ប្រុសៗ​លាប ​Whitening​ ដែរ?

  • 2014-10-16 17:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​យុវជន​ខ្មែរ​កាន់តែ​ប្រែប្រួល​សាច់ឈាម​ទៅជា​សក្បុស​ដូច​តារា​កូរ៉េខាងត្បូង​ ដែលជា ​ក្រុម​សិល្បករ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ពាសពេញ​អាស៊ី​នោះ Sabay​ បាន​ទទួល​ព័ត៌មាន​មក​ថា ប្រុសៗ​ក៏​ចាយ​លុយ​ទៅលើ​គ្រឿង​សំអាង​មិន​ចាញ់​នារី​ដែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពិសេស​ពពួក​ក្រែម Whitening​ ដែល​ជួយ​អោយ​ស្បែក​ប្រែ​ទៅ​ជា​​ស​ជ្រះ។

សូមចុចអាន៖ គន្លឹះ​សំខាន់​៦​យ៉ាង​ ធ្វើ​ឲ្យ​​​​ស្អាត​ ​មិនបាច់​ប្រើ​ម្សៅ​ក្រែម

រូបតំណាង (រូបថត៖ បរទេស)

 

បងស្រី​ តាំ​ង ឃីម​ លក់​គ្រឿង​ក្រអូប​នៅ​ផ្សារ​ចាស់​ប្រាប់​អោយ ​Sabayឲ្យដឹង​ថា៖ ”​មែន​ហើយ​​អូន ឥឡូវ​នេះ​ប្រើ​ទាំង​ស្រី​ទាំង​ប្រុស​ ទូទៅ​ទៅ​ហើយ។ ឡេ​ខ្លះ​គេ​មាន​សម្រាប់​បុរស​ផ្សេង នារី​ផ្សេង តែ​ខ្លះ​ទៀត​អាច​ប្រើ​បាន​មិនថា​ស្រី​រឺ​ប្រុស​ទេ។ សម្បូរ​មក​រក​ឡេ​ប្រភេទ​ធ្វើ​អោយ​ប្ដូរ​ស្បែក​ទៅ​ជា​ស គ្នា​ចង់​ស​ដូច​តួកូរ៉េ។ ឡេ​ភាគច្រើន​នាំចូល​​មក​ពី​ប្រទេស​ថៃ ចិន ម៉ាឡេស៊ី​មាន​តម្លៃ​ចាប់​ពី ២ ដុល្លារ ដល់​ ៣០ដុល្លារ​លាប​មុខ​ក៏​បាន លាប​ខ្លួន​ក៏​មាន គេ​ហៅថា​ Whitening​ មក​រក​តែ​អា​ហ្នឹង​”។

 

កាល​ដែល​យុវជន​ខ្មែរ​នាំគ្នា​ចំណាយ​ពេល​ជាមួយ​រឿង​ដុសខាត់​រូប​សម្ផស្ស​ និង ​ការ​រចនា​ម៉ូដ​សំលៀកបំពាក់ ម៉ូដ​សក់​កាន់តែ​ប្រជែង​ជាមួយ​នា​រីៗ​នោះ នាំ​ឲ្យ​មាន​ការ​បារម្ភ​ថា យុវជន​ខ្មែរ​មួយ​ភាគ​ធំ​អាច​មាន​ទំនោរ​ទៅ​រក​ការ​ធ្វើខ្លួន​អោយ​ទៅ​ជាភេទ​ទី ៣ ប៉ុន្តែ​យុវជន​ ហេង លក្ខិណា​ម្ចាស់ហាង​អ៊ុតសក់​យ៊ីហោ​​ក្រុងទេព​បាន​បដិសេធ​ទស្សនៈ​នេះ។

 

“មិនមែន​អញ្ចឹង​ទំាង​អស់​ទេ​បង និយាយ​ទៅ យើង​ថា​ អោយ​មនុស្ស​ដោយ​វាយ​តម្លៃ​គេ​តែ​សម្បក​ក្រៅ​ក៏​មិនកើត​ដែរ ព្រោះថា​ អ្នកខ្លះ​ជា​ភេទ​ទី ៣ មែន​តែ​អត់​មាន​លាប​អី​ទេ មើល​មិនដឹង​ទេ បើ​គេ​មិន​ប្រាប់ តែ​ខ្លះ​គ្នា​លាបឡេ​មែន​មក​ពី​គ្នា​ចង់ស ធម្មតា​សាសន៍​យើង​មាន​សម្បុរ​មិន​បាន​ស​ដូច​គេ អញ្ចឹង​គ្នា​នៅ​​ក្មេង គ្នា​ក៏​ចង់​ស្អាត ពីមុន​បច្ចេកវិទ្យា​អត់​ទាន់​ទំនើប បើ​ថា​ អាក្រក់ ក៏​អាក្រក់​មួយ​ជីវិត​ទៅ តែ​ឥឡូវ​មិន​ដូច​អញ្ចឹង​ទៀត​ទេ តែ​យើង​ចេះ​កែ​ច្នៃ អាក្រក់​អាច​ក្លាយជា​ស្អាត​បាន ធម្មតា​ក្នុង​សង្គម​មួយ​បើ​គេ​ស្អាត​អស់​ហើយ យើង​នៅ​អាក្រក់​ម្នាក់ឯង​កើត​ដែរ។ ខ្ញុំ​យល់ថា​អាហ្នឹង ​គឺជា ​ភាព​ស៊ីវិល័យ​មួយ មិនថា​តែ​ប្រទេស​យើង​ទេ គឺ​យើង​គួរ​ដើរ​ឲ្យ​ទាន់​​គេ​ដែរ មិនមែន​រឿង​អី​អាក្រក់​ឯណា គ្មាន​បង្ក​បញ្ហា​អី​អោយ​អ្នកណា​ផង!​ ”។

 

ជា​មួយ​នោះ​យុវជន ​ឡុង មេសា​ អ្នក​លក់​ថាស​ចម្រៀង​នៅ​ហាង​ X Young​ និយាយ​ដែរ​ថា ការ​លាប ​Lotion​ មិនមែន​សុទ្ធ​តែ​​មិន​ល្អ​ទេ។ ​គេ​សង្កត់​ធ្ងន់​ថា ”បើ​គ្រាន់​តែ​លាប​ឡេ​ថា​ខ្ទើយ ខ្ញុំ​គិត​ថា​អ្នកនោះ​ចង្អៀតចង្អល់​ពេក​ហើយ! ខ្ញុំ​លាប​ឡេ​ដែរ​ហ្នឹង ស្បែក​យើង​វា​ជិះ​ផ្លូវ​ឆ្ងាយ​ធម្មតា​យើង​ត្រូវ​មាន​ឡេ​ការពារ​ពិសេស​ខ្ញុំ​អ្នក​រកស៊ី ដើរ​ឆ្លង​ច្រក​ព្រំដែន​ពេល​ខ្ញុំនៅ​កោះកុង ថៃវា​នាំគ្នា​និយាយ​ថៃ​ដាក់​ខ្ញុំ អ្នកណា​ខ្មៅៗ​វា​និយាយ​ខ្មែរ​ដាក់ មាន​ន័យ​ថា​ វា​មើលងាយ​ថា​ខ្មែរ​មិន​ស្អាត​​តាមពិត អ្នក​ស​ស្អាត​សុទ្ធ​តែ​ថៃ​ទំាំ​ង​អស់ តាមពិត​មកពី​យើង​មិន​ចេះ​តុបតែង​ខ្លួន ថៃ​មិនមែន​ស្អាត​ជាង​យើង​ប៉ុន្មាន​ទេ គ្រាន់តែ​គេ​ហ្នឹង​ស៊ីវិល័យ​ជាង​យើង”។

 

ទោះ​យ៉ាងណា ការ​លាបឡេ​របស់​យុវជន​នៅតែ​ត្រូវ​បាន​ពេបជ្រាយ​ដោយ​​យុវនារី។កញ្ញា ផាឡែន ​និស្សិត​ឆ្នាំទី ៣ ​នៅ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រា​លើក​ឡើង​ថា ​ការ​លាបឡេ​សមស្រប​តែ​ចំពោះ​នារីៗ​តែ​ប៉ុណ្ណោះ។

 

“យើង​គិត​មើល គ្រាន់​តែ​ស្រីៗផង​ ពេល​តែង​ខ្លួន​ជ្រុល​បន្តិច​ក៏​យើង​មាន​អារម្មណ៍​ជ្រេញ​ទៅ​ហើយ ចុះ​ទម្រាំ​ខ្លួន​ជា​ប្រុស​មក​ញ៉ែកញ៉ក​តុបតែង​​មុខក្រោយ​ទៀត? ត្រូវ​ចាំ​ពាក្យ​មួយ​ថា បុរស​សង្ហា​ព្រោះ​វិជ្ជា គួរ​យក​ពេល​ទៅ​រៀន​សូត្រ​ល្អ​ជាង។ ​តែបើថា​ ស្បែក​ហ្នឹង​មាន​បញ្ហា​ខ្លាំង ជា​ជំងឺ អា​ហ្នឹង​ការ​លាប​ឡេ លាបថ្នាំ​ព្យាបាល​ជា​រឿង​ធម្មតា​ទេ លាប​ប្ដូរ​ពណ៌​ស្បែក លាប​អោយ​រលោង​ស ដូច​ទទួល​យក​អត់​បាន​ទេ​បង! ខ្ញុំថា​មាន​តែ​ពួក​តារា​ហ្នឹង​ធ្វើ​អញ្ចឹង​នោះ ព្រោះ​មុខរបរ​គេ​អញ្ចឹង”។

 

ចុះ​មិត្ត​អ្នកអាន​ដែល​លាប​ឡេ​ទេ?​ មាន​ទស្សនៈ​យ៉ាងណា​ដែរ​ចំពោះ​បុរស​លាប​ឡេ?​

សូមចុចអាន៖ អាហារ​គ្រោះថ្នាក់ ស្ត្រី​មាន​​ផ្ទៃ​ពោះ​គួរ​ជៀសវាង​ទទួល​ទាន

សូមចុចអាន៖ នារី​ស្លៀក​ក្រហម ​សរឹបរាង សម្បូរ​អារម្មណ៍​សិច​?

សូមចុចអាន៖  បំបៅ​​កូន​ដោយ​ទឹក​ដោះ​​​​​ធ្វើ​ឲ្យ​​​​​ដើម​ទ្រូង​​នារី​​​​បាត់​ភាព​មូល​ណែន​​​​​​​?

 

អត្ថបទ៖ វិបុត្រ

 

អត្ថបទពេញនិយម