Arsenal ​បង្វែរ​គោលដៅ​ទៅ Cavani ​បន្ទាប់​ពី Benzema ​បដិសេធ

  • 2015-08-25 22:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Arsenal ​បាន​បរាជ័យ​ទៀត​ហើយ​ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ Karim Benzema ​ព្រោះ​ថា​សាមី​ខ្លួន​ បាន​ចេញ​មក​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា​មិន​ចាកចេញ​ពី Real Madrid ​ទេ។ ការ​និយាយ​បែប​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ចាត់ការ Arsene Wenger ​​ងាក​ទៅ​ទាក់ទង​ Edinson Cavani របស់ Paris Saint Germain ​វិញ​ម្ដង។

 

 

 

Benzema ​បាន​ចេញ​មក​បញ្ជាក់​ដោយ​ខ្លួន​ឯង​ថា Real Madrid ​គឺ​ជា​ស្រុក​កំណើត​ទី​ពីរ​របស់​គេ​ទៅ​ហើយ ដូច្នេះ​រឿង​ផ្លាស់​ទៅ​កន្លែង​ផ្សេង​មិន​ពិត​នោះ​ទេ។ នេះ​មានន័យ​ថា​គោល​បំណង​របស់​លោក Wenger ​ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​គឺ​ប្រហែល​ជា​ត្រូវ​បាន​បញ្ចប់​ទៅ​ហើយ។

 

ដោយសារ​តែ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ម្នាក់​នោះ កាំភ្លើង​បាន​ឱ្យ​ភ្នាក់ងារ​របស់​ខ្លួន​ទៅ​ចរចា​ជាមួយ PSG ​ម្ដង​ក្នុង​ការ​ទិញ​យក Cavani ​ឱ្យ​បាន​មុន​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​នៅ​សប្ដាហ៍​ក្រោយ​នេះ។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ធ្លាប់​ជា​គោលដៅ​របស់​កាំភ្លើង​ធំ​ម្ដង​មក​ហើយ តាំង​ពី​ចប់​រដូវ​កាល​មុន​មក ប៉ុន្តែ​ត្រូវ PSG ​មិន​ព្រម​លក់​ឱ្យ​ដោយ​ទារ​តម្លៃ​ខ្លួន​ខ្ពស់។

 

 

 

ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ Arsenal ​មិន​ទាន់​បាន​ចាយ​លុយ​ធំ​ដែល​ពួកគេ​ត្រៀម​ទុក​រួច​ជា​ស្រេច​នោះ​ទេ ពោល​គឺ​កំពុង​តែ​ស្វែងរក​កីឡាករ​ល្អ​ៗ​នៅ​ឡើយ។ អ្នក​ចាត់​ការ Wenger ​ក៏​ធ្លាប់​បាន​និយាយ​ដែរ​ថា លោក​មិន​ងាយ​ទិញ​កីឡាករ​ដោយ​ប្រើ​ទឹក​ប្រាក់​ច្រើន​នោះ​ទេ ទាល់​តែ​មើល​គ្រប់​ជ្រុងជ្រោយ​សិន៕

 

ចុចអាន៖ Arsenal ​ឱ្យ​៣១០​លាន​ដុល្លារ​ តែ​ Wenger ​មិន​ទាន់​ទិញ​កីឡាករ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail