អង្ករក្លែងក្លាយចូលដល់ប្រទេសហ្វីលីពីនហើយ
- 2015-06-29 23:07:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្ករក្លែងក្លាយចូលដល់ប្រទេសហ្វីលីពីនហើយ
ចន្លោះមិនឃើញ
មនុស្សជាច្រើននៅក្រុង Davao កោះ Mindanao ប្រទេសហ្វីលីពីន បាននាំគ្នារអ៊ូរទាំយ៉ាងខ្លាំង បន្ទាប់ពីទិញប៉ះចំអង្ករក្លែងក្លាយ។ នេះបើតាមការចុះផ្សាយលើសារព័ត៌មាន ABS-CBN របស់ប្រទេសហ្វីលីពីន។
អង្ករក្លែងក្លាយទាំងនោះ មើលទៅហាក់ដូចជាអង្ករធម្មជាតិ ពិបាកក្នុងការញែកគ្នាឲ្យដាច់ ប៉ុន្តែនៅពេលដាំឆ្អិនវាបានរីកស្ពោតដូចជាគ្រាប់ស្នោ។ អភិបាលក្រុង Davao លោក Rodrigio Duterte បានធ្វើការព្រមានចំពោះអ្នកនាំចូលអង្ករក្លែងក្លាយ និងចែកចាយនៅក្នុងក្រុងរបស់ខ្លួន។
“ខ្ញុំអនុញ្ញាតឲ្យពួកគេបញ្ឈប់វា... ខ្ញុំសំដៅលើឡានដឹកទំនិញទាំងអស់ហ្នឹង។ ខ្ញុំនឹងឲ្យពួកគេបង្កើតកន្លែងឆែកឆេរទាំងនៅក្រៅកំពង់ផែ ទាំងនៅកំពង់ផែ បន្ទាប់មកចាប់ផ្ដើមត្រួតពិនិត្យ"។ លោក Duterte និយាយ។
អភិបាលក្រុងវ័យ ៧០ឆ្នាំរូបនេះ បានបន្តដោយកំហឹងទៀតថា "បើអស់លោកជាឈ្មួញនាំចូលអង្ករក្លែងក្លាយ សូមនាំទៅវិញឲ្យអស់ប្រសើរជាង... កុំធ្វើអ៊ីចឹង, ព្រោះខ្ញុំនឹងឲ្យអស់លោកទទួលទានអង្ករទាំងនោះឲ្យអស់... បើអង្ករមានរាប់រយតោន ខ្ញុំឲ្យពេល ២៤ម៉ោងដើម្បីលេបអង្ករនោះឲ្យអស់"។
ប៉ុន្មានខែចុងក្រោយនេះ ព័ត៌មានទាក់ទងអង្ករក្លែងក្លាយបានចុះផ្សាយបន្តបន្ទាប់ ទាំងនៅក្នុងប្រទេសចិន វៀតណាម និងថៃជាដើម។ ជាធម្មតា អង្ករក្លែងក្លាយមានលក្ខណៈស្រដៀងគ្នាបេះបិទទៅនឹងអង្ករធម្មជាតិ ពិបាកក្នុងការញែកឲ្យដាច់ណាស់ ប៉ុន្តែបើតាមវិបសាយ Oryza.com បានបញ្ជាក់ថា អង្ករក្លែងក្លាយពេលដាំឆ្អិននឹងក្លាយជារឹងខុសពីធម្មតា។ ចំណែកស៊ុបដែលដាក់អង្ករនេះចូលហាក់ដូចជាគ្មានជាតិ និងឆេះនៅពេលរងកម្ដៅខ្លាំង៕
ចុចអាន៖ អង្ករក្លែងក្លាយធ្វើពីប្លាស្ទិកកំពុងរីករាលដាលនៅអាស៊ី
ចុចអាន៖ អាជ្ញាធរថៃបង្កើនការប្រុងប្រយ័ត្ន ក្រោយប្រទះឃើញអង្ករក្លែងក្លាយ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ abs-cbnnews