iPhone 6s/6s Plus ទើបប្រកាស ឥឡូវបែកធ្លាយព័ត៌មានគូប្រជែងថ្មីគឺ Galaxy S7
- 2015-09-14 18:40:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 6s/6s Plus ទើបប្រកាស ឥឡូវបែកធ្លាយព័ត៌មានគូប្រជែងថ្មីគឺ Galaxy S7
ចន្លោះមិនឃើញ
Samsung Galaxy S7 គឺទំនងជាឈ្មោះកំពូលស្មាតហ្វូនជំនាន់បន្ទាប់របស់ក្រុមហ៊ុន Samsung ដែលនឹងបង្ហាញខ្លួនក្នុងពេលខាងមុខនេះ ដើម្បីមកផ្ដួល iPhone 6s និង iPhone 6s Plus។ ទាក់ទងទៅនឹង Galaxy S7 ថ្មីៗនេះក៏មានព័ត៌មានមួយចំនួនបានបែកធ្លាយបង្ហាញពីលក្ខណៈសម្បត្តិ ដែលនឹងមាននៅលើស្មាតហ្វូនមួយនេះ ក្នុងនោះរួមមាន៖
ទំហំអេក្រង់ពីរជម្រើស
ដូចទៅនឹង iPhone 6s និង 6s Plus ដែរ Galaxy S7 ប្រហែលជានឹងផលិតឡើងដោយមានទំហំអេក្រង់ពីរជម្រើស គឺទំហំ ៥,២ អ៊ីញ និង ៥,៨ អ៊ីញ ដោយ Galaxy S7 ដែលមានទំហំអេក្រង់ ៥,២ អ៊ីញនឹងមានកម្រិតបង្ហាញ ៨៤៧ ភិចស៊ែលក្នុងមួយអ៊ីញ ហើយ Galaxy S7 ដែលមានទំហំអេក្រង់ ៥,៨អ៊ីញវិញ នឹងមានកម្រិតបង្ហាញដល់ទៅ ៧៥៩ភិចស៊ែលក្នុងមួយអ៊ីញ។ នេះបើតាមរបាយការណ៍លើគេហទំព័រ G4Games។
កាមេរ៉ាភ្លោះ
តាមរបាយការណ៍ដោយឡែកមួយផ្សេងទៀតលើគេហទំព័រ G4Games បានឲ្យដឹងថា Galaxy S7 នឹងបំពាក់ដោយកាមេរ៉ាភ្លោះដើម្បីបង្កើននូវគុណភាពនៃការចាប់យករូបភាព ក៏ដូចជាមុខងារបន្ថែមដើម្បីឲ្យការប្រើប្រាស់បានកាន់តែស្រួល។
ទំហំម៉េមូរី
ក្រុមហ៊ុន Samsung ទំនងជានឹងប្ដូរកំណែទម្រង់ការរចនា Galaxy S7 ផ្សេងពី Galaxy S6 និង Note 5។ មានន័យថា ក្រុមហ៊ុនគ្រោងនឹងនាំយកមកវិញនូវការបន្ថែមរន្ធ microSD Card សម្រាប់បន្ថែមទំហំម៉េមូរីសម្រាប់ Galaxy ជំនាន់ក្រោយ គឺ Galaxy S7 នេះ។ ដូច្នេះ Galaxy S7 ត្រូវបានគេរំពឹងទុកថា នឹងអាចបន្ថែមទំហំម៉េមូរីដល់ទៅទំហំ 128GB។
លក្ខណៈផ្សេងទៀត
ជាមួយគ្នានេះដែរសម្រាប់ប្រភេទ CPU ដែលនឹងបំពាក់នៅលើ Galaxy S7 ប្រហែលជាប្រភេទ Snapdragon 820 ឬ Exynos M1។ ចំណែកឯទំហំ RAM វិញ ស្របតាមការប្រកាសរបស់ក្រុមហ៊ុន Samsung កន្លងទៅថ្មីៗនេះថា ខ្លួនគ្រោងនឹងផលិត RAM ទូរសព្ទទំហំ 12 GB ប្រភេទ LPDDR4 ដូច្នេះវាត្រូវបានគេសម្មត់ថា Galaxy S7 ប្រហែលជាស្មាតហ្វូនដំបូងដែលនឹងបំពាក់ដោយ RAM ទំហំ 6 GB។ ហើយវានឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop ។
កាលបរិច្ឆេទប្រកាស
ចំណែកឯកាលបរិច្ឆេទនៃការប្រកាសវិញគឺប្រហែលជាមុនពេលកំណត់ បើធៀបនឹងការប្រកាស Galaxy ជំនាន់មុន Galaxy S6 និង Galaxy S6 Plus បានប្រកាសក្នុងខែមេសា ២០១៥។ ដូច្នេះ Galaxy S7 ប្រហែលជាប្រកាសក្នុងចន្លោះខែកុម្ភៈ និងខែមីនា ២០១៦៕
អានបន្ត៖ iPhone 6s / 6s Plus បំពាក់ RAM 2GB ថាមពលថ្មទាបជាងម៉ូដែលមុន តែរយៈពេលប្រើដូចគ្នា
ប្រែសម្រួល៖ សំនៀង
ប្រភព៖ yibada, christiantoday