១០សំណួរក្ដៅ ស្រាយចម្ងល់ការប្រឡងបាក់ឌុបឆ្នាំនេះ
- ពុធ, 22 កក្កដា 2015 22:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០សំណួរក្ដៅ ស្រាយចម្ងល់ការប្រឡងបាក់ឌុបឆ្នាំនេះ
ចន្លោះមិនឃើញ
ព័ត៌មានទាក់ទងពីច្បាប់វិន័យការប្រលងបាក់ឌុប នៅតែមានចំណុចមួយចំនួនជាមន្ទិល។ ដើម្បីស្រាយចម្ងល់ ក្រសួងអប់រំ យុវជននិងកីឡា បានដាក់ជាសំណួររួមទាំងចម្លើយដែលត្រូវបានសួរញឹកញាប់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះនៅលើទំព័រ Facebook របស់ខ្លួន។
១/ ដើម្បីមានសិទ្ធចូលប្រឡង តើបេក្ខជនត្រូវមានអ្វីខ្លះ?
បេក្ខជនត្រូវយកមកនូវប័ណ្ណសម្គាល់ខ្លួន សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា និងសលាកបត្រឯកត្តជនសម្រាប់បេក្ខជនស្វៃរិនចំណេះទូទៅ និងបំពេញវិជ្ជា។
២/ តើត្រូវធ្វើដូចម្ដេច ប្រសិនបើបេក្ខជនបាត់ប័ណ្ណសំគាល់ខ្លួនឬសាលាកបត្រឯកត្តជន?
មុនកាលបរិច្ឆេទប្រឡង៖ បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវទាក់ទងជាមួយគណៈគ្រប់គ្រងសាលា រីឯបេក្ខជនស្វៃរិន ត្រូវទាក់ទងជាមួយមន្ទីរអប់រំ យុវជន និងកីឡា ឲ្យបានឆាប់បំផុតដើម្បីស្នើសុំប័ណ្ណសម្គាល់ខ្លួន សលាកបត្រឯកត្តជនថ្មី ឬលិខិតបញ្ជាក់
ក្នុងពេលដំណើរការសំណេរ៖ បេក្ខជនត្រូវទាក់ទងប្រធានមណ្ឌលដើម្បីស្នើសុំលិខិតអនុញ្ញាតឲ្យចូលប្រឡង។
៣/ តើពិន្ទុប៉ុន្មានត្រូវបានកំណត់ឲ្យជាប់ សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?
របបពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ ៥០០ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។
៤/ តើបញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទបញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រលងនឹងបិទផ្សព្វផ្សាយតាមមណ្ឌលប្រលងនៅថ្ងៃណា?
បញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទបញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រឡង នឹងបិទផ្សព្វផ្សាយ តាមមណ្ឌលប្រឡង ចាប់ពីម៉ោង ៩ ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ ។
៥/ តើក្រសួងមានវិធានការយ៉ាងណាចំពោះការប្រឡងជំនួស?
ចំពោះបេក្ខជនដែលឲ្យគេប្រឡងជំនួស ត្រូវបានកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រឡងពីរឆ្នាំបន្តបន្ទាប់។ ដោយឡែក បេក្ខជនដែលប្រឡងជំនួសគេ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន។
៦/ តើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៤ សីហា ២០១៥ នឹងប្រកាសនៅពេលណា?
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៤ សីហា ២០១៥ នឹងប្រកាសជូន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ចំពោះមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយឡែកបណ្ដាខេត្តផ្សេងទៀត នឹងប្រកាសជូននៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ។
៧/ តើបេក្ខជន មាតាបិតា ឬអ្នកអាណាព្យាបាលមានសិទ្ធិតវ៉ា ចំពោះការមិនពេញចិត្តនឹងលទ្ធផលប្រឡងដែរឬទេ?
បេក្ខជន មាតាបិតា អ្នកអាណាព្យាបាល ឬអ្នកពាក់ព័ន្ធដែលមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡង មានសិទ្ធិប្ដឹងតវ៉ាក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃ ចាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡង។ អ្នកប្ដឹងតវ៉ាត្រូវសរសេរជាលាយលក្ខណ៍អក្សរត្រឹមត្រូវ មានភស្តុតាង មានឈ្មោះ មុខរបរ អាសយដ្ឋានច្បាស់លាស់ និងមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក្នុងករណីមានពាក្យបណ្ដឹង ឬពិនិត្យឃើញថា ការប្រឡងមានភាពមិនប្រក្រតីលើកិច្ចការរបស់បេក្ខជន និងលើការអនុវត្តភារកិច្ចរបស់គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ក្រសួងត្រូវបង្កើត គណៈកម្មការកោសល្យវិច័យ។
៨/ តើវិធីគណនាលំដាប់ពិន្ទុដោយរបៀបណា?
លំដាប់ពិន្ទុត្រូវបានគណនាតាមរូបមន្តដូចខាងក្រោម ៖ PR = [(n – i +1) / n ] x 100
ក្នុងរូបមន្តខាងលើ៖ PR ជាលំដាប់ពិន្ទុ n ជាចំនួនបេក្ខជនដែលបានមកប្រឡងទាំងអស់ i ជាចំណាត់ថ្នាក់របស់បេក្ខជនណាម្នាក់
ឧទាហរណ៍ ៖ នៅឆ្នាំ២០១៥ មានបេក្ខជនដែលបានមកប្រឡង ៨៨ ៤៨៨ នាក់ តើបេក្ខជនម្នាក់ឈ្មោះ សុក ថា ដែលបានចំណាត់ថ្នាក់ទី១១ មានលំដាប់ពិន្ទុប៉ុន្មាន ? ចម្លើយ ៖ លំដាប់ពិន្ទុរបស់បេក្ខជនឈ្មោះ សុក ថា គឺ PR = [(88488 – 11 + 1) / 88488] x 100 = 99.988
៩/ តើមានការកំណត់ទណ្ឌកម្មខាងវិន័យយ៉ាងដូចម្ដេច ចំពោះគណៈមេប្រយោគ គណៈកម្មការ និង អនុគណៈកម្មការទាំងឡាយណាដែលប្រព្រឹត្តកំហុសក្នុងដំណើរការប្រឡង?
ប្រធាន អនុប្រធាន និងសមាជិកនៃគណៈមេប្រយោគ គណៈកម្មការ និងអនុគណៈកម្មការនានា ដែលប្រព្រឹត្តឲ្យមានកំហុសក្នុងដំណើរការប្រឡងត្រូវទទួលទណ្ឌកម្ម ខាងវិន័យដូចខាងក្រោម៖
ក. ទណ្ឌកម្មខាងវិន័យថ្នាក់ទី១៖
ខ. ទណ្ឌកម្មខាងវិន័យថ្នាក់ទី២៖
១០/ តើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៤-២០១៥ មានលក្ខណៈដូចម្ដេច?
សេចក្ដីប្រកាសព័ត៌មានស្ដីពី គោលការណ៍នៃការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥ បានចែងថា ក្រសួងនឹងបន្តពង្រឹងការអនុវត្តតាមគោលការណ៍នៃកំណែទម្រង់របស់ខ្លួន ដូចឆ្នាំ២០១៤កន្លងទៅ ដោយគ្រាន់តែធ្វើការកែលម្អចំណុចខ្វះខាតផ្នែកបច្ចេកទេសមួយចំនួន តូច។
សូមអាន ៖ ប្រើម៉ាស៊ីនគិតលេខពេលប្រឡងបាក់ឌុបល្អ ឬមិនល្អ?
សូមអាន៖ លោកគ្រូ ជ័យ ថាវី បង្ហើបគន្លឹះប្រឡងជាប់បាក់ឌុបឆ្នាំនេះ
អត្ថបទ៖ លឹម សុនា