ទម្លាប់​​​ប្រចាំ​ថ្ងៃ​៥យ៉ាង ​ដែល​​ធ្វើ​ឲ្យ​​អ្នក​​ឆាប់​ឈឺ​ខ្នង​

  • 2015-08-05 16:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាការៈ​ឈឺ​​ខ្នង​​ភាគ​ច្រើន ​បាន​កើត​ឡើង​លើ​មនុស្ស​ប្រមាណ​ពី៧០ ទៅ ៨០​ភាគ​រយ​ នៅ​ពេល​ណា​មួយ​ក្នុង​ជីវិត ជា​ពិសេស​ឆាប់​​កើត​មាន​លើ​​ អ្នក​ដែល​ធ្វើ​ការ​លើក​ដាក់​ធ្ងន់ៗ និង​មនុស្ស​ចាស់។ យោង​តាម​អ្នក​ជំនាញ​អាមេរិក​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ក៏​​អាច​ធ្វើ​ឲ្យ​​ខ្នង​កាន់​តែ​ឈឺ​ចាប់ផង​ដែរ ដូច​ជា៖

 

 

១. គេង​លើ​ពូក​​​ដែល​រឹង​ពេក ​ឬ​ទន់​ពេក​​​​​

 

បើ​អ្នក​​គេង​លើ​ពូក​ដែល​​​​រឹង​​ពេក ​ឬ​ទន់​ពេក​​​​​ គួរ​ប្ដូរ​វា​ចេញ​ និង​រើស​យក​ពូក​ណា​ដែល​ទ្រ​ទម្ងន់​អ្នក​បាន​ល្អ​​។​ ​កន្លែង​គេង​​រឹង​ពេក​​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ខ្នង ​​ដោយ​វា​​ពុំ​អាច​ទប់​​ឆ្អឹង​​ខ្នង​​​អ្នក​បាន​ល្អ​ ចំណែក​ឯ​កន្លែង​គេង​ទន់​ពេក​នឹង​ធ្វើ​ឲ្យ​​​​​ឆ្អឹង​ខ្នង​កោង​ និង​ងាយ​ឈឺ​ខ្នង។

 

២. ស្ពាយ​កាបូប​ធ្ងន់​ៗ

 

ទម្លាប់​ស្ពាយ​កាបូប​ឬ​កាតាប​ធ្ងន់ៗ​​ប្រចាំ​ថ្ងៃ​ក៏​ជា​មួល​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្នង​អ្នក​ឈឺ។ តាម​ការ​​ណែនាំ​របស់​អ្នក​ជំនាញ​អាមេរិក​បញ្ជាក់​ថា​​មិន​គួរ​ស្ពាយ​​​សំពាធ​កាតាប​ដែល​មាន​បន្ទុក​លើស​ពី​១០​ភាគ​រយ​នៃ​ទម្ងន់​ខ្លួន​ឡើយ ​វា​ធ្វើ​ឲ្យ​​​ឈឺ​ខ្នង​ ម៉្យាង​ការ​ស្ពាយ​លើ​ស្មា​តែ​ម្ខាង​​​ជា​មូល​ហេតុ​ចម្បង​​​ដែល​​រឹត​តែ​ដាក់​បន្ទុក​ឲ្យ​ស្មា​ និង​​ខ្នង​អ្នក​ឈឺ​​។

 

៣. អង្គុយ​​យូរ​​ពេក

 

ទម្លាប់​អង្គុយ​យូរៗ​ពេក ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​ឈឺ​ចាប់ និង​សាច់​ដុំ​ផ្នែក​ខាង​ខ្នង​​​​​ចុះ​ខ្សោយ។ ការ​អង្គុយ​ជាប់​យូរ​​ពេក​​គឺ​ដាក់​ឲ្យ​​បន្ទុក​​​ឆ្អឹង​ខ្នង​​ដល់​ទៅ​៤០​ភាគ​រយ​ឯ​ណោះ ដូច​នេះ​គប្បី​អង្គុយ​ឲ្យ​ត្រង់​ខ្លួន​ និង​​​​ឧស្សាហ៍​ក្រោក​ធ្វើ​​ចលនា​បន្តិច​បន្តួច​ដើម្បី​ជៀស​វាង​​ការ​ឈឺ​ខ្នង។

 

៤. មិន​ទម្លាប់​ហាត់​ប្រាណ

 

ការ​មិន​ទម្លាប់​ហាត់​ប្រាណ​ ធ្វើ​ឲ្យ​សាច់​ដុំ​អ្នក​ចុះ​ខ្សោយ និង​​មិន​អាច​ទប់​ទម្ងន់​ខ្លួន​អ្នក​បាន​ល្អ​ និង​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ខ្នង​​ឆាប់​ឈឺ ។ ម្យ៉ាង​វិញ​ទៀត​​​ ការ​មិន​សូវ​ធ្វើ​ចលនា ក៏​អាច​ធ្វើ​ឲ្យ​ឆ្អឹង​មិន​រឹង​មាំ​បាន​ដែរ​ ជា​ពិសេសគឺ​ឆ្អឹង​​​ខ្នង​តែ​ម្ដង។

 

៥. ពាក់​ស្បែក​ជើង​កែង​ចោត

 

ការ​ពាក់​ស្បែក​ជើង​កែង​ចោត ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឈឺ​ខ្នង​។ វា​ធ្វើ​ឲ្យ​​សាច់​ដុំ​ឆ្អឹង​ខ្នង​​ធ្វើ​ការ​​លើស​ធម្មតា ហើយ​បើ​អ្នក​ធាត់​ទៀត​នោះ ​នឹង​ធ្វើ​ឲ្យ​ខ្នង​កាន់​​តែ​ឆាប់​ឈឺ៕​​​

 

-ចុច​អាន៖ ម៉ាស​បិទ​មុខ​ដំឡូង​បារាំង​ធម្មជាតិ​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​តឹង​ស្អាត ១០០%

 

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ car2