ចំណាប់​ខ្មាំង​មួយ​ចំនួន​ត្រូវ​ពលី ខណៈ​ជន​សង្ស័យ​ត្រូវ​បាញ់​សម្លាប់​នៅ​ប៉ារីស

  • 2015-01-10 16:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​សង្ស័យ​ពីរ​នាក់​បង​ប្អូន ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​រះ​សម្លាប់​រង្គាល​នា​ការិយាល័យ​កណ្ដាល​ទស្សនាវដ្ដី Charlie Hebdo និង​ខ្មាន់​កាំ​ភ្លើង​ម្នាក់​ទៀត ត្រូវ​ប៉ូលិស​បាញ់​សម្លាប់កាល​ពី​ម្សិល​មិញ ប៉ុន្តែ​ជា​អកុសល​ចំណាប់​ខ្មាំង​បួន​នាក់​ក៏​បាន​បាត់​បង់​ជីវិត​ក្នុង​ហេតុការណ៍​នោះ​ដែរ។

 

 

ការ​បង្ក្រាប​ក្នុង​ទីតាំង​ដែល​មាន​ការ​ចាប់​ចំណាប់​ខ្មាំង​ពីរ​ផ្សេង​គ្នា នៅ​ភាគ​ខាង​កើត​ក្រុង​ប៉ារីស កម្លាំង​បង្ក្រាប​ភេរវកម្ម បាន​បាញ់​សម្លាប់​ខ្មាន់​កាំ​ភ្លើង​បី​នាក់។ នៅ​ទីតាំង​ទីមួយ ខ្មាន់​កាំភ្លើង​ពីរ​នាក់​បង​ប្អូន​ដែល​មាន​ចំណាប់​ខ្មាំង​ម្នាក់​ក្នុង​ដៃ បាន​ចេញ​មក​ក្រៅ​អគារ រួច​បើក​ការវាយប្រហារ​ទៅ​លើ​ប៉ូលិស។ បន្ទាប់​មក​កម្លាំង​ប៉ូលិស​ក៏​បាញ់​តបត​វិញ​រហូត​ដល់​ផ្ដាច់​ជីវិត​ជន​ល្មើស​ទាំង​ពីរ​នាក់​នៅ​ឃ្លាំង​ទំនិញ​មួយ​ ខណៈ​ប៉ូលិស​ពីរ​នាក់​ក៏​រង​របួស​នៅ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​នោះ​ដែរ។ ចំណែក​ឯ​ចំណាប់​ខ្មាំង ត្រូវ​រំដោះឲ្យ​​រួចខ្លួន​ដោយ​សុវត្ថិភាព។

 

ទីតាំង​ទី​ពីរ នៅ​​ផ្សារ​ទំនើប Kosher ខ្មាន់​កាំ​ភ្លើង​ម្នាក់​ដែល​មាន​ចំណាប់​ខ្មាំង​មួយ​ចំនួន​ក្នុង​ដៃ ត្រូវ​ប៉ូលិស​បាញ់​ស្លាប់ ខណៈ​ចំណាប់ ៤​នាក់​ក៏​ត្រូវ​បាត់បង់ជីវិត​ដូច​គ្នា។ ​មន្ត្រី​ប៉ូលិស​ជឿជាក់​ថា ចំណាប់​ខ្មាំង​ត្រូវ​បាន​ជន​ល្មើស​បាញ់​សម្លាប់​តាំង​ពី​មុន​ការ​បាញ់​ប្រហារ​គ្នា​ម្ល៉េះ។ ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ស្លាប់​របស់​ចំណាប់​ខ្មាំង កំពុង​ធ្វើ​ឡើង។ ចំណាប់​ខ្មាំង ៤​នាក់​ផ្សេង​ទៀត រង​របួស​ធ្ងន់ធ្ងរ ១៥​នាក់​ត្រូវ​គេ​ជួយ​សង្គ្រោះ ហើយ​ប៉ូលិស​ពីរ​នាក់​ក៏​រង​របួស​ផង​ដែរ។ ​

 

ប្រតិបត្តិការ​នេះ​បាន​ចាប់​ផ្ដើម ក្រោយ​ការ​ឡោម​ព័ទ្ធ​ដ៏​តានតឹង​នៅ​ឃុំ Dammartin-en-Goele ៣៥​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ក្រុង​ប៉ារីស​បាន​បញ្ចប់។ សរុប​ជា​រួម ជន​សង្ស័យ​បី​នាក់ ត្រូវ​បាញ់​សម្លាប់ ដែល​ក្នុង​នោះ មាន​ពីរ​នាក់​ជា​បង​ប្អូន​បង្កើត​​ ឈ្មោះ Said Kouachi និង Cherif Kouachi ​អាយុ​ខ្ទង់​ជាង ៣០​ឆ្នាំ ហើយ​ម្នាក់​ទៀត​ឈ្មោះ Amedy Coulbaly។ ចំណែក​ឯ​ចំណាប់​ខ្មាំង បាន​បាត់​បង់​ជីវិត ៤​នាក់ និង​រង​របួស​មួយ​ចំនួន៕ ​

 

 

 

 

 

http://youtu.be/tvRdtepdl8I

 

ចុចអាន៖ ផ្ទុះ​អាវុធ​លើក​ទី៣ នៅ​ប៉ារីស ខណៈខ្មាន់​​កាំភ្លើង​កំពុង​គេច​ខ្លួន

 

ដោយ​៖ គង់ វិសាល ប្រភព៖ BBC