ប្រអប់​ខ្មៅ 4U 9525 បង្ហាញ​ថា​ភីឡុត​ជាប់​ក្រៅ​បន្ទប់​ព្យាយាម​បុក​ទម្លាយ​ទ្វារ

  • 2015-03-26 16:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​អាត់​សំឡេង​ដែល​ស្រង់​ចេញ​ពី​ប្រអប់​ខ្មៅ​នៃ​ជើង​ហោះហើរ 4U 9525 បង្ហាញ​ថា អាកាសយានិក​បាន​ចាក​ចេញ​ពី​បន្ទប់​បញ្ជា​ការ​ហោះហើរ ហើយ​មិន​អាច​ចូល​ក្នុង​វិញ​បាន។ អ្នក​បើក​យន្តហោះ ដែល​មាន​ជំនាញ​ជាង ១០​ឆ្នាំ​នោះ បាន​ជាប់​ទ្វា​នៅ​ខាង​ក្រៅ និង​ព្យាយាម​ទម្លាយ​ទ្វា​ចូល​ទៅ​ខាង​ក្នុង​វិញ ខណៈ​ពេល​សហសេវិក​របស់​ខ្លួន​គ្មាន​ការ​ឆ្លើយ​តប។

 

​ប្រអប់​ខ្មៅ​នៃ​ជើង​ហោះហើរ 4U 9525

 

ប្រអប់​ខ្មៅ​បាន​បង្ហាញ​ទៀត​ថា អំឡុង​ពេល​ជួប​គ្រោះ​ថ្នាក់​នោះ មាន​តែ​អាកាសយានិក​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​បញ្ជា​យន្តហោះ។ យ៉ាង​ណា​មិញ ប្រភព​ពី​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ ដែល​ជិតស្និទ្ធ​ទៅ​នឹង​ការ​ស៊ើប​អង្កេត បាន​ប្រាប់​កាសែត​អាមេរិក​ថា ដំបូង​ឡើយ​កិច្ច​សន្ទនា​រវាង​ភីឡុត​ទាំង​ពីរ​នាក់ បាន​ប្រព្រឹត្ត​ទៅ​គ្មាន​អាក់ និង​ល្អ​​ឥត​ខ្ចោះ ប៉ុន្តែ​មិន​ដឹង​ហេតុអ្វី​បាន​ជា​ភីឡុត​ម្នាក់​ចាកចេញ​ពី​បន្ទប់​បញ្ជា​ការ​ហោះ​ហើរ។

 

ប្រភព​បាន​អះអាង​ទៀត​ថា ភីឡុត​ដែល​ចាក​ចេញ​ពី​បន្ទប់​បញ្ជា​ការ​ហោះហើរ​នោះ បាន​គោះ​ទ្វារ​ខ្លាំងៗ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ឡើយ។ បន្ទាប់​មក គេ​បាន​ព្យាយាម​បុក​ទម្លាយ​ទ្វារ​ចូល​ទៅ​ក្នុង​ទៀត ក៏​នៅ​តែ​គ្មាន​ប្រតិកម្ម​អ្វី​ពី​ខាង​ក្នុង។

 

ក្រោយ​ពេល​ជួប​គ្រោះ​ថ្នាក់​ភ្លាម មន្ត្រី​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស បាន​លើក​ឡើង​ជា​​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​អំឡុង​ពេល​យន្តហោះ​ជួប​គ្រោះ​ថ្នាក់ ៨​នាទី មិន​មាន​ការ​ផ្ដល់​សញ្ញា​អាសន្ន។ របាយការណ៍​គ្រោះ​ថ្នាក់​បាន​បង្ហាញ​ថា អ្នក​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស ព្យាយាម​ភ្ជាប់​ការ​ទាក់ទង​ទៅ​អាកាសយានិក ៣​ដង មុន​ជួប​គ្រោះ​ថ្នាក់ ប៉ុន្តែ​បរាជ័យ។

 

អាត់​សំឡេង​​នេះ​គឺ​ជា​តឹកតាង​ដំបូង​ដែល​នាំ​ឲ្យ​គេ​អាច​សន្និដ្ឋាន​ស្វែង​រក​មូលហេតុ​ពិត ធ្វើ​ឲ្យ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ Germanwings ធ្លាក់​នៅ​ជ្រលង​ភ្នំ​ក្នុង​ប្រទេស​បារាំង សម្លាប់​ជីវិត​មនុស្ស​ទាំង ១៥០​នាក់៕

 

 

 

 

 

 

ចុចអាន៖ ៨​នាទី​ យន្តហោះ​អាល្លឺម៉ង់​ធ្លាក់​តែ​​គ្មាន​សញ្ញា​អាសន្ន

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail