ជប៉ុន៖ ពេល​អនាគត ផ្ទាំង​សូឡា​​នឹង​​អាច​ផ្ទេរ​ថាមពល​​​ពន្លឺ​ព្រះអាទិត្យ​ពី​​​លើ​អាកាស​​មក​ផែនដី​​

  • 2015-03-13 22:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​​ជប៉ុន​ទទួល​បាន​ជោគជ័យ​ ចំពោះ​ការ​​បង្កើត​បច្ចេកវិទ្យា​ផ្ទេរ​ថាមពល​ឥត​ខ្សែ​​ ហើយ​នេះ​ជា​ជំហាន​មួយ​ ជួយ​ជំរុញ​ដល់​​ការ​​បង្កើត​បច្ចេកវិទ្យា​ផ្ទេរ​ថាមពល​ពី​អវកាស​មក​កាន់​ផែនដី​នៅ​ឆ្នាំ ២០៤០។

 

 

បច្ចេកវិទ្យា​ដំបូង​ដែល​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​សម្រេច​បាន​នោះ គឺ​ការ​បញ្ជូន​ថាមពល​ទំហំ ១,៨គីឡូវ៉ាត់​ តាម​រលក​ធាតុអាកាស ទៅ​កាន់​គ្រឿង​ទទួល​អគ្គិសនី​មួយ​ទៀត​មាន​ចម្ងាយ ៥៥ម៉ែត្រ។ អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​ភ្នាក់ងារ​​រុករក​អវកាស​ជប៉ុន (JAXA) និយាយ​ថា "សមិទ្ធផល​នៃ​ការ​ផ្ទេរ​ថាមពល​តាម​រលក​ធាតុអាកាស​នេះ​ គឺ​ជា​ជណ្ដើរ​មួយ​ដែល​អាច​ឱ្យ​យើង​បោះ​ជំហាន​ដ៏​ធំ​មួយ​ទៀត​​ ក្នុង​ការ​ផលិត​បច្ចេកវិទ្យា​ផ្ទាំង​សូឡា​ សម្រាប់​ផ្ទេរ​ថាមពល​ពី​អវកាស​មក​កាន់​ផែនដី"។

 

ក្រុម​អ្នក​វិទ្យាសាស្ត្រ​អវកាស​ JAXA បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ ក្នុង​​ការ​ស្រាវជ្រាវ​ផលិត​បច្ចេកវិទ្យា​​ផ្ទាំង​សូឡា​ សម្រាប់​ផ្ទេរ​ថាមពល​ពី​លើ​អាកាស​មួយ​នេះ (Space Solar Power Systems) ។ ការ​ផ្ទេរ​ថាមពល​ដោយ​ប្រើ​ផ្ទាំង​សូឡា​ពី​លើ​អាកាស​នេះ នឹង​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ធំធេង​ សម្រាប់​ជីវភាព​រស់​នៅ​លើ​ផែនដី ហើយ​ម្យ៉ាង​ទៀត​បច្ចេកវិទ្យា​នេះ​នឹង​មិន​ត្រូវ​បាន​បង្អាក់​ដំណើរ​ការ​ដោយ​អាកាសធាតុ ឬ​ពេល​វេលា (ថ្ងៃ​ និង​យប់)​ ដូច​ការ​ប្រើ​ផ្ទាំង​សូឡា​នៅ​លើ​ដី​នោះ​ឡើយ។

 

 

ដំណើរការ​នៃ​ការ​ផ្ទេរ​ថាមពល​ពី​អវកាស​​នេះ​នឹង​បំពាក់​ដោយ​​បន្ទះ​សូឡា​ជា​ច្រើន​ផ្ទាំង រួម​នឹង​​អង់តែន​ ហើយ​នឹង​ត្រូវ​បង្ហោះ​ទៅ​លើ​អាកាស​​នៅ​រយៈ​ចម្ងាយ​ ៣៦ ០០០គីឡូម៉ែត្រ​ពី​ផែនដី។ យ៉ាង​ណា​មិញ​ ប្រភព​ខាង​លើ​បន្ថែម​ថា គម្រោង​នេះ​ (Space Solar Power Systems) អាច​នឹង​ចំណាយ​ពេល​ច្រើន​ទសវត្ស​ដើម្បី​ទទួល​បាន​ជោគជ័យ ពោល​គឺ​នៅ​ត្រឹម ​ឬ​ក្រោយ​​ឆ្នាំ​ ២០៤០ ព្រោះ​មាន​ឧបសគ្គ​ជា​ច្រើន ដែល​​ត្រូវ​ប្រឈម​​ ដូចជា​ "​ការ​ផលិត​បច្ចេកវិទ្យា​បញ្ជូន​ផ្ទាំង​សូឡា និង​ការ​គ្រប់គ្រង​ពួក​វា​នៅ​លើ​អាកាស​"។ ​​​​​​​​​

 

វីដេអូ៖

 

 

អាន៖ ផែន​ដី​នឹង​វិនាស​បែប​នេះ បើ​ Black Hole ​អាច​ចូល​ក្នុង​គន្លង​ព្រះ​អាទិត្យ ​​​ ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ phys.org

អត្ថបទថ្មី