កាដូ​បួន​ប្រភេទ​ប្រផ្នូល​មិន​ល្អ​ជូន​សង្សារ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល

  • 2014-12-15 18:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​បុណ្យ​ណូ​អែល គូ​សង្សារ​តែង​មាន​អំណោយ​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បង្កើន​ចំណង​ស្នេហា ប៉ុន្តែ​កាដូ​ខ្លះ តំណាង​នូវ​សេចក្តី​ទុក្ខ​សោក​ព្រាត់​ប្រាស់ ដែល​យុវវ័យ​មួយ​ចំនួន​មាន​ជំនឿ ​និង​ ខ្លាច​រអា ហើយ​ខ្លះ​ក៏​បាន​បែក​បាក់​គ្នា​ព្រោះ​តែ​កាដូ​ទាំង​អស់​នោះ។

 

កន្សែង កញ្ញា ពុង ស៊ីវ​លាង​ អាយុ​ ២៥​ ឆ្នាំ​​ រៀន​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ប្រាប់​ថា កន្សែង​តំណាង​ឲ្យ​ការ​ព្រាត់​ប្រាស​គ្នា បង្ហូរ​ទឹក​ភ្នែក ដូច្នេះ​​កន្សែង​គឺ​តំណាង​ទុក​ជូត​ទឹក​ភ្នែក។ កញ្ញា បញ្ជាក់​ថា៖ "មិត្ត​ប្រុស​ធ្លាប់​ឲ្យ​កន្សែង​ មិត្ត​ខ្ញុំ​ថា​កុំ​យក​ប្រយ័ត្ន​បែក​គ្នា​ប៉ុន្តែ​ខ្ញុំ​អត់​ជឿ ដល់​ហើយ​មាន​អី មិន​យូរ​ប៉ុន្មាន​បែក​គ្នា​មែន​​ណា​បង​ អត់មានឈ្លោះគ្នាអីទេ តែ​សុខ​ៗ​គេ​ដូច​សោះ​អង្គើយ​នឹង​ខ្ញុំ"។

 

 

ស្បែក​ជើង

អំណោយ​នេះ ​តំណាង​ឲ្យ​ការ​ដើរ​ចេញ​ពី​គ្នា មិន​អាច​បន្ត​ទំនាក់​ទំនង​គ្នា​បាន​យូរ​ត​ទៀត។ នេះ​បើ​តាម​ការ​អះ​អាង​របស់ លោក សុ ចិត្រា អាយុ ២៤​ឆ្នាំ​ បុគ្គលិក​នៅ​ហាង​លក់​វ៉ែនតា អុបទិក។ លោក​ថា រឿង​នេះ ​លោក​លឺ​តាម​មិត្តភ័ក្ដិ​តំណាល​ប្រាប់​តាំង​ពី​រៀន​នៅ​វិទ្យាល័យ ដំបូង​មិន​សូវ​ជឿ គិត​ថា​ រឿង​អត់​ប្រយោជន៍ តែ​សង្កេត​យូរ​ទៅ​ៗ ត្រូវ​ខ្លះ​ដែរ។ ដូច​ជា​មិត្តភ័ក្ដិ​លោក​ បាន​ទិញ​ស្បែក​ជើង​ជូន​មិត្ត​ស្រី តែ​ក្រោយ​ប្រហែល​ពីរ​បី​ខែ​មក ក៏​ឈ្លោះ​គ្នា​បែក​បាក់​ទៅ។ ហើយ​មិត្តភ័ក្ដិ​ដែល​លោក​ស្គាល់​ពីរ​បី​នាក់​ផ្សេង​ទៀត ដែល​ធ្លាប់​ជូន​ស្បែក​ជើង​ដល់​សង្សារ​ក៏​បែក​គ្នា​ខ្លះ​ៗ​ដែរ។

 

 

សូមអាន៖ ជំនឿ​ផ្សេងៗ​ទាក់​ទង​បុណ្យ​គ្រិស្តម៉ាស​

 

ទឹក​អប់

អ្នក​មាន​ជំនឿ​ម្នាក់​ទៀត លើ​រឿង​​ជូន​កា​ដូ​ប្រភេទ​ខ្លះ​អាច​ឲ្យ​ស្នេហា​ប្រេះ​ស្រ៊ាំ កញ្ញា តន់ សុ​ដា​លីន អាយុ​១៨​ឆ្នាំ សិស្ស​សាលា​ប៊ែល​ធី និយាយ​ថា​ ទឹកអប់ គេ​តំណាង​ស្នេហា​បាន​ត្រឹម​មួយ​ឆាវ វា​មិន​ស្ថិត​ស្ថេរ ព្រោះ​ក្លិន​ទឹក​អប់​ក្រអូប​បាន​តែ​មួយ​រយៈ​ទេ គេ​ប្រដូច​វា​នឹង​ឥទ្ធិពល​ស្នេហា​ដែរ អាច​ឆាប់​បែក​ចិត្ត ស្រលាញ់​គ្នា​មិន​បាន​យូរ។

 

 

 

នាឡិ​កា

អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ឡុង បូ​ណា អាយុ ២៣ ឆ្នាំ ប្រាប់​ថា រឿង​នាឡិកា​​នេះ ថា​ពិត​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​គូ​ស្នេហ៍​ឈប់​ស្រលាញ់​គ្នា​មែន​នោះ មិន​ច្បាស់​ឡើយតែ​គ្រាន់​ជឿ​តាម​គេ​ខ្លះ​ បូក​ផ្សំ​ការ​សង្កេត​ផង។ ម្យ៉ាង​រឿង​ទិញ​កាដូ​ជា​នាឡិកា​នេះ លឺ​គេ​និយាយ​ប្រាប់​ត​ៗ​គ្នា​មក​យូរ​ហើយ​ថាមិន​ល្អ សូម្បី​ក្នុង​រឿង​សឹង្ហ​បុរី​ក៏​និយាយ​ដែរ។

 

បូ​ណាបន្ថែម​ថា នាឡិកាតំណាង​ស្នេហា​មាន​ព្រំដែន​វេលា​មិន​អាច​បន្ត​បាន​រហូត ព្រោះ​ម៉ោង​វា​មាន​លេខ​ក្រិត​ៗកំណត់​វេលា ដូច្នេះ​បើ​សង្សារ​ជូន​នាឡិកា​ឲ្យ​គ្នា មិន​ខុស​ពី​កំណត់​ថេរ​វេលា​ស្រលាញ់​គ្នា​នោះ​ទេ។

 

 

កាដូ​ទាំង​នេះ គេ​ចៀស​វាង​សម្រាប់​ការ​ទិញ​ជូន​អ្នក​ដទៃតែ​បើ​ទិញ​សម្រាប់​ប្រើ​ខ្លួន​ឯង មិន​មាន​អ្វី​អាក្រក់​នោះ​ទេ។ ប្រភេទ​កាដូ​ទាំង​នេះ គ្រាន់​ជា​ជំនឿ​របស់​យុវវ័យ​ដែល​យល់​ថា​ អាច​មាន​ប្រផ្នូល​មិន​សូវ​ល្អ​សម្រាប់​សម្ព័ន្ធ​ស្នេហា​ដែល​គួរ​តែ​ចៀស​វាង តែ​វា​ជា​ដើម​ហេតុ​ពិត​ប្រាកដ​ធ្វើ​ឲ្យ​ស្នេហា​បាក់​បែក​ឬ​យ៉ាង​ណា Sabay មិន​ទាន់​ហ៊ាន​អះ​អាង​ឡើយ៕

 

សូមអាន៖ មិន​ធ្លាប់​ដឹង​សោះ​ថា​ ពិធី​បុណ្យ​ណូអែល​នៅ​កូរ៉េ​ ខុស​គេ​យ៉ាង​នេះ!

 

មិត្ត​យុវវ័យ​យល់​យ៉ាង​ណា​ដែរ ចំពោះ​អត្ថន័យ​នៃ​កាដូ​ទាំង​បួន​ខាង​លើ?

 

អត្ថបទ៖ សុ​នា

រូបថត៖ បរទេស