៦ សំណួរ​ជាមួយ​ Demi Lovato ​ពី​ការ​ប្រគំ​តន្ត្រី​នៅ​កម្ពុជា

  • 2015-05-30 14:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ប៉ុប​អាមេរិក​ Demi Lovato ​​បាន​មក​​ប្រគំ​តន្ត្រី​នៅ​កោះ​ពេជ្រ​​កាល​ពី​យប់​ថ្ងៃ​ទី​៥​ ខែ​ឧសភា​​​កន្លង​ទៅ។ ​​​​​ការ​​​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក​ឆ្នាំ២០១៥​ របស់​ Demi ​​​​នៅ​​តំបន់​អាស៊ី ​និង​​​​​ជា​លើក​ដំបូង​​​​នៅ​កម្ពុជា​បាន​ទាក់ទាញ​អ្នក​ទស្សនា​ជាង​ ២ ​ម៉ឺននាក់​​​ចូលរួម​​ហ៊ោ​​កញ្ជ្រៀវ​យ៉ាង​​កង​រំពង។ ​​ម្ចាស់​បទ​ "Let It Go" បាន​បញ្ជាក់​ពី​ចំណាប់អារម្មណ៍ ​និង​បទពិសោធន៍​ស្នាក់នៅ​កម្ពុជា​ក្នុង​​​​សម្ភាស​ជាមួយ​ Sabay ​ដូច​តទៅ។

 

 

Sabay៖ ​នាយក​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន​ Smart ​លោក​ Thomas Hundt ​​ធ្លាប់​និយាយ​ថា ​នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី​នេះ​ជា​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​បំផុត​នៅ​កម្ពុជា។ ​តើ​​កញ្ញា​មាន​អារម្មណ៍​យ៉ាង​ណា​បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែល​​កញ្ញា​ធ្លាប់​​​ទៅ​សម្ដែង?

 

Demi៖ ​សម្រាប់​ខ្ញុំ ​គ្រប់​ការ​ប្រគំ​តន្ត្រី​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ផ្សេងៗ​គ្នា។ ​​ការ​ប្រគំ​តន្ត្រី​នីមួយៗ​របស់​ខ្ញុំ​តែ​មាន​​ចំណុច​ពិសេស​រៀងៗ​ខ្លួន ​​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្ញុំ​តែង​បង្កើត​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​រាល់​ពេល​ដែល​ខ្ញុំ​ឡើង​សម្ដែង។ ចំណែក​នៅ​កម្ពុជា​ក៏​ដូច​គ្នា​ដែរ។

 

Sabay៖ ​តើ​​កញ្ញា​​​​យល់​យ៉ាង​ណា​​ចំពោះ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​អន្តរជាតិ​​ពិភពលោក​​​​លើក​ទី ១ ​​ក្នុង​ប្រទេស​កម្ពុជា​មុខ​​ទស្សនិកជន​​ជាង​​២ ​ម៉ឺន​នាក់? ​​​តើ​​កញ្ញា​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ?

 

​Demi៖ ​​បទពិសោធន៍​តាំង​ពី​ដើម​រហូត​ដល់​ចប់ (នៅ​កម្ពុជា) ​​​​​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ ​​ម្ចាស់​ឧបត្ថម្ភ​​បាន​​​​​យក​ចិត្ត​ទុក​ដាក់​ ​និង​សម្ដែង​គារវកិច្ច​មក​លើ​ខ្ញុំ​ និង​ក្រុម​ការងារ​​យ៉ាង​កក់​ក្ដៅ។

 

Sabay៖ ​​តើ​​​​​​ពេល​វេលា​ណា​ខ្លះ​ដែល​គួរ​ឲ្យ​ចងចាំ​​បំផុត​សម្រាប់​ការ​សម្ដែង​របស់​កញ្ញា​នៅ​ទី​នេះ?​ ​

 

Demi៖ ​​ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ជា​ខ្លាំង​​ពេល​ឃើញ​​ក្រុម​អ្នក​គាំទ្រ​ដ៏​ច្រើន​ស្រែក​​ច្រៀង​តាម​បទ​ចម្រៀង​របស់​ខ្ញុំ។ ​​ខ្ញុំ​ពិត​ជា​មិន​ជឿ​សោះ​ថា ​ខ្ញុំ​មាន​អ្នក​គាំទ្រ​ច្រើន​បែប​នេះ​នៅ​កម្ពុជា។ ​​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ឆាក​ប្រគំ​តន្ត្រី​​​​ ​និង​ឮ​សំឡេង​ហ៊ោ​កញ្ជ្រៀវ​របស់​​ Fan ​​ខ្ញុំ​ពិត​ជា​រំភើប​មិន​គួរ​ឲ្យ​ជឿ។ ​​​ចំនួន​ Fan ​បន្ត​ចូល​ទៅ​កាន់​កន្លែង​ប្រគំ​តន្ត្រី​ច្រើន​ឡើងៗ ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​រង់ចាំ​សម្ដែង​​បាន។

 

Sabay៖ ​តើ​អ្វី​ដែល​​កញ្ញា​​​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​អំពី​កម្ពុជា ​និង​ការ​ប្រគំ​តន្ត្រី​នេះ?​

 

Demi៖ ​ខ្ញុំ​មិន​ធ្លាប់​មក​កម្ពុជា​ពី​មុន​មក​ទេ ​ដូច្នេះ​អ្វីៗទាំង​អស់​​​គឺ​ពិតជា​​​ថ្មី​សម្រាប់​ខ្ញុំ​។ ​ខ្ញុំ​ពិត​ជា​រំភើប​​ចំពោះ​មនុស្ស​គ្រប់​រូប​នៅ​ទី​នេះ​រាប់​​តាំង​ពី​បុគ្គលិក​សណ្ឋាគារ​​​ អ្នក​គាំទ្រ​ឡើង។ ​និយាយ​ឲ្យ​ចំ​មនុស្ស​គ្រប់​គ្នា​គឺ​ពិត​ជា​រួសរាយ ​​រាក់ទាក់ និង​​ស្វាគមន៍​ជា​ខ្លាំង។

 

Sabay៖ ​​​​ពេល​នោះ​ ​តើ​កញ្ញា​ស្នាក់នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃ ​ហើយ​​មាន​​បាន​ទៅ​កន្លែង​កម្សាន្ត​ណា​ឬ​អត់?

 

Demi៖ ​ខ្ញុំ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង។ ​ដោយសារ​កាលវិភាគ​មមាញឹក​ពេក ​ខ្ញុំ​នៅ​បាន​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ ​និង​មិន​បាន​ទៅ​ណា​ទេ។ ​​​ខ្ញុំ​សង្ឃឹម​ថា ​​អាច​ត្រឡប់​ទៅ​ (កម្ពុជា) ​​​​ម្ដង​ទៀត ​និង​ចំណាយ​ពេល​ដើម្បី​​​ស្គាល់​កម្ពុជា​​ឲ្យ​កាន់​តែ​ច្រើន។

 

Sabay៖ ​​​​​​​គ្មាន​នរណា​ម្នាក់​ជឿ​ថា ​​កញ្ញា​​នឹង​មក​សម្ដែង​នៅ​កម្ពុជា​ទេ​ពី​មុន​មក។ ​​ចុះ​កញ្ញា​​​មាន​គម្រោង​នឹង​​​ត្រឡប់​​មក​កម្ពុជា​ជា​ថ្មី​ដើម្បី​ធ្វើការ​ ​ឬ​សម្រាក​លំហែ​កាយ​ទេ? ​​តើ​ប្រិយមិត្ត​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​អាច​ជួប​​​កញ្ញា​​​ម្ដង​ទៀត?

 

Demi៖​ អរគុណ! ​ខ្ញុំ​សង្ឃឹម​ថា ​អាច​មក​ធ្វើ​ការ​ ​ឬ​សម្រាក​លំហែ​នៅ​ទី​នោះ​​ម្ដង​ទៀត​​ឆាប់ៗ។ ​​ខ្ញុំ​មាន​ការ​មមាញឹក​ច្រើន​ ដូច្នេះ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​រៀបចំ​ពេល​វេលា​​ឲ្យ​បាន​សមស្រប​ក្នុង​ការ​ធ្វើ​ដំណើរ​​លំហែ។ ​​​តែ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​កម្ពុជា​ខ្លាំង​ណាស់។​ ខ្ញុំ​នឹង​ព្យាយាម​តាម​ដែល​ធ្វើ​បាន​ដើម្បី​ឆ្លៀត​ពេល​មក​ទី​នេះ​ម្ដង​ទៀត។​

 

អាន៖ Demi Lovato ​​​​​​ប្រឈម​​​​ជំងឺ​ផ្នែក​ស្មារតី​ជា​ច្រើន​ឆ្នាំ

 

អត្ថបទ៖ ​សីហា