ប៉េង ចាន់ថុល៖ "ទោះ​​បរទេស​ប្រាក់​ខែ​ច្រើន តែ​ខ្ញុំ​ចង់​សម្រេច​ក្ដី​ប្រាថ្នា​នៅ​​ស្រុក​ខ្មែរ"

  • 2015-05-25 20:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់ៗមាន​ទស្សនៈ​ខុស​គ្នា។ អ្នក​ខ្លះ​ខំប្រឹង​ប្រលង​អាហារូបករណ៍ ដើម្បី​សិក្សា​និង​ធ្វើ​ការ​នៅ​ស្រុក​ក្រៅ ប៉ុន្តែ​​​កញ្ញា ប៉េង ចាន់ថុល ដែល​ក្ដាប់​បាន​អាហារូបករណ៍ ​ថ្នាក់​អនុបណ្ឌិតរបស់​សហគមន៍​អឺរ៉ុប​​​លើ​មុខ​ជំនាញ "គ្រប់គ្រង​​គុណភាព​​ចំណី​​​អាហារ​" បាន​ប្ដេជ្ញា​ថា​ ក្រោយបញ្ចប់​​ការសិក្សា កញ្ញានឹង​វិល​ត្រឡប់​មក​កម្ពុជា​​វិញ បើ​ទោះបី​នៅ​បរទេស​មានប្រាក់​ខែ​​ច្រើន​ក្ដី ព្រោះ​​ថា​កញ្ញា​​មាន​គោលដៅ​ជីវិតច្បាស់លាស់ និង​​ចង់​សម្រេច​ក្ដី​ប្រាថ្នា​​របស់​ខ្លួន​នៅលើ​ទឹកដី​​កំណើត។

 

 

អតីត​និស្សិត​​ថ្នាក់​វិស្វករ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ចាន់ថុល ដែល​បច្ចុប្បន្ន​កំពុង​ចុះ​កម្មសិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់ បាន​ប្រាប់ Sabay ក្នុង​សម្ដី​មួយៗ​និង​ច្បាស់​ថា បើ​សិន​ជា​គិត​លើ​ប្រាក់បៀវត្សរ៍ អ្នក​ណា​ក៏​ចង់​នៅ និង​ធ្វើ​ការ​នៅ​ស្រុក​គេ​ដែរ។ មនុស្ស​ម្នាក់ៗ​មាន​ការ​យល់​ឃើញ​ខុស​គ្នា ប៉ុន្តែ​​កញ្ញា​ផ្ទាល់​​​​​​ចង់​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរវិញ។

 

ចាន់ថុល បានប្រាប់យ៉ាង​ម៉ឺងម៉ាត់​ថា "ធ្វើការ​នៅ​ស្រុក​ខ្មែរ បំពេញ​ក្ដី​ស្រម៉ៃ និង​រស់​នៅ​ក្បែរ​ក្រុម​គ្រួសារ ទើប​ជា​​សេចក្ដី​​​សុខ​ពិត​ប្រាកដ​របស់​ខ្ញុំ"។

 

យុវនារីមាន​ស្រុក​កំណើត នៅ​​ភូមិចំការ​សំរោង​មួយ ឃុំចំការសំរោង ស្រុក​បាត់​ដំបង ខេត្ត​បាត់ដំបង បញ្ជាក់​យ៉ាងដូច្នេះ​ថា កញ្ញា​ចង់​ក្លាយ​ជា​គ្រូបង្រៀនមួយ​រូប ដែល​ជួយ​បណ្ដុះ​បណ្ដាល​​​ធនធាន​មនុស្ស លើ​មុខ​ជំនាញ ​"គ្រប់គ្រង​គុណភាព​អាហារ" និង​ចង់​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ ដល់​​អ្នកលក់ អ្នក​ផលិត​សិប្បកម្ម​អាហារ និង​ជាអ្នក​រៀប​ចំ​ប្រព័ន្ធ​សុវត្ថិភាព​ចំណី​អាហារ ឱ្យ​មាន​គុណភាព ​សុវត្ថិភាព​ ជា​ប្រយោជន៍​ដល់​ប្រជាជន​ខ្មែរ។ សព្វ​ថ្ងៃ​ចាន់ថុល​មើល​ឃើញ​ថា គុណភាព​ និង​បរិមាណ​អាហារ​នៅ​កម្ពុជា​ ​មាន​កម្រិតនៅឡើយ ដែល​ជា​គុណ​វិបត្តិ ក្នុង​ការ​នាំចេញ និង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។ ​

 

អតីត​​សិស្ស​វិទ្យាល័យ ព្រះ​មុន្នីវង្ស ខេត្ត​បាត់ដំបង ទទួល​​បាន​ជំនួយ​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ជំនាញ "គ្រប់គ្រង​ចំណី​​អាហារ ឬ Erasmus Mundus-Edamus, "Sustainable Management of Food Quality” ពី​សហគមន៍​អឺរ៉ុប (European Union) និង​គ្រប់គ្រង​សម្របសម្រួល​ដោយ សាកលវិទ្យាល័យ​ម៉ុងពឺលីយ៉េ (Montpellier) នៃ​ប្រទេស​ប្រទេស​បារាំង រួម​សហការ​ជាមួយ​សាកលវិទ្យាល័យ​​ផ្សេងៗ​ទៀត​ជា​ដៃ​គូ​ រយៈពេល​២​ឆ្នាំ។

 

កញ្ញាបាន​រៀប​រាប់​​ថា កម្មវិធី​សិក្សា​ខាងលើ ​មាន​គោល​បំណងអប់រំ​និស្សិត​អន្តរជាតិ ​ឱ្យ​ក្លាយ​ជា​​អ្នក​ជំនាញ​គ្រប់គ្រង​គុណភាព និង​សុវត្ថិភាព​ចំណី​អាហារ​ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​​អ្នក​បរិភោគ។

 

 

បើ​តាម​ការ​បរិយាយ​របស់ ចាន់ថុល មុខ​ជំនាញ​ដែល​កញ្ញា​រៀន​នេះ គឺ​យ៉ាងហោចណាស់ និស្សិត​អាច​ជ្រើសរើស​ប្រទេស​ចំនួន​ពីរ ដើម្បី​ទៅ​សិក្សា​លើ​មុខ​ជំនាញ​ដែល​ខ្លួន​ពេញ​ចិត្ត ក៏​ប៉ុន្តែ​នៅ​ឆមាស​ទី​១​និស្សិត​ទាំង​អស់ ត្រូវ​តម្រូវ​ឱ្យ​សិក្សា​នៅ​សាកលវិទ្យាល័យ ម៉ុងពឺលីយ៉េ ជា​ចាំបាច់​ដើម្បី​សិក្សា​លើ​​មុខវិជ្ជា​គ្រឹះ​ដូចជា មុខវិជ្ជា​សារធាតុ​ចិញ្ចឹម​សម្រាប់​សុខភាព​នៅ​ក្នុង​អាហារ មុខវិជ្ជា​គុណភាព​អាហារ និង មុខវិជ្ជា​ច្បាប់​គ្រប់គ្រង​គុណភាព​សុវត្ថិភាព​អាហារ។

 

បន្ទាប់​មក​នៅ​​ឆមាស​ទី​ពីរ​និង​ទី​បី និស្សិត​អាច​ជ្រើសរើស​ប្រទេស​ពីរ​ ដែល​ក្នុង​ជម្រើស​នេះ ត្រូវ​តែ​មាន​ប្រទេស​មួយ​ជា​ចាំបាច់ គឺ​អ៊ីតាលី (សិក្សា​លើ​មុខវិជ្ជា បច្ចេកវិទ្យា​កសិកម្ម) ឬ​អេស្ប៉ាញ (សិក្សា​លើ​មុខវិជ្ជា គ្រប់គ្រង​ទីផ្សារ​ផលិតផល ចំណីអាហារ)។ ក្រៅ​ពី​នេះ​និស្សិត​អាច​រើស​យក​ប្រទេស​ដៃគូ​ផ្សេងទៀត ដើម្បី​សិក្សា​លើ​មុខវិជ្ជា​ផ្សេងៗ​ទៀត ដែល​ខ្លួន​ពេញចិត្ត​ផង​ដែរ​តួយ៉ាង ក្រិក ព័រទុយហ្គាល់ កាណាដា អាល់ហ្សេរី និង​ជប៉ុន​។ ​

 

ក្រោយ​សិក្សា​នៅ​បារាំង​មួយ​ឆមាស​កន្លះ និស្សិត​​រូប​នេះ​បាន​សម្រេច​ចិត្ត​ទៅ​សិក្សា នៅ​ប្រទេស​អេស្ប៉ាញ​មួយ​ឆមាស និង​ព័រទុយហ្គាល់​មួយ​ឆមាស​កន្លះ ព្រោះ​តែ​សាកលវិទ្យាល័យ​ក្នុង​​ប្រទេស​ទាំង​ពីរ​នេះ ផ្ដល់​នូវ​មុខវិជ្ជា​ដែល​កញ្ញា​ពេញ​ចិត្ត​និង​ត្រូវ​ជំនាញ។ ចាន់ថុល បញ្ជាក់។

 

មក​រៀន​នៅ​បារាំង ចាន់ថុល ជួប​ការ​លំបាក​ច្រើន ទាំង​ការ​រៀន​សូត្រ ការ​ស្ដាប់​និង​និយាយ​ភាសា និង​ការ​រស់​នៅ​​ទៀតសោត មិន​ខុស​ពី​និស្សិត​ខ្មែរ​ផ្សេងប៉ុន្មាន​ទេ ព្រោះ​អ្វី​ៗ​ជា​ចំណុច​ចាប់​ផ្ដើម។ កញ្ញា​​ថា " ដើម្បី​​ទាន់​គេ ខ្ញុំ​ត្រូវ​រៀន​ច្រើន​ម៉ោង ហត់​ខ្លាំង​ពេល​ខ្លះ មាន​តែ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ ញ៉ាំ​អាហារ​ពេល​ថ្ងៃ។ ខ្ញុំ​ស្ត្រេស​ខ្លាំង ខ្ញុំ​ស្រណោះ​ខ្លួន​ឯង ហើយ​នឹក​​ផ្ទះ"។

 

និស្សិត​ជាប់​អាហារូបករណ៍​ថ្នាក់​វិស្វករ​រយៈពេល​៥​ឆ្នាំ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨​រូប​នេះ រៀបរាប់​ទាំង​ជឿជាក់​ថា ទោះ​ត្រូវ​ប្រឈម​ការ​លំបាក​ក្ដី កញ្ញា​នៅ​តែ​​ប្រឹង​ខំ​មាត់​សង្កត់​ចិត្ត ដើម្បី​ជម្នះ​ភាព​ទន់ជ្រាយ ហើយ​​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជានិច្ច​ថា គ្មាន​អ្វី​ដែល​ស្រួល​នោះ​ទេ សំខាន់​ការ​តស៊ូ។ បន្ថែម​ពី​ការ​ជំរុញខ្លួន​ឯង ចាន់ថុល ក៏​ទទួល​​​​ការ​លើក​ទឹក​ពី​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​រៀមច្បង​ផង​ដែរ ដែល​ធ្វើ​ឱ្យ​នាង​ជោគជ័យ​ដល់​ថ្ងៃ​នេះ។

 

 

 

នៅ​ពេល​សួរ​ថា តើ​ទទួល​បាន​ដឹង​អ្វី​ខ្លះ​ពី​ជំនាញ​នេះ? យុវតី​វ័យ​២៥​ឆ្នាំ​ថ្លែង​ថា កញ្ញា​ដឹង​ពី​ជំនាញ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​អាហារ​ពី​វត្ថុធាតុ​ដើម ដល់​ផលិតផល​សម្រេច។ ចេះ​ស្រាវជ្រាវ​និង​អភិវឌ្ឍ ការ​ផលិត​អាហារ ការ​កែ​ច្នៃ​អាហារ ការ​ថែ​រក្សា​អាហារ​ឱ្យ​បាន​យូរ​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​ចេះ​ជំនាញ​ទីផ្សារ​ចំណីអាហារ។ មិន​ផ្ដោត​ចំណេះដឹង​លើ​ជំនាញ ចាន់ថុល ទទួល​បាន​​បទពិសោធន៍ និង​ចំណោះ​ដឹង​ផ្សេងៗ​ក្នុង​ការ​រស់​នៅ ទំនាក់ទំនង និង​វប្បធម៌​ជាដើម។

 

បើ​ងាក​មក​និយាយ​ពី​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ជំនាញ គ្រប់គ្រង​គុណភាព​អាហារ អតីត​និស្សិត​អក្សរសាស្ត្រ​អង់គ្លេស នៃ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុបរូប​នេះ​បាន​ឱ្យ​ដឹង​ថា កញ្ញា​ជាប់​អាហារូបករណ៍​ក្នុង​ឆ្នាំ​២០១៣ ដោយ​គ្មាន​ការ​ប្រឡង​ទេ គឺ​គ្រាន់​តែ​បំពេញ​ពាក្យ​សុំ​អាហារូបករណ៍​តាម​អ៊ីនធឺណិត ដើម្បី​ឱ្យ​គេ​ជ្រើសរើស។ ពាក្យ​សុំ​នោះ មើល​លើ​កំណត់ត្រា​ពិន្ទុ​ចាប់​ពី​ឆ្នាំ​ទី​៣​​ដល់​ទី​៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លិខិត​អនុសាសន៍​ពី​លោកគ្រូ​អ្នកគ្រូ (Recommendation letter) និង​បទពិសោធន៍​ការងារ ឬ​កិច្ចការ​ស្រាវជ្រាវ​ទាក់ទង​នឹង​ជំនាញ ​ដែល​ដាក់​ពាក្យ​សុំ​ជាដើម។ ក្រោយ​​មើល​ឯកសារ ពាក់ព័ន្ធ​ផ្សេងៗដែល​ត្រូវ​តាម​​ការ​ចង់​បាន​​ហើយ យើង​ត្រូវ​​ធ្វើ​បទសម្ភាសន៍​​ជា​ភាសា​អង់គ្លេស និង​បារាំង។

 

​​នេះ​មិន​មែន​​ជា​លើក​​ទី​១​ទេ​ អតីត​ដែល​​​អាហារូបករណ៍​​ថ្នាក់​វិស្វករ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​។ ក្នុង​ឆ្នាំ​២០១២ ចាន់ថុល បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​ រយៈ​ពេល​២​សប្ដាហ៍។ ​បច្ចុប្បន្ន​កញ្ញា​កំពុង​ចុះ​កម្មសិក្សា ដើម្បី​បញ្ចប់​ថ្នាក់​អនុបណ្ឌិត នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ នៃ​សាកលវិទ្យាល័យ​មួយ នៅ​ព័រទុយហ្គាល់ លើ​ប្រធាន​ប "សារធាតុ​សរីរាង្គ ដែល​រក្សា​អាហារ និង​ផលិត​អាហារ​ឱ្យ​ទុក​បាន​យូរ ដោយ​មិន​ប៉ះពាល់​​សុខភាព​អ្នក​បរិភោគ"។

 

ក្រោយ​បញ្ចប់​អតីត​សមាជិក​ក្រុម​ជយលាភី​លេខ​៣ និង​ទទួល​បាន​មេដាយ​សំរឹទ្ធ លើ​គំនិត​អាជីវកម្ម "សេវា​ផ្ដល់​យោបល់​លើ​បច្ចេកទេស​ចំណី​អាហារ" ក្នុង​ឆ្នាំ​២០១៣ដដែល នឹង​ត្រឡប់​មក​​កម្ពុជា​វិញ ដើម្បី​​ដាក់​ពាក្យ​បម្រើ​ការងារ​ជា​បង្រៀន ក្នុង​គោល​បំណង​ផ្ទេរ​ចំណេះ និង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​លើ​ជំនាញ​នេះ ហើយ​គោល​បំណង​មួយ​ទៀត​នោះ កញ្ញា​​នឹង​ស្វែងរក​អាហារូបករណ៍​ថ្នាក់​បណ្ឌិត​មួយ​កម្រិត​ទៀត៕

 

 
 

 

ចុចអាន៖ ម្ចាស់​មេដាយ​រូប​វិទ្យា​ទ្វីប​អាស៊ី ចង់​រៀន​នៅ តិចណូ

ចុចអាន៖ យុវជន​ម្នាក់​ចាប់​ជំនាញ​សិក្សាពី​ព្រះ​ពុទ្ធ​សាសនា ទោះ​រៀន​ចប់​ក៏​មិន​ស្ដាយ​ក្រោយ

 

អត្ថបទ៖ អ៊ុំ សុភក្តិ