ជៀប គន្ធា គ្មាន​ជំនាញ IT អាច​​បង្កើត App រៀន​តែ​តាម​​ YouTube

  • 2016-01-13 14:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជៀប គន្ធា បាន​ស្រាវជ្រាវ​បង្កើត App លើ​ទូរសព្ទ Android ​តាម​ក្តី​​ស្រមៃបាន​សម្រេច​ទាំង​​​ខ្លួន​មិន​ដែល​រៀន​ជំនាញ IT ទាល់​តែ​សោះ។ ​​គ្រាន់​តែ​មើល​តាម​ការ​ណែនាំ​ពី​ YouTube និង​វេបសាយ​ផ្សេងៗ​ យុវជន​វ័យ​ក្មេង​រូប​នេះ​អាច​បង្កើត​ App សិក្សា​ជា​ច្រើន​​ដែលអាច​ប្រើ​​ជា​ជំនួយ​សម្រាប់​សិស្ស​សិក្សា​នៅ​កម្រិត​វិទ្យាល័យ។

 

តើ​មាន​មូល​ហេតុ​អ្វី​ដែល​បណ្ដាល​ចិត្ត​ឲ្យ​យុវជន​​​វ័យ​ក្មេង​​រូប​នេះ​មាន​សមត្ថភាព​​អាច​បង្កើត​ App មួយ​​បាន បើ​ទោះ​បី​ខ្លួន​មិន​មាន​ចំណេះជំនាញ IT ទាល់​តែសោះ?

 

 

គន្ធា ដែល​សិក្សា​ជំនាញ​ឧស្សាហកម្ម​ប្រាប់​ថា ការ​ដែល​បណ្ដាល​ចិត្ត​គេ​​បង្កើត App សម្រាប់​សិស្ស​កម្រិត​វិទ្យាល័យ​ដាក់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android នេះ​ឡើង​ព្រោះ​តែ​ការ​​ស្រឡាញ់​វិស័យ​បច្ចេកវិទ្យា និង​ក្នុង​គោល​បំណង​ចង់​ឲ្យ​មាន​កម្មវិធី​អប់រំ​ជា​ភាសាខ្មែរ​នៅ​លើ​អ៊ីនធឺណិត​​កាន់​តែ​ច្រើន​​ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ស្រាវជ្រាវ​ដល់​សិស្ស​ជំនាន់​ក្រោយ។

 

អតីត​សិស្ស​ពូកែ​គណិតវិទ្យា​រូប​នេះ​រៀប​រាប់​​បន្ត​ថា​ ការ​​បង្កើត App នេះ​ ជួប​ការ​លំបាក​ច្រើន​​​។​​​​ ម៉្យាង​លោក​គ្មាន​មូលដ្ឋាន​ជំនាញ IT ទេ​ប៉ុន្តែ​ដោយ​សារ​ចិត្ត​ស្រឡាញ់​ជំនាញ​នេះ​ទើបព្យាយាមសាកល្បង​ធ្វើ​រហូត​​បាន​សម្រេច។

 

ពេល​ទំនេរ​ពី​ការសិក្សា​ គន្ធា តែងតែ​​ទៅ​ហាង​កាហ្វេ​ណា​ដែល​មាន​អ៊ីនធឺណិត​ដើម្បី​​រៀន​ពី​ការ​សរសេរ​កូដ និង​តិចនិក​​ក្នុង​ការ​បង្កើត App។ លើ​​ Youtube ដែល​មាន​ការ​បង្ហាញ​ណែនាំ​និង​វិបសាយ​ផ្សេងៗ​​ដែល​មាន​ឧទាហរណ៍​ស្រាប់​ គន្ធា​បាន​ព្យាយាម​​រៀន​អនុវត្ត​​​​​និង​ព្យាយាម​បំបែក​​ដោយ​ខ្លួន​ឯង។

 

ដោយ​មាន​ការ​ប្រឹងប្រែង​រួម​ទាំង​ភាព​ឈ្លាសវៃ​ផង​នោះ គន្ធា អាច​បង្កើត App បាន​សម្រេច​​សម្រាប់​ប្រើ​នៅ​លើ Play Store ដោយ​គិត​មក​ទល់​ពេល​នេះ​បង្កើត​សរុប​​បាន​ ១១ App។

 

យុវជន​អ្នក​ខេត្ត​កំពង់​ធំ​រូប​នេះ​បញ្ជាក់​ថា ការ​បង្កើត App មួយ​ៗ​ត្រូវ​ការ​ចំណាយ​ពេល​ប្រហែល​មួយ​សប្តាហ៍​។​

 

កម្មវិធី​ដែល​វិស្វករ​​រូប​នេះ​បាន​ចង​ក្រង​អាច​ប្រើប្រាស់​គ្រប់​កម្រិត​ រាប់​តាំង​ពី​ថ្នាក់​អនុវិទ្យាល័យ ដល់​វិទ្យាល័យ។ កម្មវិធី​​​បាន​​ភ្ជាប់​ជាមួយ​រូបមន្ត​សង្ខេប លំហាត់​ដោះស្រាយ កម្រង​វិញ្ញាសា​ប្រឡង​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ វិញ្ញាសា​ត្រៀម​ប្រឡង​បាក់ឌុប វិញ្ញាសា​ត្រៀម​ប្រឡង​អាហារូបករណ៍​ទៅ​បរទេស ប្រឡង​ចូល​សាលា​ពេទ្យ​ជា​ដើម។

 

 

ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​មាន​ការ​កើន​ឡើង អតីត​សិស្ស​ពូកែ​គណិតវិទ្យា ដែល​មាន​ស្រុក​កំណើត​នៅ​ឯ​ស្រុក​បារាយ ខេត្ត​កំពង់​ធំ​រូប​នេះ​និង​​ប្រឹងប្រែង​ស្រាវជ្រាវ​ប្រមូល​ផ្ដុំ​រូបមន្ត និង​លំហាត់ទាំង​ក្នុង​សៀវភៅ និង​តាម​អ៊ីនធឺណិតបន្ថែម​ទៀត​ដើម្បី​ពង្រីក​ចំណេះដឹង​ និង​​ជា​ចំណែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យកាន់​តែ​សម្បូរ​​ធនធាន​មនុស្ស​។

 

បន្តអាន៖​ កម្មវិធី​​​​​ថ្មី​ល្អ​ជំនួយ​សម្រាប់​​សិស្ស​នៅ​កម្រិត​វិទ្យាល័យ

 

អត្ថបទ៖ រក្សា