មាន​ សូនីតា មិន​ចាប់​អារម្មណ៍​ធ្វើ​ខួប​កំណើត​ធំ​ដុំ​ដូច​តារា​ផ្សេង

  • 2015-02-10 17:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន សូនីតា និយាយ​ថា​ នាង​មិន​ចាប់​អារម្មណ៍​ធ្វើ​ខួប​កំណើត​ធំ​ដុំ ហ៊ឹកហ៊ាក់​ដូច​តារា​ដទៃ​ទេ ព្រោះ​មិន​សូវ​ចូល​ចិត្ត ហើយ​ខ្លាច​គេ​អន់​ចិត្ត​នៅ​ពេល​​ទទួល​មិន​បាន​ដិតដល់។ នាង​លើក​ឡើងបែប​នេះ គឺ​ស្រប​ពេល​ដែល​ថ្ងៃ​​ទី ១០ កុម្ភៈ​នេះ គឺជា គម្រប់​ខួប​​វ័យ ២៥ ឆ្នាំ របស់​នាង។

 

កញ្ញា​ប្រាប់​ Sabay ថា៖ "ដូច​បង​ដឹង​ស្រាប់​ហើយ​តាំង​ពី​ដើម​មក​ខ្ញុំ​ធ្លាប់​ធ្វើ​ខួប​កំណើត​ធំ​ដូច​គេ គឺ​អត់​ទេ មក​ពី​ខ្ញុំ​មិន​សូវ​ចូលចិត្ត​កម្មវិធី​ធំ​ដុំ​អ៊ីចឹង​ទេ។ មួយ​ទៀត​ខ្ជិល​ណាស់​បង​ព្រោះ​បើ​យើង​ទទួល​គេ​មិន​ល្អ​ច្បាស់​ណាស់​គេ​និយាយ​ដើម​យើង​ពេញ​ហ្នឹង​ឥឡូវ​ហើយ"។

 

 

មាន សូនីតា ចូល​រួម​កម្មវិធី​សិល្បៈ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ

 

តារា​សម្ដែង​រូប​នេះ​បន្ត​ថា មិន​មែន​មក​ពី​ខ្វះ​ថវិកា​ទេ នាំ​ឱ្យ​នាង​មិន​ធ្វើ​ខួប​កំណើត​ធំៗ​ដូច​ជា​​តារា​មួយ​ចំនួន។ កត្តា​ចំណង​នាង​មិន​ចង់​ខ្ជះខ្ជាយ​ពេល​វេលា និង​ ថវិកា​ឥត​ប្រយោជន៍ ធ្វើ​ខួប​ឱ្យ​មហាជន​កោត​សរសើរ ឬ​ក៏​ចាប់​អារម្មណ៍។

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន សូនីតា អះអាង​ថា ​នៅ​ថ្ងៃ​នេះ​ កញ្ញា នឹង​ធ្វើ​ខួប​ជា​លក្ខណៈ​តូច​ល្មម​មួយ ជា​មួយ​ក្មេង​កំព្រា​ក្នុង​អង្គការ លើក​ស្ទួយ​ប្រជាពលរដ្ឋ ស្ថិត​នៅ​ម្ដុំ​គំនរ​សំរាម​ ស្ទឹង​មាន​ជ័យ ដែល​នាង​ធ្លាប់​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​ក្នុង​អង្គការ​នេះ​ កាល​ពី​ពេល​​ថ្មីៗ​កន្លង​ទៅ។

 

តារា​ម៉ូដែល និង​ជា​តារា​សម្ដែង​គម្រប់​វ័យ ២៥​ឆ្នាំ​ខាង​លើ​ ចាត់​ទុក​ការ​ធ្វើ​ខួប​កំណើត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូចតាច​ជា​មួយ​ក្មេង​កំព្រា ដោយ​មាន​អំណោយ​​មួយ​ចំនួន​យក​ជូន​​ក្មេងៗ​មិន​មាន​ឪពុក​ម្ដាយ គឺ​ជា​រឿង​មួយ​ប្រសើរ​ជាង យក​លុយ​ទាំង​ដុលៗ​ធ្វើ​ខួប​​ធំ​គ្មាន​អនុស្សាវរីយ៍​ជាប់​ខ្លួន។

 

“ធ្វើ​ខួប​តូចតាច​ជា​មួយ​ក្មេងៗ​កំព្រា​ស្ងប់ស្ងាត់ មិន​សប្បាយ​ដូច​តារា​ដទៃ​ទៀត​គេ​ធ្វើ​ខួប​ធំ​ដុំ​ក៏​ពិត​មែន ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត ហើយ​មាន​អនុស្សាវរីយ៍​​មួយ​ជីវិត​ជា​មួយ​ពួកគាត់"។ មាន សូនីតា បន្ថែម។

 

កញ្ញា មាន សូនីតា គឺ​ជា​អតីត​ Freshie Girl លេខ​៤ ឆ្នាំ​២០០៩។ នាង​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​អំឡុង​ពេល​អ្នក​ស្រី ពាន់ ភួង​បុប្ផា នៅ​ជា​អ្នក​ដឹក​នាំ​រឿង​ស្ថានីយ​ទូរទស្សន៍ CTN។ ស្រី​ស្អាត​រូប​នេះ ​តែង​ឆក់​ឱកាស​ក្លាយ​ជា​តួឯក​ញឹកញាប់​ដូច​ជា​ក្នុង​រឿង “នាយ​ឡប់ ជំពប់​ស្នេហ៍​” រឿង “អង្គរក្ស​បេះដូង” និង ​រឿង “​អ្នក​មាន​គុណ” ជា​ដើម។ ក៏ប៉ុន្តែ​​នា​ពេល​បច្ចុប្បន្ន​ឱកាស​ក្ដោប​ទីផ្សារ​ភាពយន្ត​របស់​នាង​ហាក់​ធ្លាក់​ចុះ មិន​លេច​ធ្លោយ​ដូច​មុន​ទេ៕

 

អានអត្ថបទបន្ត៖ អតីត​បេក្ខភាព “ស្ដាប់​ចម្រៀង​របស់​ខ្ញុំ” បញ្ចេញOriginal

អានអត្ថបទបន្ត៖ ស្រី​ស្អាត សំបូរ ជានិច្ច លា​សិល្បៈ​មែនទែន​ហើយ!

អានអត្ថបទបន្ត៖ វ៉ាង ស្រីណូ៖ ដើម​ទ្រូង​ខ្ញុំ​ឡើង​​ចុះ​តាម​គីឡូ

 

 
 

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី