ជក់​​លេង​ Facebook ខ្លាំង​​​ពេក អាច​​​ឱ្យ​​​​​​អ្នក​​កើត​​​ចិត្ត​​ច្រណែន​ ​និង​​មាន​​ជំងឺ​​ផ្លូវ​​ចិត្ត​​ធ្ងន់​ធ្ងរ​​

  • 2015-02-06 16:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យកចិត្តទុកដាក់​ខ្លាំង​ពេក​ទៅ​លើ​អ្វី​ដែល​មិត្ត​ភ័ក្តិ​​បាន​បង្ហោះ​លើ Facebook អាច​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ។

 

អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​ជក់​លេង Facebook ហួស​ហេតុ​ពេក ​ជា​ពិសេស​គឺ​ការ​ឧស្សាហ៍​អាន​ឬ​មើល​ Status ផ្សេង​ៗ​របស់​មិត្ត​ភ័ក្តិ​ ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ច្រណែន ហើយ​យូរ​ៗ​ទៅ​ធ្វើ​ឱ្យ​​បាក់​ទឹក​ចិត្ត​​ទៅ​វិញ។ ​​

 

 

លោក​ស្រី​ Margaret Duffy ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​នៅ​សកលវិទ្យាល័យ Missouri ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា "យើង​បាន​រក​ឃើញ​ថា ​ប្រសិន​បើ​អ្នក​លេង​ Facebook ប្រឈម​នឹង​ការ​ច្រណែន​ទៅ​លើ​សកម្មភាព​ផ្សេង​ៗ​ ដែល​មិត្ត​ភ័ក្តិ​របស់​គេ​បាន​បង្ហោះ​ ពួក​គេ​នឹង​​អាច​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​មួយ​គឺ ការ​បាក់​ទឹក​ចិត្ត​”។

 

លោក​ស្រី​បាន​បន្ថែម​ថា Facebook អាច​នឹង​​ផ្តល់​ផល​វិជ្ជមាន​ចំពោះ​មនុស្ស​មួយ​ចំនួន តែ​បើ​សិន​ជា​វា​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​សមិទ្ធផល ឬ​ភាព​ជោគជ័យ​ផ្សេង​ៗ​របស់​បុគ្គល​ខ្លះ​ ដើម្បី​បង្អួត​អ្នក​ដទៃ នោះ​វា​នឹង​នាំ​ឱ្យ​មាន​ផល​អវិជ្ជមាន​ទៅ​វិញ។ ​

 

ការ​សិក្សា​បាន​ពិសោធ​​សិស្ស​ក្នុង​មហាវិទ្យាល័យ Missouri​​ ចំនួន ៧៣៦នាក់​ ដែល​បាន​ប្រើ Facebook ជា​មធ្យម​ពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ សិស្ស​ទាំង​អស់​ត្រូវ​បាន​សួរ​សំនួរ​​មួយ​ចំនួន (នៅ​ក្នុង​ក្រដាស​ស្ទង់​មតិ)​ ដើម្បី​ឱ្យ​ដឹង​ថា​តើ​ពួក​គេ​យល់​ស្រប​ប៉ុណ្ណា​ និង​មាន​ប្រតិកម្ម​យ៉ាង​ម៉េច​ខ្លះ​ ​ស្រដៀង​គ្នា​ទៅ​​នឹង​ប្រយោគ​បង្ហាញ​ពី​អារម្មណ៍​ច្រណែន​​ ដូចជា ​ "ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូចជា​អន់​ជាង​អ្នក​ដទៃ" ឬ "វា​ហាក់​បី​ដូចជា​មិន​យុត្តិធម៌​ទេ​ ដែល​មនុស្ស​មួយ​ចំនួន​ហាក់​ដូចជា​មាន​ភាព​រីករាយ​គ្រប់​ពេល​វេលា​នោះ"។ ​

 

អាន៖ ផល​អាក្រក់​ចំពោះ​សុខភាព​ទាំង​៦​ដោយ​សារ​វិទ្យុសកម្ម​ WiFi និង​ 4G/LTE​

 

 

បន្ទាប់​មក​សិស្ស​ទាំង​នោះ​បាន​ឆ្លើយ​តប​នឹង​ប្រយោគ​ខាង​លើ​​ ជាមួយ​នឹងប្រយោគ​​​បាក់​ទឹក​ចិត្ត​ដូច្នេះ​ថា "ខ្ញុំ​ត្រូវ​បាន​រំខាន​ដោយ​រឿង​មួយ​ចំនួន ដែល​ធម្មតា​វា​មិន​ដែល​រំខាន​ខ្ញុំ​ទាល់​តែ​សោះ" និង​ប្រយោគ "ខ្ញុំ​និយាយ​តិច​ជាង​​រាល់​ដង"។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ខណៈ​ពួក​គេ​មាន​អារម្មណ៍​ច្រណែន​ ហើយ​នាំ​ឱ្យ​មាន​ការ​បាក់​ទឹក​ចិត្ត​ដូច្នេះ​ គឺ​ដោយ​សារ​តែ​ពួក​គេ​បាន​ប្រៀប​ធៀប​ជីវិត​របស់​ខ្លួន​ទៅ​នឹង​រូបថត​រីករាយ ឬ​​ភាព​ហ៊ឺហា​របស់​មិត្ត​ភ័ក្តិ​ក្នុង​ Facebook ​។ ​

 

យ៉ាង​ណា​ក៏​ដោយ​លោក​ស្រី Duffy បាន​ប្រាប់​ទៅ​សារព័ត៌មាន​ Huffington Post ថា​ លទ្ធផល​នៃ​ការ​សិក្សា​នេះ​មិន​មែន​បាន​ន័យ​ថា​អ្នក​លេង Facebook ​នឹង​ជួប​បញ្ហា​ផ្លូវ​ចិត្ត​តែ​ទាំង​អស់​នោះ​ទេ។ អ្នក​លេង​បណ្តាញ​សង្គម​ទាំង​អស់​អាច​នឹង​ចៀស​ផុត​ពី​បញ្ហា​ផ្លូវ​ចិត្ត​មួយ​នេះ ប្រសិន​បើ​ពួក​គេ​មាន​ការ​គិត​ពិចារណា​ត្រឹមត្រូវ ​អំពី​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​លើ​ Facebook។ ​​

 

សាស្ត្រាចារ្យ​មួយ​រូប​ទៀត​ឈ្មោះ Edson Tandoc និយាយ​ជា​ចុង​ក្រោយ​ថា "អ្នក​ប្រើ​ប្រាស់​ទាំង​អស់​គួរ​​​យល់​​ថា​​​ ការ​បង្ហាញ​ពី​ខ្លួន​ឯង​ក្នុង​ផ្លូវ​វិជ្ជមាន​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​សំខាន់ ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​"។ លោក​បាន​បន្ត​ទៀត​ថា​ ការ​យល់​ពី​ខ្លួន​ឯង​ និង​មាន​ក្តី​សង្ឃឹម​កាន់​តែ​ច្រើន អាច​នឹង​ធ្វើ​ឱ្យ​​ចិត្ត​​លុប​បំបាត់​ចិត្ត​ច្រណែន​មិន​ខាន៕ ​​

 

អាន៖ ផល​ប៉ះពាល់​នៃ​វិទ្យុសកម្ម​ មិន​​អាច​​មើល​​រំលង​​​​ ការ​ពារ​​ដោយ​​របៀប​ណា?

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ huffingtonpost

អត្ថបទពេញនិយម