ខ្សែ​អាត់​សំឡេង​បង្ហាញ​ថា​គ្រោះ​ថ្នាក់ 4U9525 កើត​ឡើង​ដោយ​ការ​ធ្វើ​អត្តឃាត

  • 2015-03-27 16:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​ថ្នាក់​លើ​ជើង​ហោះហើរ 4U9525 ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ Germanwings ដែល​សម្លាប់​ជីវិត​មនុស្ស​អស់ ១៥០​នាក់ បាន​បន្សល់​ទុក​នូវ​ចម្ងល់​ធំ​ៗ​ពីរ​គួរ​ឲ្យ​សង្ស័យ។ ទី​មួយ អំឡុង​ពេល​យន្តហោះ​ប្រភេទ Airbus A320 ជួប​គ្រោះ​ថ្នាក់ ៨​នាទី ហេតុអ្វី​មិន​មាន​ការ​ផ្ដល់​សញ្ញា​អាសន្ន? ទី​ពីរ ហេតុអ្វី​អាកាសយានិក​ជាប់​ទ្វារ​នៅ​ក្រៅ​បន្ទប់​បញ្ជា​ការ​ហោះហើរ មិន​មាន​ការ​ឆ្លើយ​តប​ពី​សហសេវិក បើ​ទោះ​ខំប្រឹង​ទម្លាយ​ចូល​ទៅ​ខាង​ក្នុង​វិញ?

 

ទិដ្ឋភាព​កន្លែង​ធ្លាក់យន្តហោះ

 

យ៉ាង​ណា​ក្ដី ទិន្នន័យខ្សែ​អាត់​សំឡេង​ចុង​ក្រោយ ដែល​ទាញ​បាន​ពី​ឧបករណ៍​ថត​សំឡេង​ក្នុង​បន្ទប់​បញ្ជាការ​ហោះហើរ (ប្រអប់​ខ្មៅ) បាន​បង្ហាញ​ថា ជំនួយការ​អាកាសយានិក (co-pilot) គឺ​ជា​អ្នក​បញ្ជា​យន្តហោះ​ឲ្យ​ជួប​វិនាសកម្ម​នៅ​តំបន់​ជួរ​ភ្នំ Alps ដោយ​ចេតនា និង​មាន​បំណង​ធ្វើ​អត្តឃាត​ជាមួយ​មនុស្ស ១៤៩​នាក់​ផ្សេង​ទៀត​លើ​យន្តហោះ។ សេចក្ដី​រៀបរាប់​លម្អិត ស្ដី​ពី​អាត់​សំឡេង​ដែល​ស្រង់​បាន​ពី​ប្រអប់​ខ្មៅ ត្រូវ​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដោយ​លោក Brice Robin ដែល​ជា​រដ្ឋអាជ្ញា​ប្រចាំ​ទីក្រុង Marseille ប្រទេស​បារាំង។

 

ជំនួយការ​អាកាសយានិក

 

លោក Robin បាន​និយាយ​ថា ជំនួយការ​អាកាសយានិក ដែល​ជា​ជនជាតិ​អាល្លឺម៉ង់ ហាក់​ដូច​ជា​មាន​បំណង​ចង់​កម្ទេច​យន្តហោះ។ មុន​ពេល បន្ទប់​បញ្ជាការ​ហោះហើរ​បិទ​ជាប់ កិច្ច​សន្ទនា​រវាង​ភីឡុត​ទាំង​ពីរ​នាក់​ក្នុង​រយៈ​ពេល ២០​នាទី​នៃ​ការ​ហោះហើរ​ចេញ​ពី​ទីក្រុង​បាសេឡូណា បាន​ប្រព្រឹត្តទៅ​គ្មាន​អាក់។

 

យ៉ាង​ណា​មិញ ការ​ឆ្លើយតប​របស់​ជំនួយការ​អាកាសយានិក បាន​ប្រែ​ជា​សោះកក្រោះ​ខ្លី​ៗ​នៅ​ពេល​ហោះ​បាន​ពាក់​កណ្ដាល​ផ្លូវ។ ក្រោយ​មក គេ​បាន​ឮ​សំឡេង​អាកាសយានិក ប្រាប់​ជំនួយការ​ឲ្យ​គ្រប់គ្រង​ការហោះហើរ​ជំនួស​ខ្លួន បន្ទាប់​មក​មាន​សំឡេង​រុញ​កៅអី​មក​ក្រោយ ហើយ​ទ្វារ​បន្ទប់​ក៏​បាន​បិទ។

 

ជំនួយការ​អាកាសយានិក បាន​បញ្ឈប់​ការ​បញ្ជា​យន្តហោះ និង​ចាប់​ផ្ដើម​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​ការហោះហើរ ដើម្បី​ធ្វើ​ឲ្យ​យន្តហោះ​ជួប​គ្រោះ​ថ្នាក់។ ​​​ជំនួយការ​ដែល​មាន​តែ​ម្នាក់​ឯង​ក្នុង​យន្តហោះ មិន​បាន​និយាយ​អ្វី​ទាំងអស់ ពេល​អាកាសយានិក​ចាកចេញ​ពី​បន្ទប់​បញ្ជាការ​ហោះហើរ។

 

លោក Robin បាន​បញ្ជាក់​ថា ជំនួយការ​អ្នកបើកយន្តហោះ​នោះ បាន​ដក​ដង្ហើម​ធម្មតា ហើយ​វា​មិន​មែន​ជា​ចង្វាក់​ដង្ហើម​នៃ​មនុស្ស​កំពុង​ជ្រួល​ច្របល់​នោះ​ទេ។ ចំណែក​ឯ​នៅ​ខាង​ក្រៅ​វិញ មាន​សំឡេង​ភីឡុត​កំពុង​ស្រែក​សុំ​ចូល​ទៅ​ក្នុង និង​សម្រែក​អ្នក​ដំណើរ។ យ៉ាង​ណា​ក្ដី គេ​នៅ​មិន​ទាន់​មាន​​សញ្ញាណ​ណា​មួយ​បញ្ជាក់​ថា គ្រោះ​ថ្នាក់​យន្តហោះ​អាច​​នេះ​ជា​អំពើ​ភេរវកម្ម​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត៕ ​

 

 

 

ចុចអាន៖ ប្រអប់​ខ្មៅ 4U 9525 បង្ហាញ​ថា​ភីឡុត​ជាប់​ក្រៅ​បន្ទប់​ព្យាយាម​បុក​ទម្លាយ​ទ្វារ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ SKY ​