Arsenal ​ឱ្យ​៣១០​លាន​ដុល្លារ​ តែ​ Wenger ​មិន​ទាន់​ទិញ​កីឡាករ

  • 2015-07-24 17:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lord Harris ​នាយក​ក្លិប Arsenal ​បាន​បញ្ជាក់​ថា​កាំភ្លើង​ធំ​មាន​ប្រាក់​២០០​លាន​ផោន (៣១០​លាន​ដុល្លារ​អាមេរិក) ​ក្នុង​ធនាគារ​ដើម្បី​ចំណាយ​ទិញ​កីឡាករ​ថ្មី​ៗ​បំបែក​កំណត់ត្រា​តម្លៃ​ខ្លួន ប៉ុន្តែ​អ្នក​ចាត់ការ Arsene Wenger ​មិន​ទាន់​សម្រេច​ចិត្ត​ថា​ទិញ​ម្នាក់​ណា​នៅ​ឡើយ​ទេ។

 

 

Lord Harris ​មិន​បាន​បដិសេធ​ទេ​ថា​ក្លិប​មិន​ហ៊ាន​ចំណាយ​ច្រើន​ទេ​អំឡុង​ពេល​ធ្វើ​កីឡដ្ឋាន​ថ្មី ប៉ុន្តែ​ពេល​នេះ​មិន​ដូច​មុន​ទេ ពោល​គឺ​កាំភ្លើង​ធំ​ត្រៀម​ប្រាក់​ចំនួន​២០០​លាន​ផោន​រួច​ជា​ស្រេច​ ដើម្បី​ឱ្យ​លោក Wenger ​ចំណាយ​ទិញ​កីឡាករ​ល្អ​ៗ​ពង្រឹង​ក្រុម​ឡើង​វិញ។

 

បុរស​វ័យ​៧២​ឆ្នាំ​ខាង​លើ​បាន​​បញ្ជាក់​ថា៖ "យើង​អាច​ដើរ​ចូល​ទីផ្សារ​ដោះដូរ​កីឡាករ​បាន ហើយ​ប្រហែល​ជា​អាច​ទិញ​កីឡាករ​កំពូល​ៗ​បាន​ទៀត​ផង។ យើង​មាន​ប្រាក់​២០០​លាន​ផោន​នៅ​ធនាគារ​ដើម្បី​ចំណាយ។ ពេល​នេះ​យើង​មិន​ទាន់​មាន​គម្រោង​ទិញ​នរណា​នោះ​ទេ រហូត​ទាល់​តែ Wenger ​រក​ឃើញ​អ្នក​ខ្លាំង​ពិត​ប្រាកដ​ដូច Ozil ​និង Sanchez ​អីចឹង។ យើង​គាំទ្រ​គាត់​ក្នុង​ការ​ទិញ​កីឡាករ​ថ្លៃ​ៗ ប្រសិន​បើ​គាត់​ចង់​បាន”។

 

លោក​នាយក​ក្លិប Arsenal ​ខាង​លើ​បាន​និយាយ​ចំពោះ​ចរិតរបស់​ Wenger ​ថា៖ "គាត់​ជា​មនុស្ស​ល្អ​ណាស់។ អ្នក​អាច​និយាយ​ទៅ​គាត់ ថា​យើង​គ្មាន​ប្រាក់​ទេ ហើយ​គាត់​ក៏​មិន​ថា​អី​ដែរ ឬ​អ្នក​អាច​ឱ្យ​គាត់​១០០​លាន​ផោន ហើយ​គាត់​ក៏​ប្រហែល​ជា​មិន​ចំណាយ​វា​ដែរ”។

 

កាំភ្លើង​ធំ​ខកខាន​លើក​ពាន Premier League ​អស់​ពេល​ជាង​១០​ឆ្នាំ​ហើយ បន្ទាប់​ពី​បាន​​ឈ្នះ​លើក​ចុង​ក្រោយ​​កាល​ពី​​រដូវ​កាល ២០០៣-២០០៤ ។ ចំណែក​ឯ​រដូវ​កាល​ទើប​តែ​បញ្ចប់​ទៅ​នេះ ពួកគេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣៕

 

ចុចអាន៖​ Arsenal ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន Benzema ​ពី Real

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror