ភាព​ក្រីក្រ​ខ្លាំង​​​នៅ​ទូទាំង​ពិភព​លោក​ ធ្លាក់​ចុះ​ក្រោម​១០% លើក​ដំបូង​​

  • 2015-10-06 17:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​នៅ​ទូទាំង​ពិភព​លោក​​តិច​ជាង​១០​% ប៉ុណ្ណោះ​ កំពុង​រស់​នៅក្រោម​បន្ទាត់​​​ក្រីក្រ​ខ្លាំង​​​ ដែល​ជា​ចំនួន​មួយ​ទាប​បំផុត​មិន​ធ្លាប់​មាន​ពី​មុន។ នេះ​បើ​តាម​ការ​​ទិន្នន័យ​ថ្មី​​ចេញ​ដោយ​ធនាគារ​​ពិភព​លោក។

 

ដោយ​គិត​តាម​ការ​កំណត់​បន្ទាត់​ក្រីក្រ១,៩ដុល្លារ​ក្នុង​មួយ​ថ្ងៃ (ចំណូល​មធ្យម) ​​ធនាគារ​ពិភពលោក​ប៉ាន់​ស្មាន​ថា ចំនួន​ប្រជាជន​ ៧០២​លាន​នាក់​កំពុង​រស់​នៅ ​​ក្នុង​កម្រិត​​ក្រី​ក្រ​ខ្លាំងនា​ឆ្នាំ២០១៥​ នេះ​​ ដោយ​ធ្លាក់​ចុះ​ពី ៩០២លាន​នាក់​ក្នុង​ឆ្នាំ ២០១២។ ចំនួន​នេះ​គឺ​​ស្មើ​នឹង ៩,៦​%​ នៃ​ចំនួន​ប្រជាជន​​ក្នុង​លោក​សរុប ដោយ​ធ្លាក់​ពី ១២,៨% កាលពី ៣​ឆ្នាំ​កន្លង​ទៅ។

 

កុមារ​លក់​នំ​តាម​ផ្លូវ​នៅមីយ៉ាន់ម៉ា

 

កាល​ឆ្នាំ ១៩៩០ ប្រជាជន​ជិត​ ២ពាន់​លាន​នាក់ បាន​រស់​នៅ​ក្នុង​ជីវភាព​ក្រី​ក្រ​ខ្លាំង ស្មើនឹង​ជាង ១ភាគ ៣ នៃ​ចំនួន​ប្រជាជន​សរុប​លើ​ភព​ផែនដី។ ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​ជា​រៀងរាល់​ឆ្នាំ។

 

​ប្រធាន​ធនាគារ​ពិភពលោក​ លោក ​ Jim Yong Kim បាន​មាន​ប្រសាសន៍​ថា៖ “ វា​ជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ពិភពលោក​​បច្ចុប្បន្ន​ របាយការណ៍​ទាំង​នេះ​បង្ហាញ​​ថាយើង​​ជា​មនុស្ស​ជំនាន់​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​អាច​នឹង​បញ្ចប់​ភាព​ក្រី​ក្រ​ខ្លាំង​បាន"។

 

លោក​បាន​បន្ត​ទៀត​ថា៖ "ការ​ព្យាករណ៍​​នៃ​ការ​ធ្លាក់​ចុះ​ភាព​ក្រី​ក្រ​ថ្មី​​ក្នុង​ចំនួន​មួយ​ខ្ទង់​នេះ ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ចលករ និង​ជួយ​យើង​ឲ្យ​យក​ចិត្ត​ទុកដាក់​កាន់​ច្បាស់​លាស់​បន្ថែម​ទៀត​លើ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​នានា​ក្នុង​ការ​លុប​បំបាត់​ភាព​ក្រីក្រ។ វា​​ត្រូវ​ការ​ការ​ប្រឹង​ប្រែ​ង​ខ្លាំង ជាពិសេស​ក្នុង​អំឡុង​ពេល​កំណើន​សេដ្ឋកិច្ច​ពិភពលោក​​ចុះ​ទាប ទីផ្សារ​ហិរញ្ញវត្ថុ​មិន​ស្ថិតស្ថេរ ជម្លោះ​នយោបាយ កំណើន​យុវជន​អត់​ការ​ងារ​ធ្វើ និង​ផល​ប៉ះពាល់​​ពី​បម្រែបម្រួល​អាកាសធាតុ​ពិភពលោក"។

 

​​តំបន់​ដែល​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​អត្រា​ភាព​ក្រី​ក្រ ជា​ប្រទេស​នៅ​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បាន​ធ្លាក់​ពី​ ៦០,៨%​ នៃ​ប្រជាជន​​ក្រី​ក្រ​ក្នុង​ឆ្នាំ១៩៩០ មក​ត្រឹម ៤,១% ក្នុង​ឆ្នាំ២០១៥។ ចំណែក​​នៅ​អឺរ៉ុប និង​អាស៊ី​កណ្ដាល ភាគច្រើន​នៅ​ចំនួន​ភាគរយ​ថេរ​​ គឺ​មួយ​ខ្ទង់​ដដែល។ តំបន់​អាហ្វ្រិក​ សាហារ៉ា ធ្លាក់​ចុះ​បន្តិចបន្តួច​ប៉ុណ្ណោះ គឺ​ពី៥៦% ​ក្នុង​ឆ្នាំ ១៩៩០ មក​ត្រឹម ៣៥,២% ក្នុង​ឆ្នាំ ២០១៥ (មើល​រូប​ខាង​ក្រោម)៕

 

 

ចុច​អាន៖ មហាសេដ្ឋី​​​​កំពូលៗ​ ​ខាត​​ខ្ទង់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ដោយ​សារ​​វិបត្តិ​សេដ្ឋកិច្ច​នៅ​ចិន​

 

ប្រែ​សម្រួល៖​ឡេង ភារុណ ប្រភព៖ cctv-america

អត្ថបទពេញនិយម