កូរ៉េ​ខាង​ជើង​ដាច់​អ៊ីនធឺណិត​ទូទាំង​ប្រទេស ​​សង្ស័យ​​រង​ការ​វាយ​ប្រហារ

  • 2014-12-23 22:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​អ៊ីនធឺណិត​ទូទាំង​កូរ៉េ​ខាង​ជើង​បាន​ដាច់​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​​ រី​ឯ​អ្នក​ជំនាញ​​អះអាង​​ថា​បណ្ដាល​មក​ពី​ការ​វាយ​ប្រហារ​តាម Online។

 

វិបសាយ​​ទាំង​អស់​​រួម​ទាំង​​វិបសាយ​​​សំខាន់​របស់​​​រដ្ឋ​មួយ​ឈ្មោះ Korean Central News Agency (KCNA) នៅ​កូរ៉េ​ខាង​ជើង​លែង​ដំណើរ​ការ​​​​រយៈ​ពេល​៩​ម៉ោង​កន្លះ ហើយ​ថា​ការ​ដាច់​ប្រព័ន្ធ​អ៊ីនធឺណិត​ទូទាំង​ប្រទេស​បែប​​នេះ​អាច​បណ្ដាល​មក​ពី​មាន​ការ​ឈ្លាន​ពាន​ពី​សំណាក់​ Hacker ណា​មួយ​មិន​ខាន​ឡើយ (នេះ​បើ​តាម​ប្រសាសន៍​របស់​​អ្នក​ជំនាញ​ស្រាវ​ជ្រាវ​ការ​វាយ​ប្រហារ​ Online របស់​កូរ៉េខាងជើង​ លោក Doug Madory )។

 

ដោយ​ឡែក​ចំពោះ​​អ្នក​ជំនាញ​ជា​ច្រើន​​របស់​​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​របស់​កូរ៉េខាងជើង​មួយ​ទៀត​​ឈ្មោះ Arbor Networks ​បាន​ឲ្យ​ដឹង​​​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ​ពួក​គេ​បាន​រក​ឃើញ​ការ​លប​វាយ​ប្រហារ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​​ប្រឆាំង​នឹង​​កិច្ច​​ការ​អភិវឌ្ឍ​​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កូរ៉េ​ខាង​ជើង​​​។

 

នេះ​ជា​វិបសាយ​មួយ​របស់​រដ្ឋ (​កូរ៉េ​ខាង​ជើង​) ដែល​ទើប​តែ​ដំណើរ​ការ​ឡើង​វិញ

 

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ប្រព័ន្ធ​អ៊ីនធឺណិត​​បាន​ដំណើរ​ការ​សាឡើងវិញ​​​​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ក្ដី​ ​​វិបសាយ​មួយ​ចំនួន​នៅ​ដំណើរ​ការ​មិន​ទាន់​ស្រួល​បួល​​នៅ​ឡើយ​ទេ ហើយ​​មាន​អ្នក​ប្រើ​ប្រាស់​តិច​តួច​ប៉ុណ្ណោះ​​ដែល​​អាច​ប្រើ​​ប្រាស់​អ៊ីនធឺណិត​បាន​ ក្រោយ​ពេល​ដែល​​ប្រព័ន្ធ​អ៊ីនធឺណិត​ទូទាំង​កូរ៉េ​ខាង​ជើង​បាន​​ត្រឡប់​មក​វិញ​។

 

បើ​​និយាយ​ពី​រឿង​វាយ​ប្រហារ​ Online បែប​នេះ កូរ៉េ​ខាង​ជើង​កំពុង​តែ​រង​ការ​ចោទ​ប្រកាន់​ជា​ខ្លាំង​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ ដោយ​ថា​ប្រទេស​នេះ​ជា​មេខ្លោង​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ផលិតកម្ម​ភាពយន្ត Sony Pictures Entertainment កាល​ពី​ដើម​ខែ​ធ្នូ​នេះ​ តែ​ត្រូវ​កូរ៉េ​ខាង​ជើង​បដិសេធ​៕

 

អាន៖ Sony ​គំរាម​ប្ដឹង​ Twitter រឿង​​​លាត​ត្រដាង​ទិន្នន័យ​ដែល​ Hacker បាន​លួច​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ bbc

អត្ថបទពេញនិយម