វិស្វករ​ផ្នែក​សំឡេង និង​ឧបករណ៍​តន្ត្រី​អាមេរិក មក​ចែក​រំលែក​បទ​ពិសោធន៍​នៅ​ខ្មែរ

  • 2015-04-06 22:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​មជ្ឈមណ្ឌល​តន្ត្រី​ម៉ាឌីហ្សុន វិស្វករ​ផ្នែក​សំឡេង និង​ឧបករណ៍​ភ្លេង Kent Morris មក​ពី​សហរដ្ឋ​អាមេរិក​បាន​ចូលរួម​ចែក​រំលែក​ចំណេះ​ដឹង​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​បច្ចេកទេស​ប្រើប្រាស់ ឬ​បញ្ជារ​​​សម្ភារៈ​ភ្លេង​នានា​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ហាង​តន្ត្រី ធា ហេង។

 

លោក ពេជ្រ ណារិទ្ធ អ្នក​គ្រប់គ្រង​ទូទៅ​មណ្ឌល​ខាង​លើ​បាន​និយាយ​ថា សិក្ខាសាលា​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ​នេះ ​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​ដល់​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​បច្ចេកទេស​សំឡេង និង​តន្ត្រី​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​បាន​ប្រហាក់ប្រហែល​បណ្ដា​ប្រទេស​ផ្សេង​ទៀត។ ម្យ៉ាង​ទៀត​កន្លង​មក​អ្នក​បច្ចេកទេស​ផ្នែក​នេះ ច្រើន​ចេះ​តាម​គ្នា​ប៉ុណ្ណោះ មិន​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ។

 

អ្នក​គ្រប់គ្រង​ទូទៅ​និយាយ​ថា៖" ចង់​ឱ្យ​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ផ្នែក សំឡេង មាន​ជំនាញ​ពិត​ប្រាកដ ទើប​បង្កើត​ឱកាស​នេះ​ឡើង មិន​ចង់​ឱ្យ​ស្អី​ក៏​បរទេស​នោះ​ទេ ខ្មែរ​ក៏​អាច​ធ្វើ​បាន"។ លោក​បន្ត​ថា កន្លង​មក​តែង​មាន​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​ចំណុច ពោល​ការ​រៀប​ចំ​ដំឡើង​បច្ចេកទេស​សំឡេង​តាម​ឆាក​តន្ត្រី ឬ​កម្មវិធី​ផ្សេង តែង​មាន​បញ្ហា​កើត​ឡើង។

 

ជា​លទ្ធផល​នៅ​ព្រឹក​នេះ មាន​សិក្ខាកាម​កំពុង​ធ្វើ​ការ​ទាក់ទង​ផ្នែក​សំឡេង​ចូលរួម​ប្រមាណ​ជាង​២០​នាក់​ចូលរួម​ទទួល​យក​ចំណេះ​ដឹង​ពី​វិស្វករ​មក​ពី​អាមេរិក Kent Morris ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់ និង​ដំឡើង​ឧបករណ៍​ភ្លេង​​ម៉ាក Peavey ដែល​ជា​ម៉ាក​ល្បី​ទូទាំង​ពិភព​លោក ដែល​ផ្ដាច់​មុខ​នៅ​ប្រទេស​កម្ពុជា​ដោយ​មជ្ឈមណ្ឌល ម៉ាឌីហ្សុន។

 

ជា​មួយ​គ្នា​នោះ លោក ពេជ្រ ណារិទ្ធ សង្ឃឹម​ថា ក្រោយ​សិក្ខាសាលា​១​ថ្ងៃ​នេះ សិក្ខាកាម​អាច​ទទួល​បាន​បទ​ពិសោធន៍​ល្អ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​សម្រាប់​អនាគត។ ប្រធាន​មជ្ឈមណ្ឌល​ខាង​លើ​អះអាង​ថា អ្នក​ចូលរួម​ទាំង​អស់ នឹង​សាកល្បង​ប្រគំ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ស្អែក​ចាប់​ពី​ម៉ោង​៥​ល្ងាច ក្នុង​អាគារ​ F នៃ​មជ្ឈមណ្ឌល​កោះ​ពេជ្រ និង​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី៕

 

អានអត្ថបទ៖ ហៃ​ ដារ៉ូ​៖​ “កំប្លែង​ទើប​ជា​សុបិន​​ពិត​របស់​ខ្ញុំ​”

អានអត្ថបទ៖ ឈីងឈីង ថ្នាក់​លើ​ធ្វើ​ខួប​ឱ្យ អាន​អត្ថបទ៖ ស្ងាត់ៗ សាយ រតនៈ ចេញ​មុខ​សម្ពោធ​ភោជនីយដ្ឋាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

 

 

 

 

អត្ថបទ៖ សំ ជំនាញ