ក្រៅពីសិល្បៈ ថៃកំពុងសាបព្រោះរឿងកីឡានៅកម្ពុជា
- 2014-10-01 18:13:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីសិល្បៈ ថៃកំពុងសាបព្រោះរឿងកីឡានៅកម្ពុជា
ចន្លោះមិនឃើញ
រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះខ្សែភាពយន្តថៃបានកំពុងទន្ទ្រានទីផ្សារខ្សែភាពយន្តខ្មែរតាមកញ្ចក់ទូរទស្សន៍នៅរាជធានីភ្នំពេញជាបន្តបន្ទាប់ ប៉ុន្តែនិយាយពីវិស័យកីឡាវិញក៏មិនធម្មតាដែរ ប្រទេសជាប់កម្ពុជាមួយនេះកំពុងវាយលុកយ៉ាងខ្លាំងនៅអាស៊ី ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។
ស្ទើរគ្រប់បណ្ដាប្រទេសទាំងអស់ហើយនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាទ្វីបអាស៊ីទាំងមូលឲ្យតែមានកីឡាករប្រដាល់របស់ខ្លួនចូលរួមប្រកួតនៅតាមបណ្ដាកម្មវិធីធំៗ ពួកគេតែងតែចាត់ទុកថាជាជើងខ្លាំងមួយថៃ(Mauy Thai)។ ជាក់ស្ដែង ព្រឹត្តិការណ៍ប្រដាល់គុនចម្រុះក្នុងទ្រុង One Fighting Championship កីឡាករភាគច្រើនប្រកាសក្ដែងៗថា ខ្លួនជាជើងខ្លាំងMauy Thai។
ថៃជាកន្លែងសំបូរដោយអ្នកលេងក្បាច់គុនជាពិសេសប្រដាល់ក្បាច់គុនសេរី និងប្រដាល់គុនចម្រុះ ប៉ុន្តែលោកអ្នកមានឆ្ងល់ទេថា ហេតុអ្វីថៃមិនអនុញ្ញាតឲ្យកម្មវិធីប្រដាល់ក្នុងទ្រុង One FC ទៅរៀបចំការប្រកួតនៅលើទឹកដីរបស់ពួកគេ?
ទោះបីជាយ៉ាងណារហូតមកដល់ពេលនេះនៅកម្មវិធីមួយនេះនៅមិនទាន់ចូលខ្លួនទៅបានឡើយ។ ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ស្ថាប័នប្រដាល់ One FC កញ្ញា Tammy Chan ធ្លាប់ប្រាប់ Sabay ថា One FC មិនអាចចូលខ្លួនទៅរៀបចំការប្រកួតរបស់ខ្លួននៅប្រទេសថៃបានទេ។ ថៃជាកន្លែងមួយដ៏ពិបាក ហើយប្រកាន់យកនូវគោលការណ៍របស់ខ្លួនយ៉ាងមាំមួន។
លោក មាស សុខគ្រី ជាគ្រូបង្ហាត់ប្រដាល់ និងជាសមាជិកគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជាបានលើកឡើងថា ប្រហែលជាថៃចង់បង្ហាញថា ក្បាច់នេះជារបស់ថៃ ដូច្នេះមិនបាច់ធ្វើការប្រកួតនៅថៃនោះទេ គឺត្រឹមតែហ្វឹកហាត់នៅថៃ ហើយចេញទៅប្រកួតក្រៅប្រទេស ដើម្បីផ្សព្វផ្សាយក្បាច់ប្រដាល់របស់គេក៏ថាបាន។
លោកនិយាយយ៉ាងខ្លីថា ៖«ខ្ញុំមិនចោទគេទេ តែខ្ញុំយល់ថា ប្រហែលជាថៃខ្ចីដាវគេកាប់ដូចការប្រើក្បាច់បុរាណខ្មែរយើងអីចឹងដែរ»។
ផ្ទុយទៅវិញប្រទេសថៃបានកំពុងរៀបចំកម្មវិធីប្រដាល់របស់ខ្លួនធំៗមួយចំនួនសម្រាប់រៀបចំការប្រកួតក្នុងស្រុក និងទៅកាន់បណ្ដាលប្រទេសផ្សេង។ កម្មវិធីប្រដាល់ Thai Fight គឺជាព្រឹត្តិការណ៍ប្រដាល់សេរីដ៏ល្បីរបស់ថៃដែលត្រូវបានប្រកាសថា ជាកម្មវិធីប្រដាល់លំដាប់ពិភពលោកដែលផ្គូផ្គងឲ្យកីឡាករថៃប្រកួតនឹងកីឡាករបរទេសក្នុងនោះក៏មានកីឡាករកម្ពុជាផងដែរដែលចូលរួមការប្រកួត។
កីឡាករកម្ពុជាដែលចូលរួមប្រកួតក្នុងកម្មវិធី Thai Fight ភាគច្រើនស្លៀកពាក់ និងពាក់ខ្សែក្បាលដូចកីឡាករថៃដែរដែលចំណុចនេះបង្ហាញឲ្យឃើញថា កម្ពុជាហាក់គ្មានក្បាច់គុនប្រដាល់ផ្ទាល់ខ្លួនទេដែលប្រៀបដូចជាកីឡាករខ្មែរយកក្បាច់គុនរបស់ថៃទៅប្រកួតវិញ។
លើសពីនេះថៃក៏មានកម្មវិធីប្រដាល់សេរីដ៏ល្បីមួយទៀតគឺ Max Muay Thai ដែលមានកីឡាករខ្មែរចូលរួមប្រកួតដែរគឺថ្ងៃទី៥ ខែតុលា ខាងមុខនេះ វង្ស ណយ ប្រកួតនឹងកីឡាករថៃ។ កម្មវិធីនេះក៏ត្រូវបានគេស្គាល់ថាជាព្រឹត្តិការណ៍ប្រដាល់សេរីពិភពលោកដែលប្រជុំដោយជើងខ្លាំងប៉ះកីឡាករបរទេស។
និយាយពីកម្ពុជាវិញរហូតមកដល់ពេលនេះគ្មានកម្មវិធីប្រដាល់ជាក់លាក់ណាមួយដែលផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យគេស្គាល់ថាជាក្បាច់គុនមរតកខ្មែរឡើយ ក្រៅតែពីប្រដាល់ប្រចាំសប្តាហ៍តាមស្ថានីយទូរទស្សន៍ក្នុងស្រុកក្នុងគោលបំណងស្វែងរកប្រាក់ចំណេញតែប៉ុណ្ណោះ។ លើសពីនេះ កីឡាករខ្មែរមួយចំនួនឡើងប្រកួតនៅសង្វៀនតាមទូរទស្សន៍ក្នុងរាជធានីភ្នំពេញក៏ស្លៀកខោប្រដាល់របស់ថៃថែមទៀត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កីឡាករខ្មែរម្នាក់គឺ សំអាង ឌុន នឹងទៅហ្វឹកហាត់ក្បាច់គុនចម្រុះនៅក្លិប Tiger Muay Thai & MMA Training Camp ក្នុងខេត្តភូកេតប្រទេសថៃដោយមានការឧបត្ថម្ភទាំងស្រុងពីណាហ្គាវើល។ កីឡាករកម្ពុជាម្នាក់នេះមានឱកាសបានទៅដោយសារឈ្នះជើងឯក Grand Prix ក្រោយឈ្នះចាន់ រតនាក្នុងព្រឹត្តិការណ៍ Rise of the Kingdom កាលពីថ្ងៃទី១២ ខែកញ្ញា។
និយាយជារួមប្រទេសថៃពិតជាឆ្លាតក្នុងការផ្សព្វផ្សាយក្បាច់គុនប្រដាល់របស់ខ្លួនទាំងប្រដាល់សេរី និងក្បាច់គុនចម្រុះឲ្យពិភពលោកទទួលស្គាល់ដែលរហូតធ្វើឲ្យកីឡាករមកពីប្រទេសជាច្រើនលើពិភពលោកក្នុងនោះមានកីឡាករកម្ពុជារៀនសូត្រតាម៕
អត្ថបទ៖ ជាន ចាន់រ៉ា