ហេតុអ្វីកីឡាករខ្មែរមិនប្រាប់សហព័ន្ធពេលចេញទៅប្រកួតនៅក្រៅប្រទេស?
- 2014-09-30 16:31:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីកីឡាករខ្មែរមិនប្រាប់សហព័ន្ធពេលចេញទៅប្រកួតនៅក្រៅប្រទេស?
ចន្លោះមិនឃើញ
គ្មានឡើយការចំណាយលើថ្លៃឯកសាររដ្ឋបាល ឬឯកសារផ្លូវច្បាប់ផ្សេងៗ ដើម្បីរត់ការសម្រាប់ការចេញទៅប្រកួតនៅក្រៅប្រទេសដូចជា ការទៅប្រកួតនៅប្រទេសថៃ ឬការទៅប្រកួតនៅតំបន់អឺរ៉ុបជាដើម។ នេះជាការលើកឡើងរបស់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា។
លោក តែម ម៉ឺន បានលើកឡើងថា សហព័ន្ធប្រដាល់របស់លោកមិនមានគោលការណ៍ច្បាប់ដូចនៅបណ្ដាប្រទេសដទៃ ដែលតម្រូវឲ្យកីឡាករចែកភាគរយពីតម្លៃខ្លួនពេលចេញទៅប្រកួតនៅខាងក្រៅប្រទេសសម្រាប់សហព័ន្ធ ឬក្លិបប្រដាល់របស់ខ្លួននោះឡើយ។ លោកថា នៅប្រទេសបារាំង និងនៅប្រទេសថៃគេមានគោលការណ៍តម្រូវឲ្យកីឡាករចែកភាគរយទៅឲ្យសហព័ន្ធ និងក្លិបរបស់ខ្លួនក្រោយពេលប្រកួតចប់។
ទាក់ទងនឹងកីឡាករចេញទៅប្រកួតដោយពុំមានសុំការអនុញ្ញាតពីសហព័ន្ធត្រូវបានលោកប្រធានសហព័ន្ធបំភ្លឺថា ភាគីខាងថៃពីមុនធ្លាប់ទាក់ទងមកសហព័ន្ធ តែគេមិនបានទុកពេលឲ្យខាងសហព័ន្ធរបស់លោកគ្រប់គ្រាន់ដើម្បីត្រៀមខ្លួននោះទេ។ ភាគីថៃទាក់ទងមកភ្លាមចង់បានភ្លាម ដូច្នេះខាងសហព័ន្ធមិនអាចធ្វើតាមបានទេ ពីព្រោះវាទាក់ទងនឹងមុនមាត់ប្រទេសជាតិ ហើយក្រោយៗមកខាងថៃចេះតែព្យាយាមទាក់ទងមកកីឡាករដោយផ្ទាល់តែម្ដង។ លោកបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់កម្ពុជានឹងមានវិធានការណ៍បើថៃនៅតែទាក់ទងមកកីឡាករកម្ពុជាដោយផ្ទាល់ទៀតនោះ។
ស្រដៀងគ្នានេះលោកគ្រូ ឈិត សារឹម គ្រូប្រដាល់របស់ក្លិបកងពលធំអន្តរាគមន៍លេខ៣១បានបញ្ជាក់យ៉ាងច្បាស់ថា កីឡាករគ្រប់រូបដែលចេញទៅប្រកួតនៅខាងក្រៅប្រទេសគឺពុំតម្រូវឲ្យបង់ប្រាក់ទៅឲ្យសហព័ន្ធនោះទេ ទាក់ទងនឹងការសុំច្បាប់អនុញ្ញាត។ លោកគ្រូបន្តថា៖ «រឿងកីឡាករចេញទៅប្រកួតនៅខាងក្រៅអត់បានប្រាប់ក្លិប ឬសហព័ន្ធគឺដោយសារតែកីឡាករនោះសេរីពេក អត់យល់ ឬអត់គោរពពីច្បាប់ទម្លាប់»។
ដោយឡែកកីឡាករ ពេជ្រ សីហា បានលើកឡើងថា៖ «កាលពីខ្ញុំចេញទៅប្រកួតនៅថៃ ខាងសហព័ន្ធតម្រូវឲ្យចែកប្រាក់តម្លៃខ្លួនចំនួន ៣ភាគរយ ឲ្យទៅសហព័ន្ធក្រោយពេលត្រឡប់មកពីប្រកួតវិញ ប៉ុន្តែអត់ត្រូវមានចំណាយលើថ្លៃឯកសារអ្វីនោះទេ»។ អ្នកប្រដាល់រូបនេះបន្តថា រឿងកីឡាករចេញទៅប្រកួតនៅខាងក្រៅអត់សុំការអនុញ្ញាតជារឿងរបស់សាមីខ្លួន ហើយសហព័ន្ធនឹងមានវិធានការណ៍តាមនោះ។
កែវ រំចង់ បន្ថែមថា រឿងកីឡាករចេញទៅប្រកួតនៅខាងក្រៅអត់សុំច្បាប់សហព័ន្ធគឺជារឿងរបស់កីឡាករផ្ទាល់ តែយ៉ាងណាត្រូវតែផ្ដល់ដំណឹងដល់សហព័ន្ធដើម្បីឲ្យបានដឹង ជៀសវាងមានបញ្ហាផ្សេងៗ។
ប៉ុន្មានថ្ងៃមុននេះ វង្ស ណយត្រូវបានគេឃើញមានឈ្មោះប្រកួតក្នុងកម្មវិធីប្រដាល់ Max Muay Thai ហើយទាំងសហព័ន្ធ និងគ្រូបង្ហាត់របស់គេអត់បានដឹងទេ។ មិនត្រឹមតែប៉ុណ្ណោះប្រធានសហព័ន្ធបានចាត់ទុក វង្ស ណយជាកីឡាកររមិល ខណៈគ្រូបង្វឹកសុំតែរួចខ្លួនដោយចាត់ទុកថា កីឡាករម្នាក់នេះប្រដៅលែងបាន។
តាមការបញ្ជាក់ខាងលើ សុទ្ធតែបង្ហាញថា បច្ចុប្បន្ននេះកីឡាករប្រដាល់កម្ពុជាដែលចង់សុំច្បាប់ដើម្បីចេញទៅប្រកួតនៅក្រៅប្រទេសគឺមិនមានតម្រូវឲ្យបង់ប្រាក់លើថ្លៃរត់ការឯកសាររដ្ឋបាល ឬផ្លូវច្បាប់ផ្សេងៗនោះទេ ចុះហេតុអ្វីបានជានៅតែមានបញ្ហាកើតឡើងទាក់ទងនឹងកីឡាករកម្ពុជាចេញទៅប្រកួតនៅប្រទេសដោយពុំមានការអនុញ្ញាត។
ទស្សនិកជនវិញយល់យ៉ាងណាដែរចំពោះការចេញទៅប្រកួតនៅក្រៅប្រទេសដោយឥតមានសុំអនុញ្ញាតច្បាប់ត្រឹមត្រូវពីសហព័ន្ធ?
អត្ថបទ៖ អៀង សូទ្រី