ក្រៅ​ពី សាសា មាន​តារា​ស្រី​ផ្សេង​ទៀត បាន​រង​អំពើ​ហិង្សា​ពី​បុរសដែរ

  • 2015-07-31 15:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​២​ឆ្នាំ​ចុង​ក្រោយ​នេះ ករណី​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​សង្គម​សិល្បៈ​ទាំង​តូច​ធំ របួស​ធ្ងន់ និង​ស្រាល បាន​កើត​មាន​ចំនួន​៣​ករណី ដែល​ក្នុង​នោះ អ្នក​រងគ្រោះ​សុទ្ធ​ជា​នារី​ភេទ ដែល​ត្រូវ​ភាគី​បុរស​ វាយ​ដំ​លើ​រូប​រាង​កាយ។ ពួក​គេ​ទាំង​បី​នាក់​នោះ​មាន៖

 

.សាសា អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN៖ ករណី​របស់​តារា​ស្រី​មាន​ឈ្មោះ​ដើម ឯក សុជាតា បាន​ធ្វើ​ឲ្យ​កក្រើក​ក្នុង​សង្គម​ខ្មែរ​អស់​ពេល​ជិត​១​ខែ ក្រោយ​នាង ​ត្រូវ​ឧកញ៉ា សុខ ប៊ុន វាយ​ដំ​លើ​រូប​រាង​កាយ​ក្នុង​ជម្លោះ​មួយ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២ កក្កដា ២០១៥។ ដើម​ហេតុ​នៃ​អំពើ​ហិង្សា​នោះ ត្រូវ​សារព័ត៌មាន​នានា​រាយការណ៍​ថា ដោយ​សារ​តែ នាង​ព្យាយាម​រារាំង​ឧកញ៉ា សុខ ប៊ុន មិន​ឲ្យ​នាំ​មិត្ត​នារី​ជនជាតិ​ជប៉ុន​របស់​នាង​ចេញ​ក្រៅ។

 

 

ករណី​របស់​នាង រហូត​ទាល់​តែ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អន្តរាគមន៍ ទើប​ឧកញ៉ា សុខ ប៊ុន ដែល​រត់​គេច​ខ្លួន​ក្រោយ​កើត​រឿង ព្រម​វិល​ចូល​ស្រុក​ឲ្យ​ប៉ូលិស​ចាប់​ខ្លួន។ យ៉ាង​ណា មក​ទល់​ថ្ងៃ​នេះ មិន​ទាន់​មាន​ព័ត៌មាន​វិវត្តន៍​ជុំ​វិញ​បណ្ដឹង​របស់ សាសា នៅ​ឡើយ។

 

២.យ៉ាន លីនដា៖ អាណិកជន​ខ្មែរ-អូស្ត្រាលី​រូប​នេះ គឺ​ជា​ជន​រងគ្រោះ​ទី​១​ក្នុង​ឆ្នាំ ២០១៥ នេះ ក្រោយ​ត្រូវ​ស្វាមី គឺ​លោក យ៉ែម សំអូន បាន​ប្រព្រឹត្ត​ហិង្សា​លើ កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា។ លីនដា មាន​របួស​ជាំ​លើ​រាង​កាយ និង​គ្រេច​ក ហើយ​ក្រោយ​កើត​រឿង នាង​បាន​វេច​បង្វេច​ឡើង​យន្តហោះ​ទៅ​អូស្ត្រាលី​បាត់។ ដើម​ហេតុ​នៃ​ជម្លោះ​រហូត​ដល់​មាន​ការ​ប្រើ​អំពើ​ហិង្សា​ខាង​លើ លីនដា ចោទ​ស្វាមី​របស់​ខ្លួន​មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា។ មក​ទល់​សព្វថ្ងៃ ក៏​មិន​មាន​ព័ត៌មាន​វិវត្តន៍​ដែរ ថា​ពួក​គេ​លែង​គ្នា ឬ​យ៉ាង​ណា​ឡើយ។

 

 

 (រូបភាព៖FB)

 

៣.ឌីជេ អាលីយ៉ា៖ តារា​ស្រី​និយម​ថត​រូប​ស្លៀកពាក់​សិចស៊ី​រូប​នេះ គឺ​ជា​តារា​ស្រី​១​ដែល​ទទួល​រង​ការ​ប្រើ​អំពើ​ហិង្សា​លើ​រាង​កាយ​គិត​ត្រឹម​២​ឆ្នាំ​ចុង​ក្រោយ។ ហេតុការណ៍​នោះ កើត​ឡើង​នៅ​ដើម​ឆ្នាំ ២០១៤ អាលីយ៉ា ដែល​ដំបូង​ឡើយ​នាង​បាន​បង្ហោះ​រូប​ថត​ឈាម​ប៉ុន្មាន​សន្លឹក​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ័យ​បុក​ពោះ ​គ្រប់​គ្នា។ បន្ទាប់​ពី​នោះ​មក តារា​ស្រី​សម្បុរ​ស្រអែម​រូប​នេះ ចេញ​មុខ​អះអាង​ថា “រូបភាព​ឈាម​នោះ គឺ​ជា​កាដូ​សម្រាប់​មនុស្ស​ម្នាក់​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់…!”។

 

 

អាលីយ៉ា(រូប​ឆ្វេង) និង​សាសា(រូបភាព៖FB)

 

បុរស​នោះ គឺ​អាលីយ៉ា សំដៅ​លើ​បុរស​ខ្មែរ-អាមេរិកាំង ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​តាម​ទី​សាធារណៈ ធ្វើ​ឲ្យ​នាង​របួស​យ៉ាង​ដំណំ​រហូត​សន្លប់​នៅ​លើ​ដង​ផ្លូវ។ ហេតុការណ៍​នោះ​កើត​ឡើង​ចំ​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​តែ​ម្ដង។ គ្រា​នោះ អាលីយ៉ា ស្នើ​ឲ្យ​បុរស​នោះ ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ ពុំ​នោះ​ទេ នាង​នឹង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ទៀត។ យ៉ាង​ណា សាច់​រឿង​បាន​ស្ងប់​ស្ងាត់​តាំង​ពី​ពេល​នោះ​រហូត​មក​បច្ចុប្បន្ន ដោយ​មិត្តភ័ក្ដិ​ជា​ជនជាតិ​បរទេស​មួយ​ចំនួន​របស់ អាលីយ៉ា ស្នើ​សុំ​កុំ​អាល​ទាន់ ពួក​គេ​នឹង​ចូល​រួម​អន្តរាគមន៍ និង​ដោះ​ស្រាយ៕

 

អត្ថបទ៖ ទារិកា