រឿងរ៉ាវ​ស្នេហា​រំជួល​ចិត្ត លោក​យាយ​ចាំ​ប្ដី​៧៧ឆ្នាំ ទី​បំផុត​បាន​ជួប​ត្រឹម...

  • 2014-12-18 18:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ស្នេហា​របស់​​លោក​យាយ​​វ័យ​៩៣​ឆ្នាំ​ម្នាក់ បាន​ធ្វើ​ឲ្យ​លេង​បណ្ដាញ​សង្គម​នៅ​ចិន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។ លោក​យាយ​​បាន​ជួប​ស្វាមី​ដែល​ស្លាប់​ក្នុង​សមរភូមិ​កាល​ពី​ឆ្នាំ​៧៧ឆ្នាំ​មុន ប៉ុន្តែ​បាន​ជួប​ត្រឹម​ឈ្មោះ​ដែល​គេ​ចារ​ទុក​ប៉ុណ្ណោះ ក្រោយ​រង់​ចាំ​អស់​រយៈ​ពេល​៧៧ឆ្នាំ។

 

លោកយាយ Zhang Shuying បាន​​ស្គាល់​​ស្វាមី​របស់​ខ្លួន​ គឺ​លោក Zhong Chongxin ដែល​ជា​កងទ័ព​នៅ​ទីក្រុងFuzhou កាល​ពី​៧៩​ឆ្នាំ​មុន ដែល​ពេល​នោះ​​លោក​យាយ​​មាន​អាយុ​ត្រឹម​១៤​ឆ្នាំ​ប៉ុណ្ណោះ។ ​គូ​ស្នេហ៍​​វ័យ​ក្មេង បាន​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ ​និង​បាន​រៀបការ​​​ភ្លាមៗ​នា​ពេល​នោះ។

 

 

រៀប​ការ​​បាន​ត្រឹម​២ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ​១៩៣៧ កងទ័ព​ជប៉ុន​បាន​ចូល​ឈ្លានពាន​ប្រទេស​ចិន​ ហើយ​ស្វាមី​លោក​យាយ​ បាន​ចាកចេញ​ពី​​សៀងហៃ​​ដើម្បី​បំពេញ​តួនាទី​ជា​ទាហាន​ម្នាក់។ លោកយាយ Zhang បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ "គាត់​ស្រាប់​តែ​ឱប​ខ្ញុំ​ពី​ក្រោយ ហើយ​និយាយ​ពី​ថា​លា។ គាត់​បាន​យំ ហើយ​សន្យា​ថា​វិល​ត្រឡប់​មក​វិញ​ដើម្បី​ខ្ញុំ"។ បន្ទាប់​ពី​នោះ​មក ប្ដី​របស់​លោក​យាយ​បាន​រៀប​ចំ​ឥវ៉ាន់​ រួច​ចាកចេញ​ទៅ​តំបន់ Chongqing ដែល​ជា​ការ​ទៅ​មិន​ត្រលប់ ហើយ​ចាប់​ពី​ពេល​នោះ​ហើយ ដែល​លើក​យាយ​ត្រូវ​រង់​ចាំ​​ទន្ទឹង​មើល​ផ្លូវ​ទាំង​អន្ទះសា​រាល់ថ្ងៃ។

 

ពេល​ទៅ​ដល់​សមរភូមិ​ ប្ដី​លោក​យាយ​ធ្លាប់​ទាក់ទង​តាម​ទូរសព្ទ​មក​ម្ដង​ដែរ ហើយ​បន្ទាប់​មក​ក៏​បាត់​ដំណឹង​សូន្យ​ឈឹង​តែ​ម្ដង។ អស់​រយៈពេល​៧​ឆ្នាំ​ លោក​យាយ​​នៅតែ​រង់ចាំ​​ ​ប៉ុន្តែ​​មិន​ឃើញ​ស្រមោល​ស្វាមី​លោក​យាយ​ត្រឡប់​មក​វិញ​ទេ។ ក្នុង​ឆ្នាំ​១៩៤៤​ ​លោក​យាយ​បាន​ជួប​ជាមួយ​ទាហាន​ម្នាក់​​ ហើយ​បាន​ប្រាប់​ថា​​ស្វាមី​របស់​លោក​យាយ​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​បាត់​ហើយ។

 

នៅ​ឆ្នាំ​១៩៤៩ ទោះ​បី​លោកយាយ Zhang បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត​ និង​មាន​កូន​បី​នាក់​ក៏​ដោយ ក៏​លោក​យាយ​នៅ​តែ​ចងចាំ​ និង​​នៅ​តែ​គិត​ពី​​គូ​ស្នេហ៍​ដំបូង​របស់​លោក​យាយ​ជា​និច្ច។ ​ដោយ​សារ​តែ​ស្រលាញ់​ ការ​នឹក​រលឹក​នៅ​តែ​មាន​មិន​ឈប់ ​នៅ​ឆ្នាំ​១៩៨៨​ លោក​យាយ​​បាន​សម្រេចចិត្ត​ប្រាប់​កូនៗ​អំពី​រឿង​រ៉ាវ​ទាំង​អស់​។

 

 

ដោយ​រំជួល​ចិត្ត​នឹង​រឿង​​ស្នេហា​ដ៏​កម្សត់​របស់​ម្ដាយ ​កូនៗ​ទាំងអស់​បាន​ស្វែងរក​កន្លែង​ដែល​គេ​​កប់​សាកសព​ទាហាន។ បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ស្វែង​រក​រាប់​ឆ្នាំ នៅ​ទី​បំផុត​ពួក​គេ​អាច​រក​ឃើញ​ឈ្មោះ​​របស់​លោក​ Zhong ដែល​ស្ថិត​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។ ថ្ងៃ​២២​ វិច្ឆិកា​ថ្មីៗ​កន្លង​ទៅ លោក​យាយ​បាន​ទៅ​ដល់​តៃប៉ិ ដើម្បី​បាន​ជួប​គូស្នេហ៍​ដែល​លោក​យាយ​ចាំ​មិន​ភ្លេច ជា​លើក​ចុង​ក្រោយ។ លោក​យាយ​បាន​ទៅ​កន្លែង​កប់​សាកសព​នោះ​ដល់​ទៅ​៣ដង មុន​ពេល​ចាកចេញ។

 

លោក​យាយ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ខ្ញុំ​យំ​តែ​៣ដង​គត់​ក្នុង​មួយ​ជីវិត​នេះ។ ខ្ញុំ​ប្រហែល​ជា​បាន​ស្គាល់​គាត់​តាំង​ពី​ជាតិ​មុន​មក​ម្ល៉េះ ព្រោះ​រាល់​ពេល​ដែល​ខ្ញុំ​យំ​នោះ​គឺ​សុទ្ធ​តែ​ដើម្បី​គាត់"។ ការ​យំ​ទាំង​៣​ដង​របស់​លោក​យាយ គឺ​លើក​ទី​១​ នៅ​ពេល​ទទួល​ដំណឹង​ពី​ការ​ស្លាប់​របស់​លោកតា​ Zhong ឯ​ទី​២ គឺ​នៅ​ពេល​ទទួល​បាន​រូប​ថត​​លោក​តា​ Zhong​ និង​លើក​ទី​៣ គឺ​នៅ​ពេល​ទៅ​ដល់​ផ្នូរ​របស់​លោក​តា​ Zhong ​នៅ​តៃប៉ិ​នេះ​តែ​ម្ដង៕​

 

ចុច​អាន៖ លោក​យាយ​វ័យ ៨១​ឆ្នាំ ហ៊ាន​លោត​ឆត្រយោង ក្មេង​សុំ​ខ្មាស ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ shanghaiist

អត្ថបទពេញនិយម