កីឡាករ​បារាំង​ ធ្វើ​ដំណើរ​ទៅ​អង់គ្លេស​ពេញ​ជើង មិន​ញញើត​ភេរវករ

  • 2015-11-16 18:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជម្រើស​ជាតិ​បារាំង​​ចំនួន​២៣​នាក់ ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដុង​ទាំង​អស់ ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាព​ទល់​នឹង​អង់គ្លេស នៅ​យប់​ថ្ងៃ​អង្គារ​នា​​កីឡដ្ឋាន Wembley និង​បង្ហាញ​ថា​មិន​ខ្លាច​ញញើត​នឹង​ពួក​ភេរវករ​ឡើយ ទោះ​ទើប​តែ​មាន​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​ប៉ារីស កាល​ពី​យប់​ថ្ងៃ​សុក្រ​ក៏​ដោយ។

 

 

ប្អូន​​ស្រី​ជីដូន​មួយ​របស់​ខ្សែ​បម្រើ​ Lassana Diarra អតីត​កីឡាករ​ក្រុម​ Chelsea, Arsenal និង​ Real Madrid បាន​​ស្លាប់ ក្នុង​ចំណោម​ជន​បាត់​បង់​ជីវិត​ជាង​១២៩​នាក់​កាល​ពី​យប់​ថ្ងៃ​កើត​ហេតុ ខណៈ​ដែល​ប្អូន​ស្រី​របស់​ Antoine Griezmann ​របស់​ក្លិប​ At Madrid បាន​គេច​ខ្លួន​ផុត​ពី​សាល​ប្រគំតន្ត្រី Bataclan ​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​៨៩​នាក់។

 

កីឡាករ​ទាំង​២​រូប​នេះ ក៏​បាន​ចូល​​លេង​ឲ្យ​បារាំង​ កាល​យក​ឈ្នះ​លើ​អាល្លឺម៉ង់ ២-០ ​នៅ​កីឡដ្ឋាន​ជាតិ​ Stade de France ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នា​យប់​កើត​ហេតុ​ផង​ដែរ។

 

​ចំណែក​គ្រូ​បង្វឹក​ក្រុម​មាន់​គក​បារាំង​​លោក​ Didier Deschamps ​ក៏​ពុំ​បាន​បង្ខំ​កីឡាករ​ណា​ម្នាក់​ដែរ ដោយ​លោក​​ផ្ដល់​ឱកាស​​ឲ្យ​កីឡាករ​ចេញ​ពី​ក្រុម​ បើ​ពួកគេ​ភ័យ​ខ្លាច ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​បារាំង​ FFF ​បាន​បញ្ជាក់​ថា កីឡាករ​បាន​មក​ចូល​រួម​ទាំង​អស់ គ្មាន​អវត្តមាន​នរណា​ម្នាក់​ទេ។

 

 

​ក្រុម​ជម្រើស​ជាតិ​បារាំង​ នឹង​ធ្វើ​សន្និសីទកាសែត​​នា​កីឡដ្ឋាន​ Wembley ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ មុន​ពេល​ហ្វឹកហាត់​នៅ​ទី​នោះ ខណៈ​ដែល​​ពេល​ប្រកួត​​យប់​ថ្ងៃ​អង្គារ (ម៉ោង​០៣:០០​​នាទី​ព្រឹក​​ថ្ងៃ​​ពុធ​នៅ​កម្ពុជា) សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA បាន​ប្រកាស​ថា នឹង​​បង្កើន​​កម្លាំង​ការពារ​ឲ្យ​ច្រើន​ និង​​ឲ្យ​អ្នកគាំទ្រ​ទៅ​បាន​មុន​ម៉ោង ដើម្បី​ងាយ​ស្រួល​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​បំផុត៕

 

-ចុចអាន៖ បងប្អូន​ជីដូន​មួយ​អតីត​កីឡាករ Real Madrid ម្នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នៅ​ប៉ារីស

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc | theguardian

អត្ថបទពេញនិយម
អត្ថបទថ្មី