ម្ចាស់​ភោជនីយដ្ឋាន​វាយ​ក្មេង​ប្រុស​លក់​ក្រដាស​ជូត​មាត់​ល្បី​ដល់​នាយករដ្ឋមន្ត្រី​ទួរគី

  • 2015-07-28 16:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅ​ទួរគី​វាយ​ក្មេង​ប្រុស​លក់​ក្រដាស​ជូត​មាត់​យ៉ាង​សាហាវ បាន​បែក​សាយ​ពេញ​បណ្ដាញ​សង្គម និង​នាំ​ឲ្យ​ឲ្យ​មតិ​ទូទៅ​រិះ​គន់​យ៉ាង​ចាស់​ដៃ។ ពេល​នេះ​ដំណឹង​ខាង​លើ បាន​លេច​ឮ​ដល់​នាយក​រដ្ឋមន្ត្រី​ទួរគី និង​ប្រកាស​ឲ្យ​មាន​ការ​តាម​ស៊ើប​រក​ក្មេង​ប្រុស​នោះ​បន្ទាន់។

 

 

​ក្មេង​ប្រុស​ដ៏​កម្សត់​នៅ​ក្នុង​រូប​ថត​ឈ្មោះ Ahmed Hamdo Abeyd គឺ​ជា​ជន​ភៀសខ្លួន​ស៊ីរី​ដែល​រត់​មក​ជ្រក​កោន​ក្នុង​ប្រទេស​ទួរគី បន្ទាប់​ពី​ប្រទេស​កំណើត​ញាំញី​ដោយ​ភ្លើង​សង្គ្រាម​ស៊ីវិល​គ្មាន​ស្រាកស្រាន្ត។ ដើម្បី​ចិញ្ចឹម​ជីវិត ក្មេង​ប្រុស​រូប​នេះ​ត្រូវ​ដើរ​លក់​ក្រដាស​ជូត​មាត់​តាម​ផ្លូវ​នៅ​ក្រុង Izmir ភាគ​ខាង​លិច​ប្រទេស​ទួរគី។

 

ថ្ងៃ​កើត​ហេតុ Ahmed បាន​ឈាន​ចូល​ទៅ​លក់​ក្រដាស​នៅ​មុខ​​ភោជនីយដ្ឋាន​មួយ ក៏​ត្រូវ​ម្ចាស់​ភោជនីយដ្ឋាន​វាយ​យ៉ាង​ទ្រោម​ខ្លួន​តែ​ម្ដង។ "ខ្ញុំ​គ្រាន់​តែ​លក់​ក្រដាស​ទេ... ពេល​ខ្ញុំ​ទាញ​កញ្ចប់​ក្រដាស​លក់​ទៅ​ឲ្យ​នារី​ម្នាក់​នៅ​ទី​នោះ ពួក​គេ​ស្រាប់​តែ​ទាញ​ខ្ញុំ​ចេញ ហើយ​វ៉ៃ​ខ្ញុំ"។ នេះ​បើ​តាម​កាសែត Hurriyet Daily ដក​ស្រង់​សម្ដី​ក្មេង​ប្រុស។ ក្មេង​ប្រុស​ជា​ជន​ភៀស​ខ្លួន​រូប​នេះ​បាន​បន្ត​ទៀត​ថា "ពួក​គេ​ជាន់​ខ្ញុំ... ពេល​នោះ​ជនជាតិ​ស៊ីរី​ម្នាក់​ទៀត​ដែល​នៅ​ម្ខាង​ផ្លូវ ប្រញាប់​រត់​មក​ហើយ​ស្រោច​ទឹក​លើ​ខ្ញុំ ទើប​ខ្ញុំ​ដឹង​ខ្លួន​វិញ"។ ​​

 

 

ចំណែក​ម្ចាស់​ហាង​វិញ​ខឹង​ក្មេង​ប្រុស​យ៉ាង​ខ្លាំង ព្រម​ទាំង​និយាយ​ថា​ក្មេង​ប្រុស​នេះ​រំខាន​អតិថិជន​របស់​គេ។ នៅ​ពេល​ដែល​ក្មេង​ប្រុស​រឹង​ទទឹង​មិន​ព្រម​ចេញ ម្ចាស់​ភោជនីយដ្ឋាន​បាន​ទះ​កំផ្លៀង និង​បន្ត​វាយ​យ៉ាង​ចាស់​ដៃ បើ​ទោះ​បី​អតិថិជន និង​អ្នក​ឆ្លង​កាត់​ប្រឹង​ឃាត់​យ៉ាង​ណា​ក្ដី។ ក្រោយ​រង​អំពើ​ហិង្សា ក្មេង​ប្រុស​បាន​ហូរ​ទឹក​ភ្នែក​រហាម អម​ជាមួយ​ឈាម​ស្រក់​តាម​ច្រមុះ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ជិត​កន្លែង​កើត​ហេតុ​កើត​ក្ដី​អាណិត​យ៉ាង​ខ្លាំង។

 

ក្រោយ​មក​ភាព​ល្បី​រន្ទឺ​នេះ បាន​លេច​ឮ​ដល់​នាយករដ្ឋមន្ត្រី​ប្រទេស​ទួរគី លោក Ahmet Davutoglu ដែល​ទាម​ទារ​ឲ្យ​តាម​ស្វែង​រក​ក្មេង​ប្រុស​នោះ ដើម្បី​ផ្ដល់​ការ​មើល​ថែ។ យ៉ាង​ណា​ក្ដី ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​ថា ម្ចាស់​ភោជនីយដ្ឋាន​ត្រូវ​ទទួល​ទោស​ឬ​យ៉ាង​ណា​នោះ​ទេ៕

 

ចុចអាន៖ ខ្សែ​ជីវិត​ពិត​ក្មេង​ប្រុស​ដ៏​កម្សត់ ខំប្រឹង​សិក្សា​ក្រោម​ពន្លឺ​ភ្លើង​ហាង

 

ប្រភព៖ dailymail ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម