អតីតបេក្ខជន Freshie boy គង់ ប៊ុនថន ឆ្លើយតបព័ត៌មានលោតទឹកសម្លាប់ខ្លួន
- 2015-05-19 17:01:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតបេក្ខជន Freshie boy គង់ ប៊ុនថន ឆ្លើយតបព័ត៌មានលោតទឹកសម្លាប់ខ្លួន
ចន្លោះមិនឃើញ
អតីតបេក្ខជន Freshie boy and girl លោក គង់ ប៊ុនថន បានប្រតិកម្មទៅនឹងបណ្ដាញសង្គមដែលបានរាយការណ៍ថា លោកបានលោតទឹកសម្លាប់ខ្លួន។ ដំណឹងនេះ បានធ្វើឲ្យមហាជនមួយចំនួនយល់ច្រឡំ និង ម្ដាយបានធ្លាក់ខ្លួនឈឺក្រោយពីទទួលដំណឹងមិនច្បាស់ ប៉ុន្ដែ ប៊ុនថន ទទួលស្គាល់ថា អ្នកសម្លាប់ខ្លួននោះពិតជាមានភិនភាគស្រដៀងគ្នា តែមិនមែនលោកទេ។
“នៅប៉ុន្មានថ្ងៃនេះ ដំណឹងពីការលោតទឹកសម្លាប់ខ្លួនកាន់តែធំទៅៗ ដែលធ្វើឲ្យមិត្តភ័ក្ដិ ក៏ដូចជា គ្រួសាររបស់ខ្ញុំមានការយល់ច្រឡំថា ខ្ញុំបានសម្លាប់ខ្លួន។ ពួកគេបានកាត់តរូបខ្ញុំ ស្របពេលដែលរូបរាង និង សំលៀកបំពាក់ដូចខ្ញុំទៀត ដូច្នេះ មហាជនកាន់តែយល់ច្រឡំថាជាខ្ញុំ ប៉ុន្ដែ មិនមែនខ្ញុំទេ"។
តារាសម្ដែង និង ជាប្រធានលេខាធិការដ្ឋានបណ្ដាញចតុមុខ អំពីស្ថានភាពអ្នកស្រឡាញ់ ភេទដូចគ្នានៅកម្ពុជា បានប្រាប់គេហទំព័រ Sabay ថា ដំណឹងដែលកើតចេញពីបណ្ដាញសង្គមនេះ កើតមានឡើងស្របពេលដែលសមាជិកគណៈកម្មការសម្របសម្រួលមូលនិធិសកលប្រចាំប្រទេសកម្ពុជា បានចេញទៅប្រជុំរឿងការងារនៅបាងកក ប្រទេសថៃ។ "ខ្ញុំមកប្រជុំស្រាប់តែមានព័ត៌មាននេះកើតឡើង ខ្ញុំអត់បានភ្ជាប់លេខឆ្លងប្រទេស ដូច្នេះ ហើយដំបូងម៉ាក់ខ្ញុំឮដំណឹងនេះភ្លាម គាត់គិតថា ខ្ញុំអត់ទៅបាងកកទេ គាត់ចង់មកភ្នំពេញពិនិត្យសព តែគាត់ចាស់គាត់ឈឺឥឡូវដេកពេទ្យ ខ្ញុំព្យាយាមទាក់ទងគាត់ហើយ ប្រាប់ថា ខ្ញុំអត់មានបញ្ហាអីទេ"។
ស្ដាប់សម្លេង គង់ ប៊ុនថន នៅខាងក្រោមនេះ៖
[audio mp3="http://media.sabay.com/uploads/2015/05/Kong_Bunthorn.mp3"][/audio]
គង់ ប៊ុនថន ដែលធ្លាប់ដាក់ពាក្យប្រលង ប្រុសឆ្លាត-ស្រីឆ្លាត និង ជាបេក្ខជន Freshie boy and girl 2008 ប្រចាំខេត្តបាត់ដំបង បានប្រាប់ Sabay ទៀតថា ប្រសិនបើលោកមិនចេញមុខបញ្ជាក់ទេ ដំណឹងលោតទឹកសម្លាប់ខ្លួន ដែលប្រិយមិត្តមួយចំនួនកំពុងចែកចាយនៅលើបណ្ដាញសង្គមគឺកាន់តែខ្លាំង ហើយទាំងអស់នោះមិនមែនជាដំណឹងពិតនោះទេ។ "ខ្ញុំចង់ផ្ញើសារទៅកាន់អ្នកទាំងអស់គ្នាថា ខ្ញុំសុខសប្បាយទេ ខ្ញុំកំពុងបំពេញការងារនៅបាងកក ប្រទេសថៃ ហើយ ២ សប្ដាហ៍ទៀត ខ្ញុំនឹងត្រឡប់ទៅប្រទេសកម្ពុជាវិញហើយ"។
ត្បិតតែ លោក គង់ ប៊ុនថន មិនបានជាប់ចំណាត់ថ្នាក់អ្វីនៅក្នុងកម្មវិធី Freshie boy and girl 2008 ប៉ុន្ដែ បណ្ដាញស្ថានីយទូរទសន៍បានហៅ ប៊ុនថន ចូលរួមថតកម្មវិធីផ្សេងៗជាបន្ដបន្ទាប់។ ចន្លោះពីឆ្នាំ ២០០៨-២០០៩ លោកធ្លាប់បានសម្ដែងនៅក្នុងបទចម្រៀងរបស់ផលិតកម្ម C-star Sunday Town ក្នុងនោះមានបទចម្រៀង "ហេតុអ្វីលើកបងឲ្យគេ", "កាហ្វេបាត់ម្ចាស់", "តួរងស្ម័គ្រចិត្ត", "អូនមិនធ្លាប់ក្រ", "ស្មោះប៉ុណ្ណឹងហើយម្ដេចបងក្បត់" និង ភាពយន្ដមួយចំនួន។ ២០០៩-២០១៤ លោកបានបន្តការសិក្សានៅប្រទេសហ្វីលីពីន ហើយលោកទើបប្រឡូកចូលសិល្បៈកាលពីពេលថ្មីៗនេះ និង បានកាន់តំណែងនៅក្នុងគណៈកម្មការសម្របសម្រួលមូលនិធិសកលប្រចាំប្រទេសកម្ពុជា៕
សូមចុចអាន៖ អ៊ុន សិទ្ធា លើកពានតារាបង្ហាញម៉ូដនៅប្រទេសកូរ៉េ
សូមចុចអាន៖ Rock ធ្វើសន្និសីទពីរឿងរសើបពាក់ព័ន្ធនឹងភាពយន្តថ្ម
សូមចុចអាន៖ តារាប្រុសស្រីល្បីៗកម្ពុជា គ្រោងជួបគ្នាស្វាគមន៍ ISO របស់ Cambodia Beer
អត្ថបទ៖ ប៊ិន ប៊ុណ្ណា