ជីជី ថា​ រក​ស៊ី​បាន​តែ​ជិតៗ

  • 2015-04-18 11:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីជី ប្រាប់​ថា មិន​អាច​ទៅ​ថត​រឿង​ឆ្ងាយ​ពី​ផ្ទះ​ដូច​មុន​នោះ​ទេ ហើយ​ត្រូវ​បដិសេធ​ចំពោះ​សំណើ ​ពី​ផលិតកម្ម​មួយ​ចំនួន​មួយ​រយៈ​ចុង​ក្រោយ​នេះ ទាំង​សោក​ស្ដាយ។ ជីជី ប្រាប់ ​Sabay បែប​នេះ នៅ​ក្នុង​ឱកាស​សម្ពោធ​ភោជនីយដ្ឋាន​មួយ ដែល​មាន​ចំណែក​ហ៊ុន​របស់​ដៃគូ សាយ រតនៈ កន្លង​ទៅ។

 

 

ពិធី​ការិនី​រូប​នេះ​និយាយ​ថា៖ "ពិបាក​ពេក អត់​មាន​នរណា​ជួន​ទៅ​ជួន​មក​ពេល​ទៅ​សម្ដែង​តាម​ខេត្ត អញ្ចឹង​មាន​តែ​ផ្អាក​សិន​ទៅ ស្ដាយ​សឹង​អី​ហើយ"។ នាង​បន្ត​​ទៀត​ថា មាន​កុន​ភាគ​រឿង​មួយ​ចំនួន​តម្រូវ​ឱ្យ​ថត​ច្រើន​ថ្ងៃ​ជាប់​គ្នា​នៅ​តាម​បណ្ដា​ខេត្ត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​ស្នូល​នៅ ​CTN ក្នុង​នាម​ជា​ពិធី​ការិនី ហើយ​នាង​ត្រូវ​តែ​សម្រេច​ចិត្ត​ដូច្នេះ។

 

តារា​ស្រី​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​ខាង​លើ នាង​ត្រូវ​រវល់​ក្នុង​មុខ​ជំនួញ​ខ្លះ​ដែរ ដោយ​សហការ​ជាមួយ​បង​ស្រី ដែល​កំពុង​ដំណើរ​ការ​ទៅ​មុខ​បណ្ដើរៗ​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា ពិធី​ការិនី​កម្មវិធី "រាត្រី​កម្សាន្ត" រូប​នេះ​ បាន​ឱ្យ​ដឹង​ទៀត​ថា នាង​នៅ​តែ​ទទួល​ធម្មតា​រាល់​ការ​សម្ដែង​នៅ​ភ្នំពេញ ឬ​តំបន់​ក្បែរ​នេះ​ដោយ​មិន​ពិបាក​រក​អ្នក​ជួន​ទៅ​មក​នោះ​ទេ។

 

ចំពោះ​ការ​ផ្អាក​រហូត​ដល់​ពេល​ណា​នោះ តារា​ស្រី​រាង​តូច​ច្រឡឹង​​ខាង​លើ​មិន​បាន​បញ្ជាក់​នោះ​ទេ។ ប៉ុន្តែ ជីជី អះអាង​ថា អាស្រ័យ​លើ​ការ​ចរចា​គ្នា​ជាមួយ​ភាគី​ផលិតកម្ម​សុំ​ការ​យោគយល់​ តើ​មាន​រឿង​ណា ដែល​មិន​ចាំ​បាច់​ថត​ជាប់​គ្នា​យូរ​ថ្ងៃ ឬ​យ៉ាង​ណា ព្រោះ​សុទ្ធសឹងតែ​ជា​ការងារ​នៅ​ក្នុង​ចង្កោម​សិល្បៈ ​ដែល​ស្រលាញ់ និង​មាន​សារសំខាន់​ដូច​គ្នា៕

 

 

 

 

 

អាន​អត្ថបទ៖ តារា​ជោគជ័យ​លើ​វិថី​សិល្បៈ​រំលឹក​ពី​ឧបសគ្គ​ខ្លះៗ​ធ្លាប់​ឆ្លង​កាត់

អាន​អត្ថបទ៖  សួង សាខារ៉ានីត ​សម្ដែង​ជា​ប្រពន្ធ​ចុង ចា រិទ្ធី វិញ​ម្ដង

 

 

អត្ថបទ៖ សំ ជំនាញ

 

អត្ថបទពេញនិយម
អត្ថបទថ្មី