ្លាច ៖ មាន​អ្នក​ខ្លះ​ទៀត ចិត្តសាស្ត្រ​មាន​លក្ខណៈ​ភ័យ​ខ្លាច ឬ​រារែក​ច្រើន ។ ពេល​មិន​ទាន់​មាន​ស្នេហា ភ័យ​ថា​ក្រែង​មិន​មាន​ស្នេហា លុះ​ដល់​មាន​ស្នេហា​ហើយ ភ័យ​ក្រែង​ថា​គេ​មិន​ស្មោះ ឬ​ខ្លាច​ថា​ខ្លួន​មិន​អាច​ផ្ដល់​ក្ដី​សុខ​ដល់​គេ ក៏​សុំ​ដក​ខ្លួន​ចេញ​ទៅ​វិញ ទាំង​ដែល​ចិត្ត​ក៏​នៅ​អាល័យ​ខ្លះ ។ ពេល​ខ្លះ ទ្រាំ​មិន​បាន​ក៏​សុំ​គេ​ត្រូវ​គ្នា​វិញ តែ​មិន​បាន​ប៉ុន្មាន គំនិត​ភ័យ​ខ្លាច​ក៏​ត្រឡប់​មក​វិញ រួច​ក៏​សុំ​បែក​ពី​គេ​ទៀត​ទាំង​ខ្លួន​ក៏​ឈឺ​ចាប់​ណាស់​ដែរ ។ មនុស្ស​ដែល​មាន​ចិត្ត​សាស្ត្រ​បែប​នេះ មិន​សម​ហៅ​ថា​មាន​ស្នេហា​ភ្លឹប​ភ្លែត​នោះ​ទេ តែ​គាត់​ជា​ជន​រង​គ្រោះ​នៃ​ចិត្តសាស្ត្រ​ទំនាក់​ទំនង​ដែល​មាន​លក្ខណៈ​ភ័យ​ ខ្លាច​ទៅ​វិញ​នោះ​ទេ ។ បើ​គាត់​ថា​អស់​អារម្មណ៍​ស្នេហ៍ ក៏​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ ។

 

ជា​រួម​មក ស្នេហា​ភ្លឹប​ភ្លែត​មាន​ច្រើន​ហើយ​ក៏​មាន​មនុស្ស​ច្រើន​ដែរ​ដែល​ឈឺ​ចាប់​ដោយ ​សារ​វា វា​គ្រាន់​តែ​ជា​អារម្មណ៍​ចង់​បាន​មួយ​គ្រា ឬ​ជា​លេស​លាក់​បាំង​ភាព​បោក​ប្រាស់ ឬ​ភ័យ​ខ្លាច​ប៉ុណ្ណោះ ។

 

លោក ​សុវណ្ណ​រិទ្ធិ​បន្ត​ទៀត​ថា មនុស្ស​ដែល​មាន​ចិត្ត​សាស្ត្រ​ដូច​ខាង​លើ​នេះ សុទ្ធ​តែ​អាច​ទទួល​បាន​ផល​ប្រសើរ បើ​គេ​ព្យាយាម​ស្វែង​យល់​ពី​ចិត្ត​ខ្លួន​ឯង និង​កែ​ប្រែ​វា ។ ការ​ជួប​អ្នក​ប្រឹក្សា​ផ្លូវចិត្ត​ក៏​អាច​ជា​រឿង​ល្អ​ផង​ដែរ ដើម្បី​ស្វែង​យល់​ពី​ចិត្ត​សាស្ត្រ​ផ្ទាល់​ខ្លួន​ មូល​ហេតុ​នៅ​ក្រោយ និង​របៀប​ដោះ​ស្រាយ ដើម្បី​មាន​ស្នេហា​យូរ​អង្វែង ដែល​នាំ​មក​នូវ​សេចក្ដី​សុខ​ដល់​ខ្លួន​ឯង​និង​ដៃ​គូ​ផង​ដែរ ។

 

 

សូមអាន៖ ចេតនា​៧​យ៉ាង​បង្ហាញ​ថា​គេ​បាក់ចិត្ត​​ស្រលាញ់​អ្នក

 

 

អត្ថបទ៖ លឹម សុ​នា