កត្តាធំៗ ៣ យ៉ាង ជំរុញឱ្យ សៀវ សុខលី ជាប់អាហារូបករណ៍ ២ ប្រទេស
- 2015-07-28 16:49:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត្តាធំៗ ៣ យ៉ាង ជំរុញឱ្យ សៀវ សុខលី ជាប់អាហារូបករណ៍ ២ ប្រទេស
ចន្លោះមិនឃើញ
"ខ្ញុំបានជោគជ័យដល់ថ្ងៃនេះ ដោយសារមានកត្តាបី ៣ យ៉ាងជំរុញឲ្យខ្ញុំប្រឹងសម្រេចក្ដីស្រមៃ គឺទី ១ ខ្ញុំចង់ជិះយន្តហោះដូចពួកម៉ាកខ្ញុំ ទី២,ស្ថានភាពលំបាកក្រោយឪពុកស្លាប់ ដែលខ្ញុំត្រូវតែប្រឹងប្រែង និង ទី ៣ ការផ្ដល់កម្លាំងចិត្តពីមិត្តស្រី"។ សៀវ សុខលី ប្រាប់ Sabay តាមរយៈហ្វេសប៊ុកពីប្រទេសជប៉ុន។
សព្វថ្ងៃយុវជនមានដើមកំណើតមកពី ខេត្ត បន្ទាយមានជ័យ កំពុងសិក្សាថ្នាក់បណ្ឌិតលើជំនាញ "វិស្វកម្មបរិស្ថាន" នៅវិទ្យាស្ថានបច្ចេកទេសវិទ្យាតូក្យូប្រទេសជប៉ុន បន្ទាប់បញ្ចប់ថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ ហ្វីលីពីន-ឌីលីម៉ាន ក្នុងឆ្នាំ ២០១៤ ។
ទី១, ក្ដីប្រាថ្នាចង់ជិះយន្ដហោះ
សុខលី និយាយថា "ពេលខ្ញុំជូនពួកម៉ាកឡើងយន្តហោះទៅបន្តការសិក្សានៅហុងកុងឆ្នាំ២០០៨ ខ្ញុំក៏មានក្ដីស្រមៃចង់ជិះយន្តហោះដូចគេដែរ"។ យ៉ាងណាកាលនោះ យុវជនរូបនេះបានត្រឹមតែអង្គុយលើក្បូន ដែលកំពុងរសាត់អណ្ដែត ក្នុងសមុទ្រដ៏ធំល្វឹងល្វើយប៉ុណ្ណោះ ព្រោះរូបគេទើបតែជានិស្សិតឆ្នាំមូលដ្ឋាន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដោយមិនទាន់មានចំណេះដឹងអ្វីជាដុំកំភួន គ្មានទឹកចិត្តខ្លាំងក្លា មានចំណាត់ថ្នាក់ ពិន្ទុមិនល្អ និង ជួបឧបសគ្គច្រើន ជាហេតុធ្វើឱ្យលោកមិនដឹងពី របៀបដាក់ពាក្យ និង គ្មានទឹកចិត្តប្រឡងអាហារូបករណ៍ឡើយ។
ចុងឆ្នាំទី ២ ជាឆ្នាំត្រូវជ្រើសរើសជំនាញ អ្នកភូមិ ១ ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ បានរើសយកមុខវិជ្ជា ដែលខ្លួន និង គ្រួសារពេញចិត្ត គឺវិស្វកម្មសំណងស៊ីវិល ជាជម្រើសទី ១ និង វិស្វកម្មចំណីគីមី និង ចំណីអាហារ ជាជម្រើសទី ២។ ជាលទ្ធផលបង្ហាញថា សុខលី ជាប់មុខវិជ្ជាវិស្វកម្មចំណីគីមី និង ចំណីអាហារ ខណៈមុខវិជ្ជាសំណព្វចិត្តត្រូវរបូតចេញ ដោយសារតែពិន្ទុទាប បើធៀបនឹងនិស្សិតដទៃ។
កូនប្រុសទី ២ ក្នុងគ្រួសារមានជីវភាពមធ្យមរូបនេះ ប្រាប់ Sabay ទៀតថា លោក និង គ្រួសារមិនសប្បាយចិត្តចំពោះលទ្ធផលឡើយ ហើយថែមទាំងធ្វើឱ្យក្ដីស្រមៃចង់ជិះយន្តហោះស្ទើរតែបាត់បង់។ ទោះបីជាបែបនេះក្ដី ឧបសគ្គនេះមិនបានសម្លាប់កូនចិត្តរបស់រូបគេឡើយ ហើយភាពអស់សង្ឃឹមទាំងអំបាលម៉ាន បានរលាយខ្សុលទៅវិញ ត្រឹមរយៈពេលមួយចម្អិនកំពឹស ឬមួយភ្លើងចំបើង។
"ចូលឆ្នាំទី ៣ ខ្ញុំរៀនចេះ និង យល់ច្រើនលើមុខវិជ្ជា "វិស្វកម្មគីមី និង ចំណីអាហារ" ហើយទទួលបានចំណាត់ថ្នាក់លេខ ១ ប្រចាំឆមាសទី១"។ សុខលី បញ្ជាក់។
ទី២, ឪពុកស្លាប់ធ្វើឲ្យស្ថានភាពគ្រួសារកាន់តែជួបការលំបាក តែសុខលី យកបញ្ហាធ្វើជាកម្លាំងចិត្តសិក្សា
ប្រទេសកម្ពុជាគ្មានទឹកជំនន់ទេនាពេលនោះ ប៉ុន្តែសមាជិកគ្រួសារម្នាក់ៗរបស់ សុខលី ពោរពេញដោយសំណោកទឹកភ្នែក ព្រោះតែឪពុកជាម្លប់ដ៏ត្រជាក់ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍។ គ្រួសារចាប់ផ្ដើមដុនដាបខ្លាំង ព្រោះបន្ទុកកូនៗទាំងបួននាក់ ត្រូវធ្លាក់លើអ្នកម្ដាយដែលជាស្ត្រីមេម៉ាយ។
ហេតុតែចំណូលប្រៀបដូចជាទឹកត្នោតស្រក់តក់ៗ រីឯប្រាក់ចំណាយដូចទឹកទុយយោ ជាពិសេសការចំណាយលើថ្លៃសិក្សារបស់សុខលី និង ប្អូនប្រុសនៅភ្នំពេញ (បង់លុយពេញ) ក៏ធ្វើឱ្យជំនួញរកស៊ីរបស់ម្ដាយចេះតែខាតទៅ។ យុវជនវ័យ ២៧ ឆ្នាំ បង្ហើបទៀតថា លោកពិតជាពិបាកចិត្ត ព្រោះមិនអាចជួយអ្វីបាន និង ជាអារម្មណ៍ខ្វល់ខ្វាយមួយ ដែលខ្លួនមិនធ្លាប់ជួបប្រទះ ប៉ុន្តែ អ្នកមិនចុះញ៉មរូបនេះ បានកែប្រែស្ថានការណ៍ មកធ្វើជាកម្លាំងចិត្តជំរុញលើការសិក្សាវិញ។
បុរសមិនទន់ជ្រាយនឹងការលំបាកបញ្ជាក់ថា "ខ្ញុំត្រូវគិត ខ្វល់ខ្វាយពីសេដ្ឋកិច្ចគ្រួសារ និង អនាគតប្អូនៗ តែទោះជាយ៉ាងនេះក្តី ខ្ញុំខំប្រឹងរៀនរហូតបានលេខ ២ ប្រចាំឆ្នាំទី ៣ និងបានចំណាត់ថ្នាក់ល្អជាបន្តបន្ទាប់ ក្នុងឆ្នាំទី ៤-៥ ហើយ ទទួលអាហារូបករណ៍ ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសហ្វីលីពីន បន្ទាប់បញ្ចប់ការសិក្សានៅតិចណូ"។
អតីតសិស្សវិទ្យាល័យសម្ដេចឪ ខេត្ត បន្ទាយមានជ័យ លើកឡើងថា កត្តាចង់ជិះយន្តហោះ និង កត្តាមរណភាពរបស់ឪពុក មើលឃើញទុក្ខលំបាករបស់ម្ដាយ ការលើកទឹកចិត្តពីបងប្អូនជិតខាង ជាឱសថស័ក្ដិសិទ្ធិធ្វើឱ្យរូបគេ ក្លាយជានិស្សិតមួយរូប កំពុងបន្តការសិក្សានៅបរទេស។
ទី៣, ក្រៅពីចង់ជិះយន្ដហោះ ស្ថានភាពគ្រួសារជួបការលំបាក ការផ្ដល់កម្លាំងចិត្តពីមិត្តស្រី ក៏ជាផ្នែកធ្វើឲ្យ សុខលី កាន់តែតស៊ូ។
បន្ថែមលើនេះ សុខលី បានរំលឹកពាក្យមិត្តស្រីដែលធ្លាប់ប្រាប់ថា "មិត្តស្រីខ្ញុំម្នាក់ធ្លាប់ដាស់តឿនខ្ញុំថា បើគាត់រៀនចប់បរិញ្ញាបត្រ ខ្ញុំត្រូវចប់យ៉ាងហោចណាស់ក៏អនុបណ្ឌិតដែរ បើគាត់រៀនចប់អនុបណ្ឌិត ខ្ញុំត្រូវបញ្ចប់យ៉ាងហោចណាស់បណ្ឌិត ហើយឥឡូវគាត់កំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅបរទេស។ គាត់ជាមនុស្សសំខាន់ម្នាក់ផងដែរ"។ ក្រៅពីនេះមានកត្តាបន្ទាប់បន្សំផ្សេងជាច្រើនទៀត។
បច្ចុប្បន្នអតីតនិស្សិតតិចណូ សុខលី កំពុងសិក្សាលើឯកទេស "វិស្វកម្មបរិស្ថាន" ដែលមុខវិជ្ជានេះជាវិទ្យាសាស្ត្រ សិក្សាអំពីប្រភព នៃការបំពុល ការប៉ះពាល់ ការព្យាបាល និងការថែរក្សាបរិស្ថានធម្មជាតិដូចជា ទឹក ដី ខ្យល់ និង ភាវៈរស់ទៀតសោត តាមបច្ចេកទេសវិទ្យាសាស្ត្រ ឬ គ្រូពេទ្យព្យាបាលធម្មជាតិ។
ចំពោះការសិក្សាលោកប្រាប់ថា "ខ្ញុំមានផលលំបាកខ្លាំង ព្រោះខ្ញុំបានប្ដូរមុខជំនាញពីវិស្វកម្មគីមី និង ចំណីអាហារ ទៅជាវិស្វកម្មបរិស្ថានហើយមុខវិជ្ជានេះទៀតសោត ខុសច្រើនពីមុខវិជ្ជាដែលខ្ញុំរៀននៅតិចណូដូចជា Remote Sensing, Geographic Information System (GIS), Hydrological Modelling, Sediment transport modelling ជាដើម និយាយរួមមុខវិជ្ជាទាំងនោះ គឺទាក់ទងនឹងទឹកច្រើនជាងគីមី"។
ម្ល៉ោះហើយលោកត្រូវខិតខំស្រាវជ្រាវបន្ថែម និង សួរសិស្សច្បង លោកគ្រូអ្នកគ្រូ ដើម្បីឱ្យរៀនទាន់គេ និងដើម្បីជាទុន ក្នុងការងារស្រាវជ្រាវ។
យុវជនស្រលាញ់ការបង្រៀន សុខលី បានទទួលអាហារូបករណ៍ តាមរយៈកិច្ចសហប្រតិបត្តិការណ៍ រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង គម្រោងអភិវឌ្ឍន៍ផ្នែកអប់រំវិស្វកម្ម នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (AUN/SEED-Net) ក្រោមការឧបត្ថម្ភថវិកា ពីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិរបស់ជប៉ុន (JICA) ។ តាមរយៈអាហារូបករណ៍នេះដែរ គឺលោកទទួលបានពីរលើកហើយលើ ជំនាញវិស្វកម្មបរិស្ថាន គឺថ្នាក់អនុបណ្ឌិតនៅហ្វីលីពីន និងថ្នាក់បណ្ឌិតនៅប្រទេសជប៉ុននេះតែម្ដង។
ក្រោយបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅជប៉ុន សុខលី គ្រោងត្រឡប់មកកម្ពុជាវិញ ក្នុងគោលបំណងចែករំលែកចំណេះដឹង ដល់សិស្សនិស្សិតនៅកម្ពុជា ហើយជាចុងក្រោយ លោកបានថ្លែងថា "ខ្ញុំគ្មានអ្វីផ្ដាំផ្ញើច្រើនទេ ក្រៅពីឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ និងចូលរួមកសាងប្រទេសយើងឱ្យបានថ្លៃថ្នូរ និងរីកចម្រើន ព្រោះកម្ពុជាត្រូវការអ្នកទាំងអស់គ្នា ហើយសេចក្ដីថ្លៃថ្នូរ និងការរីកចម្រើនរបស់ប្រទេស គឺស្ថិតលើការសម្រេចចិត្តរបស់អ្នក"៕
ចុចអាន៖ ប៊ិន យ៉ាន៖ បើគ្រប់គ្នាចង់ក្លាយជានាយករដ្ឋមន្ត្រីកាន់តែល្អ
ចុចអាន៖ លោក ហង់ ជួនណារ៉ុន ស្នើសិស្សពេលត្រលប់ពីរៀនក្រៅវិញ មកអភិវឌ្ឍធនធាននៅកម្ពុជា
ចុចអាន៖ ប៉េង ចាន់ថុល៖ “ទោះបរទេសប្រាក់ខែច្រើន តែខ្ញុំចង់សម្រេចក្ដីប្រាថ្នានៅស្រុកខ្មែរ”
អត្ថបទ៖ អ៊ុំ សុភក្តិ