ការ​ពិត​វីដេអូ​ ស៊ន​ សៀវម៉ី​ វាយ​គ្នា​នឹង​តុក្កតា ​ជា​ស្នា​ដៃ​កូន​ខ្មែរ​​​បង្កើត​ឡើង​ទាំង​លំបាក

  • 2015-03-02 18:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជួ ប៊ុន​សេង​ ជា​អ្នកដឹកនាំ​រឿង ​និងផលិតករ​ ហើយ​ក៏​ជា CEO ​នៃ​ក្រុម​ហ៊ុន  Slekrith Film Co.,ltd បាន​ដឹក​នាំ​ក្រុម​របស់​ខ្លួន​ផលិត​វីដេអូ​ឃ្លិប​ពាណិជ្ជកម្ម​សែល​កាត ស៊ន​ សៀវ​ម៉ី វាយ​ជាមួយ​តុក្កតា​ទាំង​លំបាក​លំបិន​ដើម្បី​សម្រេច​វីដេអូ​ដ៏​រស់​រវើក​មួយ​នេះ។

 

 

​លោក ជួ ប៊ុន​សេង បាន​ឲ្យ​ដឹង​ថា ខ្សែ​វីដេអូ​នេះ​ក្រុម​បាន​ធ្វើ​ឡើង​ទាំង​យក​ចិត្ត​ទុក​​ដាក់​ មិន​បាន​សម្រាក​​​ពេល​​ថ្ងៃ​ត្រង់​ សូម្បី​តែ​ថ្ងៃ​ចុង​សប្ដាហ៍​ក៏​មិន​បាន​សម្រាក ​​ដើម្បី​ធ្វើ​ឲ្យ​រួច​ក្នុង​រយៈពេល​ ១ ខែ។

 

លោក​បន្ត​ថា វីដេអូ​នេះ​រៀប​ចំ​តាម​ដំណាក់​កាល​ ហើយ​តួ​អង្គ​សំខាន់​គឺ​ ស៊ន សៀវម៉ី ដែល​ត្រូវ​ថត ​និង​រៀប​ប្លង់​កាយ​វិការ​តែ​ម្នាក់​ឯង​ជាមុន​សិន​ បន្ទាប់​មក​ត្រូវ​ផលិត​នូវ​កាយវិការ​របស់​តួ​អង្គ​ផ្សេង​ៗ​ដែល​ត្រូវ​វាយ​ជាមួយ​ ស៊ន សៀវម៉ី ជា​តុក្កតា។

 

 
 
 
 

ប៊ុន​សេង​ថា មាន​សមាជិក ៦ នាក់​ជា​អ្នក​ Design និងបង្កើត​ចលនា​របស់​តួអង្គ​នីមួយ​ៗ ហើយ ១៦ នាក់ផ្សេង​ទៀត​ជំនួយ​ក្នុង​ការ​ផលិត​វីដេអូ​​ទាំង​មូល។  ​ក្រុម​លោក​បាន​រក​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ ដែល​ពឹង​ផ្អែក​លើ​បច្ចេកវិទ្យា​ថ្មី​​មាន​លើ​កាមេរ៉ា​ទំនើប​ចុង​ក្រោយ​ក្នុង​ការ​ថត  ចំណែក​ Software យើង​ត្រូវ​ការ​កម្មវិធី​ស្តង់​ដា​ធំៗ​ក្នុង​ការ​រចនា​រូប 3D និង​ ចលនា ជា​ដើម។

 

ហើយ​សម្រាប់ ​ការផលិត​ខែ្ស​ភាពយន្ត ឬ វីដេអូ​ឃ្លិប​បាន ​លុះ​ត្រា​តែធ្វើ​តាម​ដំណាក់​កាល​ ៣ ធំៗ​គឺ Pre Production , Production និង Post Production។ ដោយ Pre Production គឺ​ជា​ការ​ចាប់​ផ្ដើម​រក​នូវ​សាច់​រឿង​ រក​តួ​អង្គ​ កន្លែង ស្ទូឌីយ៉ូ សម្ភារៈ​ផ្សេង​ៗ​ដែល​ក្នុង​សាច់​រឿង​​ត្រូវ​ការ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ Production ដែល​ជា​ដំណាក់កាល​ទី ២។ ចំណែក​ Production គឺ​គេ​ចាប់​ផ្ដើម​ថត​វីដេអូ​តែ​ម្ដង​ បន្ទាប់​មក​ឈាន​ចូល​ Post Production ដែល​ជា​ដំណាក់កាល​ទី ៣ នោះ​គឺ ត្រូវ​យក​វីដេអូ​ដែល​ថត​រួច​ហើយ​ទៅ​កាត់​ត ឬ បន្ថែម​ Effect បន្ថែម​ចលនា កែ​ពណ៌ ធ្វើ​​ឲ្យ​ស្អាត​ដើម្បី​សម្រេច​ជា​វីដេអូ​ចុង​ក្រោយ។

 

អ្នក​ដឹកនាំ​រូប​នេះ​បន្ថែម​ថា មនុស្ស​ទូ​ទៅ​គិត​ថា​ការ​ធ្វើ​ 3D ថត​ជា​ផ្ទាំង​ពណ៌​បៃតង​ហ្នឹង​គឺ ងាយ​ស្រូល​ជាង​ការ​ចេញ​ទៅ​ថត​នៅ​ខាង​ក្រៅ​ ប៉ុន្តែ​ការ​ពិត​គឺ​ពិបាក​ខ្លាំង​ណាស់​នៅ​ពេល Post Production កាត់​ត រចនា​នៅ​ក្នុង​កុំព្យូទ័រ។ ចំណែក​អ្នក​ធ្វើ​ការ​ក្នុង​ Post Production ត្រូវ​អង្គុយ​មុខ​កុំព្យូទ័រ​ពី ១៥ ទៅ ២០ ម៉ោង​ដើម្បី​កែ​វីដេអូ​ហ្នឹង​ឲ្យ​ដូច​មែន​ទែន។

 

ជា​ចុង​ក្រោយ​លោក​ថា​ ​ក្រុមហ៊ុន​ស្លឹក​រឹត ពិតជាត្រូវ​ការ​មនុស្ស​ដែល​មាន​ទេពកោសល្យ​ដែល​ជា​កូនខ្មែរ​បន្ថែម​ ក្នុង​វិស័យផលិត​ភាពយន្ត​ ហើយ​ការ​ផលិត​ផល​នេះ​មើល​ទៅ​សប្បាយ​តែ​តាម​ពិត​ក្រុម​លោក​ធ្វើ​ការ​សឹង​តែ​មិន​បាន​គេង។ ជាង​នេះ​ទៅ​ទៀត​ស្លឹក​រឹត​នឹង​បន្ត​ជំរុញ​នូវ​វិស័យ​នេះ​បន្ថែម​លើ​មួយ​កម្រិត​ទៀត ហើយ​សង្ឃឹម​ថា ​លោក​នឹង​នាំ​យក​មក​នូវ​អ្វី​ដែល​ថ្មី​ ក្នុង​ការ​ផលិត​វីដេអូ​ឃ្លីប​ប្លែក​ៗ​ជូន​ដល់​ប្រជាជន​កម្ពុជា។

 

អសយដ្ឋាន​ក្រុមហ៊ុនស្លឹករឹត៖ អគារ​លេខ 41 ផ្លូវ​លេខ 576 សង្កាត់​បឹងកក់ 2 ខណ្ឌ​ទួលគោក​ ឬ លេខ​ទូរសព្ទ 017 555 252

 

http://youtu.be/uoSNtkNbXZI

 

ចុច​អាន៖ ចប់​បរិញ្ញាបត្រ IT មិន​​អស់​ចិត្ត​សម្រេច​បំណងបន្ត​ជំនាញ​​​នៅ​​កូរ៉េ​ទទួល​ប្រាក់​ពាន់​ដុល្លារ​ក្នុង​ ១ ខែ

 

អត្ថបទ៖ ដារ៉ាឆានី​