អាថ៌កំបាំង​តារាៗ​ធ្វើ​ខួប​កំណើត ឡើង​ផ្ទះ​អស់​​ពាន់​​ម៉ឺន​ដុល្លារ

  • 2015-01-22 12:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱ្យ​តែ​មាន​ខួប​កំណើត ឬ​ឡើង​ផ្ទះ ​តារា​ៗ​​តែង​ប្រាប់​ថា​ ពួកគេ​ចំណាយ​ប្រាក់​អស់​ពាន់​ម៉ឺន​ដុល្លារ​ពេល​ធ្វើ​កម្មវិធី​​ម្ដងៗ​ក៏ប៉ុន្តែ​​អាថ៌កំបាំង​មួយ​បាន​ទម្លាយ​ថា តារា​​ធ្វើ​កម្មវិធី​ម្ដងៗ​អស់​ប្រាក់​តិច​​តួច​ប៉ុណ្ណោះ។ ពេល​ខ្លះ​សឹងតែ​មិន​អស់​លុយ​ទេ ថែម​ទាំង​បាន​លុយ​ទៀត​ផង ពេល​​មាន​អ្នក​ Sponsor  ពី​ក្រោយ។

 

អាថ៌កំបាំង​​ត្រូវ​បាន​ទម្លាយ​ដោយ​តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់ តែងតែ​មាន​វត្តមាន​មិន​ចេះ​ដាច់​​ ក្នុង​​កម្មវិធី​ខួប​កំណើត ឬ ​ឡើង​ផ្ទះ​សិល្បករ សិល្បការិនី​ម្ដងៗ។

 

​ប្រភព​សុំ​មិន​បញ្ចេញ​​អត្តសញ្ញាណ​​ប្រាប់​ថា៖ "ខ្ញុំ​គិត​ថា​អាច​អស់​រាប់​ពាន់​ម៉ឺន​ដុល្លារ​អ៊ីចឹង​មែន​បង តែ​មិន​មែន​លុយ​ហោប៉ៅ​គាត់​ទាំង​អស់​ឡើយ។ ទីតាំង​ ភេសជ្ជៈ ស្រា​អី​ជា​ដើម​ជួន​កាល​គេ​បញ្ចុះ​តម្លៃ ឬ​ឱ្យ​ Free ​តែ​ម្ដង។ មាន​តារា​ខ្លះ​មិន​អស់​លុយ ហើយ​​ថែម​​ទាំង​បាន​លុយ​ទៀត ព្រោះ​មាន​អ្នក​ Sponsor ពី​ក្រោយ"។​

 

 

សិល្បករ សិល្បការិនី​ចូល​រួម​កម្មវិធី​ជប់លៀង​កាល​ពី​ពេល​ថ្មីៗ

 

ប្រភព​បន្ត​ថា ប្រសិន​បើ​ការ​ធ្វើ​កម្មវិធី​ម្ដងៗ សិល្បករ សិល្បការិនី​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​អស់​រាប់​ពាន់​ម៉ឺន​ដុល្លារ​មែន គឺ​ ពួកគេ​មិន​ធ្វើ​ឡើយ ព្រោះ​​ពេល​រៀប​ចំ​កម្មវិធី​​ឡើង​ផ្ទះ ដូច​ជា ​ខួប​កំណើត​ តារាៗ​តែងតែ​រក​អ្នក​ Sponsor  ពី​ក្រោយ​​បាន​សិន​ទើប​សម្រេចចិត្ត​​​ធ្វើ។ បើ​រក​មិន​បាន​ទេ គឺ​មិន​ធ្វើ​ឡើយ ដោយ​ពួកគេ​ម្នាក់ៗ​មិន​​ងាយ​នឹង​ជះ​លុយ​រាប់​ម៉ឺន​ដុល្លារ​ទទេ​ឡើយ ខណៈ​ការ​រក​ប្រាក់​ពី​សកម្មភាព​​សម្ដែង​ ការ​ថត​ចម្រៀង ឬ​ខ្សែ​ភាពយន្ត​ជា​ដើម​ទទួល​ចំណូល​តិចតួច​ប៉ុណ្ណោះ។

 

នៅ​ពេល​ចោទ​សួរ​ថា​តើ​អ្វី​នៅ​ក្រោយ​ការ​អះអាង​របស់​តារា​ម្នាក់ៗ​ពេល​ធ្វើ​ខួប​កំណើត ឬ​ឡើង​ផ្ទះ​ តែង​និយាយ​ថា​អស់​ពាន់​ម៉ឺន​ដុល្លារ។ ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​ប្រាប់​ថា ការ​បង្ហាញ​តួលេខ​ម៉ឺនៗ​ដុល្លារ​ពី​តារា​នានា​ទៅ​កាន់​ក្រុម​អ្នក​កាសែត ឬ​អ្នក​សិល្បៈ​ដូច​គ្នា​គឺ​ដើម្បី​​​បង្ហាញ​ឱ្យ​​អ្នក​ដទៃ​កោត​សរសើរ និង​ចង់​បាន​ភាព​ល្បីល្បាញ។​

 

បន្ថែម​ពី​នេះ​កញ្ញា​លើក​ឡើង​ថា​​ ​ចំណូល​ទទួល​បាន​​ពី​ការ​ចង​ដៃ​របស់​ មិត្ត​សិល្បករ ​សិល្បការិនី​នា​នា​ថ្ងៃ​ខួប​កំណើត ឬ​ឡើង​ផ្ទះ តារា​ខ្លះ​​បាន​ដាក់​ក្នុង​ហោប៉ៅ​ស្រួល​ដោយ​មិន​មាន​ខាត​បង់​អ្វី​ឡើយ ខណៈ​មាន​​អ្នក​ឧបត្ថម្ភ​​ចេញ​ការ​ចំណាយ​រួចរាល់​ហើយ។ យ៉ាង​ណា​ក៏​ដោយ​តារា​ជា​ម្ចាស់​ខួប មិន​ដែល​ប្រាប់​ថា ​មាន​អ្នក​ជួយ​ Sponsor ពី​ក្រោយ​ទេ គឺ​ជា​លុយ​ហោប៉ៅ​ផ្ទាល់​ខ្លួន​ពួកគេ។

 

ទោះ​ជា​បែប​នេះ​ក្ដី អេឡិច ច័ន្ទត្រា ក្នុង​ពិធី​ខួប​កំណើត​​កាល​ពី​ពេល​ថ្មីៗ​លោក​ធ្លាប់​​ប្រាប់ Sabay ​ថា កម្មវិធី​ខួប​កំណើត​របស់​ខ្លួន​​​ចាយ​​ប្រាក់​អស់​ជិត ៧​ ពាន់​ដុល្លារ។ ការ​ធ្វើ​ខួប​នោះ​លោក​​អះអាង​ថា​ គឺ​ចាយ​លុយ​ផ្ទាល់​ខ្លួន​ មិន​មាន​អ្នក​ជួយ​ឧបត្ថម្ភ​ពី​ក្រោយ​ឡើយ។​ លោក​ថែម​ទាំង​ប្រាប់​​ខួប​គម្រប់​វ័យ ២៨​ឆ្នាំ មិន​រំពឹង​បាន​ចំណូល​មក​វិញ​ទេ គឺ​ធ្វើ​ឡើង​ដើម្បី​ជួបជុំ​មិត្តភ័ក្ដិ​សប្បាយ​រីករាយ​តែ​ប៉ុណ្ណោះ។

 

​ដូច​គ្នា​​នេះ​ដែរ​ លោក យ៉ែម​ សំអូន ធ្វើ​ពិធី​ឡើង​វិឡា​ថ្មី​តម្លៃ​ជិត ២០​ ម៉ឺន​ដុល្លារ​​នា​ពេល​កន្លង​ទៅ​ក៏​បាន​ប្រាប់​ថា លោក​ចំណាយ​លុយ​​ផ្ទាល់​ខ្លួន​ជាង ១​ម៉ឺន​ដុល្លារ​ដើម្បី​ឡើង​វិឡា​ថ្មី​របស់​ខ្លួន។

 

តារា​ចម្រៀង​រូប​នេះ​ក៏​អះអាង​មិន​ខុស​ពី​ អេឡិច ច័ន្ទ​ត្រា ឡើង​គឺ​ធ្វើ​ឡើង​មិន​រំពឹង​បាន​ចំណង​ដៃ​មក​វិញ​​ឡើយ គឺ​គ្រាន់​តែ​ចង់​ជួបជុំ​មិត្តភ័ក្ដិ​ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល និង​រីករាយ​តែ​ប៉ុណ្ណោះ។

 

បើ​ទោះ​ជា​បែប​នេះ​កម្មវិធី​ខួប​កំណើត និង​ឡើង​ផ្ទះ​តារា​ទាំង​ពីរ​ខាង​លើ​ត្រូវ​គេ​ដឹង​មាន​ក្រុមហ៊ុន​ស្រា និង​ក្រុមហ៊ុន ភេសជ្ជៈ​​ជួយ​ឧបត្ថម្ភ​ពី​ក្រោយ ធ្វើ​ឱ្យ​ការ​ចំណាយ​​អស់​តិច​ជាង​ការ​លើក​ឡើង។

 

 

 

អានអត្ថបទបន្ត៖ អ្នក​សិល្បៈ​ផ្ញើ​សារ រំលែក​ទុក្ខ​​មរណភាព​កូន​ប្រុស​​អធិរាជ​

អានអត្ថបទបន្ត៖ គ្រឹះ​​ដ៏​​រឹង​មាំ ​​៦ យ៉ាង ព្រាប សុវត្ថិ នៅ​តែ​​មាន​​ប្រជាប្រិយភាព​​ខ្ពស់​​ពី​​មហាជន

អានអត្ថបទបន្ត៖ ផលិតកម្ម​ បុប្ផា ថត​ MV ជាង ៨០ បទ​ ត្រៀម​លក់​រដូវ​ចូល​ឆ្នាំ

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី