Falcao ​អាច​នឹង​ចេញ​ពី​ Man Utd ពេល​ចប់​រដូវ​កាល​នេះ

  • 2015-01-14 16:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Radamel Falcao ​អាច​នឹង​ចាកចេញ​ពី​ក្រុម Manchester United ​នៅ​ពេល​ចប់​រដូវ​កាល​នេះ ហើយ​មិន​ទៅ​លេង​នៅ​ Monaco ​វិញ​នោះ​ទេ ពោល​គឺ​​​អាច​នឹង​ទៅ​ក្លិប​ដែល​ល្បី​ជាង​បិសាច​ក្រហម​ទៅ​ទៀត។ នេះ​​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​របស់​កីឡាករ​កូឡុំប៊ី​​រូប​នេះ។

 

 

លោក Jorge Mendes ​ដែល​ជា​ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ ​Falcao ​បាន​និយាយ​ពី​អនាគត​របស់​កីឡាករ​ជម្រើស​ជាតិ​កូឡុំប៊ី​រូប​នេះ​ថា ទៅ​ថ្ងៃ​មុខ​ទៅ​គ្មាន​នរណា​ដឹង​ពី​អនាគត​នោះ​ទេ ប៉ុន្តែ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​មិន​ទៅ​លេង​នៅ​ក្លិប Monaco ​វិញ​ឡើយ។ បន្ថែម​ពី​លើ​នេះ លោក Mendes ​បាន​បន្ត​ថា៖ “វា​​ជា​រឿង​ពិបាក​ទទួល​យក​ដែរ សម្រាប់​អ្នកគាំទ្រ​បិសាច​ក្រហម​ ខណៈ​ដែល​មាន​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​ទៅ​ហើយ តែ​បែរ​ជា​មិន​យក​នោះ។ អ្វី​ដែល​ខាង​ខ្ញុំ​ដឹង​ច្បាស់​នា​ពេល​នេះ​នោះ​គឺ​ Falcao ​នឹង​ចុះ​កុងត្រា​លេង​ជាមួយ​ក្លិប​ខ្លាំង​ល្អ​ជាង​គេ​លើ​លោក​ពេល​ចប់​រដូវ​កាល​នេះ តែ​មិន​ទាន់​ច្បាស់​ថា​ជា Manchester United ​ឬ​អត់​នោះ​ទេ”។

 

 

យ៉ាង​ណា​មិញ ចំពោះ​រឿង​នេះ​ដែរ លោក Van Gaal ​អ្នក​ចាត់​ការ​ក្រុម Man Utd ​ក៏​បាន​និយាយ​ដែរ​ថា ប្រសិន​បើ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Atletico Madrid ​រូប​នេះ​ចង់​លេង​ឱ្យ​បាន​៩០​នាទី​ និង​ជាប់​ជម្រើស​ដំបូង​នោះ​ រូប​គេ​ត្រូវ​តែ​ប្រឹង​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​ និង​ព្យាយាម​ដោយ​ខ្លួន​ឯង​ដើម្បី​បង្ហាញ​ថា​​ខ្លួន​​ពិត​ជា​កីឡាករ​ម្នាក់​ដែល​ក្រុម​ត្រូវ​ការ​មែន។

 

 

លោក Van Gaal ​បាន​ខ្ចី​ជើង​ Falcao ​ពី​ក្រុម Monaco ​មួយ​រដូវ​កាល​ក្នុង​តម្លៃ​ខ្លួន​៦​លាន​ផោន ​(៩​លាន​ដុល្លារ​អាមេរិក) ខណៈ​ដែល​ពាក់​កណ្ដាល​រដូវ​កាល​នេះ​ទៅ​ហើយ​ រូប​គេ​អាច​ជួយ​ក្រុម​រក​គ្រាប់​បាល់​បាន​តែ​៣​គ្រាប់​ប៉ុណ្ណោះ។ នេះ​ជា​មូលហេតុ​ដែល​បាន​ធ្វើ​ឱ្យ​អតីត​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ ​ពិបាក​នឹង​សម្រេច​ចិត្ត​ទិញ​យក​ខ្សែប្រយុទ្ធ​ខាង​លើ​នេះ​ឬ​ក៏​អត់។ មួយ​វិញ​ទៀត​នោះ ប្រសិន​បើ​បិសាច​ក្រហម​ចង់​ទិញ​យក​រូប​គេ​ដាច់​តែ​ម្ដង​នោះ​គឺ​ត្រូវ​ចំណាយ​ដល់​ទៅ​៤០​លាន​ផោន (៦០,៦​លាន​ដុល្លារ​អាមេរិក) ​ឯ​ណោះ ទើប​ក្លិប Monaco ​ព្រម​លក់៕

 

ចុចអាន៖ Falcao ​ថា​ចង់​​បន្ត​នៅ​ Man Utd ខ្លាំង​ណាស់

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ BBC