3D Animation ជំនាញបានចំណូលច្រើន ចង់ជោគជ័យលុះត្រាអត់ធ្មត់ខ្លាំង
- 2015-11-11 16:37:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
3D Animation ជំនាញបានចំណូលច្រើន ចង់ជោគជ័យលុះត្រាអត់ធ្មត់ខ្លាំង
ចន្លោះមិនឃើញ
3D Animation ជាជំនាញមួយដែលនិស្សិតជាច្រើនតែងតែរអ៊ូរថាពិបាករៀន ដោយសារវាទាមទារការអនុវត្តច្រើន និងតម្រូវឱ្យអ្នកសិក្សាមានការអត់ធ្មត់ខ្ពស់។
កន្លងមកមាននិស្សិតខ្មែរមិនតិចទេ ដែលធ្លាប់បោះបង់ការសិក្សាជំនាញដ៏មានសក្ដានុពលលើទីផ្សារនេះចោល ដោយសារពួកគេខ្វះការតស៊ូនិងមិនសូវបានអនុវត្តញឹកញាប់ ដែលឈានដល់ការបរាជ័យបែបនេះ។
លោក ហ៊ាង ស៊ូហាន ដែលជាសាស្ត្រាចារ្យជំនាញ 3D Animation និងជាអ្នកគ្រប់គ្រងការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលស៊ីហ្គេក (CGEC Institute) បានឱ្យដឹងថា ការសិក្សាជំនាញនេះ អាចថាលំបាករៀនជាងជំនាញ IT ដទៃ បើទោះបីជាមិនសូវតម្រូវឱ្យប្រើកូដច្រើនក៏ដោយ តែវាទាមទារឱ្យនិស្សិតចំណាយពេលច្រើនសម្រាប់គិត និងគូរ Storyboard (សាច់រឿង) និងរកនឹកគំនិតច្នៃប្រឌិតផ្សេងៗសម្រាប់បង្កើតតួអង្គប្លែកៗ ដើម្បីឱ្យ 3D Animation របស់ពួកគេមានគុណភាពមួយដែលទីផ្សារកំពុងត្រូវការ។
លោកបន្តថា ដើម្បីឱ្យទទួលបានជោគជ័យលើជំនាញនេះ និស្សិតគប្បីត្រូវឧស្សាហ៍ស្រាវជ្រាវ អានសៀវភៅឬឯកសារនានា (វីដេអូជាដើម) ទាំង Soft Copy (ឯកសារលើអ៊ីនធឺណិត) និង Hard Copy (ឯកសារ បោះពុម្ពជាក្រដាស) សុំការពន្យល់ពីរៀមច្បងឬសាស្ត្រាចារ្យនិងចំណាយពេលរៀនគូរគំនូរនិងចងឆ្អឹងឱ្យបានញឹកញាប់។
"ពិតណាស់ជំនាញណាក៏ត្រូវចេះឱ្យប្រាកដដែរ ទើបអាចរកទីផ្សារបាន។ ជំនាញ 3D Animation នេះមិនមែនរៀនលេងៗ ហើយចេះទេ។ និស្សិតចាំបាច់ត្រូវអនុវត្តឱ្យបានច្រើននិងអត់ធ្មត់ខ្លាំងតាមតែអាចធ្វើទៅបាន ទើបអាចជោគជ័យ"។ លោកហានបន្តថា “បច្ចុប្បន្នវិស័យផលិត 3D Animation នៅកម្ពុជាដូចជាការថតស្ពតពាណិជ្ជកម្មនិងភាពយន្តផ្សេងៗ កំពុងតែរីកចម្រើន ដែលទាមទារឱ្យមានអ្នកជំនាញបម្រើការផ្នែកនេះច្រើន ដូច្នេះចំណូលក៏បានសមគួរទៅតាមនោះដែរ"។
ចំណែកឯលោក សាន សុភ័ក្រ ដែលជាអ្នកជំនាញបង្កើតគំនូរជីវចល បានឱ្យដឹងស្រដៀងគ្នាដែរថា តួអង្គឬវត្ថុ 3D នីមួយៗទាមទារឱ្យអ្នកជំនាញត្រូវគូរនិងបង្វិលគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវរូបភាព 3D មួយល្អឥតខ្ចោះ។ លោកថា ឧទាហរណ៍បើចង់គូរសកម្មភាព “មាត់” ជាប្រភេទ 3D Animation នោះ ចាំបាច់ត្រូវធ្វើយ៉ាងណាឱ្យវា (មាត់) មានសកម្មភាពដូចមាត់មនុស្សពិតៗអ៊ីចឹង ដែលខុសពី 2D គឺគ្រាន់តែគូរសកម្មភាពមាត់ "បិទនិងបើក" ប៉ុណ្ណោះ។
លោកថា និស្សិតត្រូវឧស្សាហ៍ព្យាយាមអនុវត្តគូរ តួអង្គ Storyboard ក៏ដូចជាបង្កើត Background នៃឈុតឆាកនីមួយៗឱ្យប្រកបដោយភាពច្នៃប្រឌិតនិងរស់រវើក នោះសាច់រឿងឬវីដេអូនឹងមានភាពទាក់ទាញនិងប្រទាក់ក្រឡាគ្នាល្អមិនខាន។
បើនិយាយពីការសិក្សាជំនាញ 3D Animation មានសាលាលេចធ្លោនៅកម្ពុជាជាច្រើនដែលនិស្សិតអាចទៅសិក្សាបានមានដូចជា សាកលវិទ្យាល័យលឹមកុកវឹង វិទ្យាស្ថាន ស៊ីហ្គេក (CGEC Institute) សាលា O3D Asia សាលាគំនូរជីវចលសាដា (School of Animation Digital Asia) និងសាលា Monster 3D Animation ជាដើម៕
អាន៖ គ្រឹះស្ថានសិក្សា ៥ សម្រាប់អ្នកចង់រៀនជំនាញ 3D Animation
អត្ថបទ៖ ប៉ែត ផាន់និត