ទិញ​ម៉ូតូ​​តគ្នាអត់​​​បាន​​កាត់​ឈ្មោះ​ប្រឈម​បញ្ហា​​អ្វី​ខ្លះ​​?​

  • 2015-03-18 14:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រភព​ពី​​អ្នក​​គួក​ជេរ​​ម៉ូតូ​​​មួយ​ចំនួន​បាន​​​ប្រាប់​ Sabay ​ថា ​​ករណី​​ ​​ទិញ​​​លក់​ម៉ូតូ​​​ត​គ្នា​​បច្ចុប្បន្ន​​​​ មិន​សូវ​​​​មាន​ការ​កាត់​​ឈ្មោះ​ត្រឹម​ត្រូវ​តាម​ច្បាប់​​​​នោះ​ទេ​។ អ្នក​ទិញ​​​បាន​ប្រើ​​កិច្ច​សន្យា​ជំនួស​​​ឱ្យ​ការ​ផ្ទេរ​ឈ្មោះ​ ដែល​តម្រូវ​​ឱ្យ​ធ្វើ​​​​​នៅ​​មន្ទីរ​​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​​។​​ ​ ​លោក​​​ មករា​ អ្នក​គួក​ជេរ​ម៉ូតូ​ម្នាក់​​នៅ​ម្តុំ​​វត្ត​សំពៅ​មាស​បាន​រៀប​រាប់​​ថា​ ការ​កាត់​ឈ្មោះ​​នៅ​មាន​កម្រិត​​​​តិច​តួច​ក្នុង​ចំណោម​អ្នក​ទិញ​ម៉ូតូ​ត​គ្នា​ជិះ​​ ​​បញ្ហា​​នេះ​អាច​ថា​ ម៉ូតូ​​ដែល​បាន​ទិញ​នោះ​​ប្តូរ​​ម្ចាស់​​​ច្រើន​​​នាក់​​ហើយ​អត់​មាន​កាត់​ឈ្មោះ​​​។ ដូច្នេះ​​អ្នក​ទទួល​​ទិញ​ចុង​ក្រោយ​ក៏​​មាន​ការ​​លំបាក​​ក្នុង​ការ​​ទៅ​​កាត់​ឈ្មោះ​ដែរ​​។ ម្យ៉ាង​ទៀត​​ទាំង​អ្នក​ទិញ​ និង​អ្នក​​លក់​មិន​ចង់​ចំណាយ​ច្រើន​​លើ​ការ​កាត់​ឈ្មោះ​ដែល​ពី​មុន​ត្រូវ​ចំណាយ​ប្រមាណ​២០​ ដុល្លារ តែ​បច្ចុប្បន្ន​​​បាន​​​​ឡើង​​ថ្លៃ​​ជិត​​ពីរ​​រយ​ដុល្លារ​។​ "​ធម្មតា​ខ្ញុំ​​រក​ស៊ី​​ គាត់​​​ប្តូរ​ម្ចាស់​ពីរ​បី​នាក់​​អត់​មាន​​កាត់​ឈ្មោះ​​ផង​ យើង​​ទិញ​ចុង​ក្រោយ​​ក៏​ទៅ​តាម​​ហ្នឹង​ដែរ​។​ តែ​​​សំខាន់​​យើង​មាន​​​សាក្សី និង​លិខិត​ទិញ​លក់​បន្ត​​លើក​មុន​ អាច​ទុក​ចិត្ត​​បាន​ថា​ម៉ូតូ​មិន​ជាប់​ពាក់​ព័ន្ធ​​​​។ ចំណែក​អ្នក​​ទិញ​ខ្លះ​ទៀត​គាត់​អត់​ចង់​ចំណាយ​ច្រើន​​ទេ​​...ពី​មុន​អស់​​​​២០​ ដុល្លារ​ តែ​​បច្ចុប្បន្ន​​ឮ​ថា​​អស់​ជិត​២០០​ដុល្លារ​ព្រោះ​ត្រូវ​រត់​ឯកសារ​ដល់​ពន្ធដារ​ឯណោះ​”។​

 

​លោក​ញាញ់​ អ្នក​​​​​គួក​ជេរ​ម៉ូតូ​មួយ​រូប​ទៀត​​​នៅ​ម្តុំ​ស្តុប​នាង​គង្ហីង​​​បាន​​ប្រាប់​​ Sabay​ ថា​​ ​​​​ជា​ទូទៅ​​អ្នក​ទិញ​ និង​លក់​ម៉ូតូ​ ​បាន​​ព្រម​ព្រាង​​គ្នា ​​ត្រឹម​លិខិត​​ទទួល​​ទិញ​ ​​​សាក្សី​​ម្នាក់​ឬ​ពីរ​នាក់​ បន្ទាប់​មក​ប្រគល់​កាត​គ្រី​ម៉ូតូ​​ ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​ទៅ​ឱ្យ​ភាគី​​ម្ខាង​ទៀត​ជា​ការ​ស្រេច​។​ពេល​​មាន​បញ្ហា​កើត​ឡើង​​ ​អាច​​ធ្ងន់​ក​​លើ​សាក្សី ឬ​អ្នក​ចេញ​មុខ​ធានា​នេះ​ឯង​។ ​

 

លោក​​បាន​បន្ថែម​ថា ​អ្នក​ទិញ​មួយ​ចំនួន​​ដឹង​ ឯ​​​ខ្លះ​ទៀត​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​ផល​លំបាក​​​ថ្ងៃ​ក្រោយ​យ៉ាង​ម៉េច​​ទេ​។​​​ ​​អ្នក​ទិញ​​ខ្លះ​ផ្ដោត​សំខាន់​តែ​​លើ​ ម៉ូតូ​មាន​​ពន្ធ​ និង​មាន​កាត​​​គ្រី​ត្រឹម​ត្រូវ​ជា​ការ​​ស្រេច​។​​​ ប៉ុន្តែ​​​ការ​ទិញ​លក់​បែប​នេះ​ក៏​ធ្លាប់​​នាំ​មក​នូវ​មេរៀន​មិន​ល្អ​​ផង​​​ដែរ​។ "ខ្ញុំ​ធ្លាប់​ជួប​​ម្តង​ដែរ​​​ គាត់​យក​ម៉ូតូ​មិត្តភ័ក្ដិ​ម្នាក់​ទៀត​មក​លក់​ប្រាប់​ថា​ ម៉ូតូ​ប្អូន​​​ ​មាន​​​​ឯកសារ​ទាំង​អស់​ ដល់ពេល​​​​គេ​ប្តឹង​​​​​ បាន​មិត្តភ័ក្ដិ​​​ម្នាក់​ជា​សាក្សី​​ចេញ​សង​​​”​។​ ​ ទាក់​ទង​បញ្ហា​នេះ​​លោក​ អ៊ា ​ចរិយា​ ​អ្នក​ប្រឹក្សា​ឯករាជ្យ​​ផ្នែក​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​បាន​​ប្រាប់​​Sabay ថា​ ​តាម​ច្បាប់​អ្នក​លក់​ដែល​មាន​ឈ្មោះ​លើ​ប័ណ្ណ​សម្គាល់​យានយន្ត​(កាតគ្រី)​ នឹង​ប្រឈម​មុខ​បញ្ហា​មួយ​ចំនួន​ពេល​សមត្ថកិច្ច​ធ្វើ​ការ​ស៊ើប​អង្កេត​រឿង​អ្វី​មួយ​តាម​រយៈ​អត្តសញ្ញាណ​យានយន្ត​​ពេល​​មាន​បញ្ហា​​ ដូច​ជា​ការ​បើក​បុក​គេ​ ​ហើយ​រត់​គេច​ខ្លួន ​ឬ​ការ​ប្រើ​ប្រាស់​យានយន្ត​នោះ​ដើម្បី​ធ្វើ​អំពើ​លួច​ ​ឆក់​ជា​ដើម​។ ​លោក​ថា​ ម្ចាស់​យាន​យន្ត​ដែល​ពុំ​បាន​ធ្វើ​ការ​ផ្ទេរ​ឈ្មោះ​នោះ ​នឹង​ត្រូវ​សមត្ថ​កិច្ច​កោះ​ហៅ​ទៅ​សាក​សួរ​។​ ចំណែក​​​អ្នក​ទិញ​វិញ ​ក្នុង​ករណី​បាត់​ឯកសារ​ដូច​ជា​ប័ណ្ណ​សម្គាល់​យានយន្ត​ គឺ​មិន​អាច​ស្មើ​សុំ​ធ្វើ​ទ្បើង​វិញ​ដោយ​ខ្លួន​ឯង​បាន​​ឡើយ​ គឺ​ត្រូវ​ស្វែង​រក​ម្ចាស់​ដើម ​ដែល​មាន​ឈ្មោះ​លើ​ប័ណ្ណ​សម្គាល់​យានយន្ត​ឱ្យ​​មក​ធ្វើ​ការ​ស្មើ​សុំ​ធ្វើ​ទ្បើង​វិញ​។​ ​ដូច្នេះ​អាច​មាន​បញ្ហា​ជា​ច្រើន​​​ទៀត​កើត​​ឡើង​​​​ទាក់​ទង​នឹង​ប័ណ្ណ​សម្គាល់​យានយន្ត​នេះ​។​ ​

 

​​ទោះ​យ៉ាង​ណា​ លោក​ ពៅ​ ម៉ាលី​ អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​​ប្រាប់​ Sabay ថា​ ​ក្នុង​ច្បាប់​ចរាចរណ៍​ថ្មី​ការ​ផ្ទេរ​ឈ្មោះ​​​យានយន្ត​ជា​ទូទៅ​ត្រូវ​​ធ្វើ​ ក្នុង​រយៈ​ពេល​៩០​ថ្ងៃ​ បើ​លើស​ពី​នេះ​​នឹង​ប្រឈម​​​ការ​ផាក​ពិន័យ។ ប៉ុន្តែ​ក្នុង​ច្បាប់​ថ្មី​​មិន​ទាន់​​ចេញ​អនុក្រឹត្យ​​​​កំណត់​ផាក​ប៉ុន្មាន​​នៅ​ឡើយ​​ទេ​។​ ដោយ​មិន​​អាច​ជម្រាប​ពី​តម្លៃ​​​​​កាត់​ឈ្មោះ​​​យានយន្ត​បាន​ ព្រោះ​អាស្រ័យ​លើ​​​ទំហំ​ស៊ី​ឡាំង​​របស់​​យានយន្ត​នីមួយ​ៗ លោក​ពៅ ម៉ាលី​ បាន​​​រៀប​រាប់​ថា​ តម្លៃ​​កាត់​ឈ្មោះ​ត្រូវ​បាន​បិទ​ផ្សាយ​នៅ​មន្ទីរ​សាធារណៈ​ និង​ដឹកជញ្ជូន​​តាម​ខេត្ត​ក្រុង​ និង​​អាច​ទទួល​​ឯកសារ​​​ចន្លោះ​ពី​ ១៥​ ថ្ងៃ​ទៅ​ ៣០ ថ្ងៃ​។

 

លោក​បាន​បន្ថែម​​ថា​ អ្នក​មិន​អើ​ពើ​លើ​ការ​កាត់​ឈ្មោះ ក្រៅ​ពី​ជាប់​ពាក់​ព័ន្ធ​​ ​ការ​កោះ​ហៅ​ពី​សមត្ថកិច្ច​ ក្នុង​ច្បាប់​ចរាចរណ៍​ថ្មី​ក៏​​​តម្រូវ​​ឱ្យ​មាន​​​ការ​​ត្រួត​ពិនិត្យ​មើល​​ឯកសារ​ទាំង​នោះ​​ភ្ជាប់​ទៅ​​នឹង​ប័ណ្ណ​បើក​បរ​ផង​ដែរ​។​សមត្ថកិច្ច​នឹង​ត្រូវ​​ផាកពិន័យ​បើ​​ម្ចាស់​យានយន្ត​​មិន​បាន​​កាត់​ឈ្មោះ​ត្រឹម​ត្រូវ។ ប៉ុន្តែ​ជំហាន​​ដំបូង​យើង​ត្រូវ​​​ផ្សព្វផ្សាយ​​ច្បាប់​ថ្មី​នេះ​ឱ្យ​ប្រជាពលរដ្ឋ​បាន​​យល់​។ "​​​ឯកសារ​នេះ​មាន​សារៈ​សំខាន់​ណាស់​​​​ គេ​មិន​​ចង់​បាន​​​​ឈ្មោះ​មួយ​ទៅ​ឈ្មោះ​មួយ​ ឬ​ចង់​បាន​​លុយ​ប្រថាប់​ត្រា​​អី​នោះ​ទេ​​​​ ចង់​ធ្វើ​យ៉ាង​​ម៉េច​សុវត្ថិភាព​ខ្លួន​គាត់​ ក៏​ដូច​ឯកសារ​​សំអាង​​​មុខ​ច្បាប់​​ពេល​មាន​បញ្ហា​កើត​ឡើង​។ ឧទាហរណ៍​គេ​​យក​ឡាន​ហ្នឹង​ទៅ​ប្លន់​ ឬ​មួយ​ទៅ​​បុក​អ្នក​ណា​ស្លាប់​ ដំបូង​ផុត​គេ​ទៅ​​រក​គាត់​​ម្ចាស់​ដើម​ហ្នឹង​ហើយ​”​​៕

 

អត្ថបទ៖មៃ សុខលីម

អត្ថបទពេញនិយម