Gerrard ​ថា​ Real ​ចង់​បាន​ច្រើន​ដង​ដែរ​ តែ​​ចង់​លេង​នៅ​ស្រុក​កំណើត​ជាង​

  • 2014-10-22 17:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steven Gerrard ​បាន​បញ្ជាក់​ថា​​ខ្លួន​ធ្លាប់​​មាន​ឱកាស​​ច្រើន​ដង​ដែរ​ក្នុង​ការ​ទៅ​​លេង​នៅ​​ក្លិប​ Real Madrid ​មុន​សម្រេច​ចិត្ត​​បន្ត​វាសនា​នៅ​ Liverpool រហូត​​មក ដោយ​សារ​​ចង់​លេង​​នៅ​ស្រុក​កំណើត​ជាង។

 

 

Gerrard ​បាន​និយាយ​មុន​ពេល​ប្រកួត​ជាមួយ​ Real Madrid ​យប់​នេះ​ថា៖ “វា​ជា​រឿង​រំភើប​ខ្លាំង​ណាស់​ដែល​មាន​ក្លិប​ធំ​ដូច​ Real Madrid ​ចង់​បាន​ខ្ញុំ​ម្ដង​ជា​ពីរ​ដង ​ប៉ុន្តែ​ខ្ញុំ​បាន​បដិសេធ​រហូត ​ពីព្រោះ​ខ្ញុំ​មិន​ចង់​ចាកចេញ​ពី​ស្រុក​កំណើត ​(ប្រទេស​អង់គ្លេស)​ ​នោះ​ទេ។ វា​ប្រហែល​ជា​អាច​ធ្វើ​ឱ្យ​ខ្ញុំ​សោកស្ដាយ​ទៅ​ថ្ងៃ​មុខ​ក្នុង​ការ​ដែល​បោះបង់​ឱកាស​ល្អ​ទៅ​លេង​នៅ​ក្លិប​ផ្សេង​ក្នុង​ប្រទេស​ដទៃ​ទៀត ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​កាន់​តែ​ធ្វើ​ឱ្យ​ខ្ញុំ​សោកស្ដាយ​ខ្លាំង​ថែម​ទៀត​ ប្រសិន​បើ​ខ្ញុំ​ចាកចេញ​ពី​ក្លិប​ដែល​ខ្ញុំ​ស្រលាញ់។ ខ្ញុំ​ជា​អ្នក​​គាំទ្រ​ Real Madrid ​ម្នាក់​ដែរ​ ប៉ុន្តែ​ក្លិប​ដែល​មាន​លេខ​មួយ​ក្នុង​បេះដូង​ខ្ញុំ​គឺ Liverpool”។

 

ខ្សែ​បម្រើ​​អង់គ្លេស វ័យ​៣៤​ឆ្នាំ​ខាង​លើ​នេះ​ចាប់​ពី​ឈាន​ជើង​ចូល​លេង​បាល់ទាត់​តាំង​ពី​ឆ្នាំ​ ១៩៨៧​ មក​គឺ​លេង​ឱ្យ​តែ Liverpool ​មួយ​ទេ​ ពោល​គឺ​តាំង​ពី​ឈុត​យុវជន​រហូត​ដល់​ឈុត​ធំ។ រយៈ​ពេល​១៦​ឆ្នាំ​នៅ​ហង្ស​ក្រហម​នេះ​ ម្ចាស់​ពាន​រង្វាន់​ Liverpool Top Goalscorer ​៣​សម័យ​កាល​រូប​នេះ​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​ FA Cup ​២ដង, League Cup ​៣​ដង, FA Community Shield ​១​ដង, UEFA Champions League ​១​ដង, UEFA Cup ​១​ដង ​និង​ UEFA Super Cup ​១​ដង។

 

 

នៅ​៥​ឆ្នាំ​មុន ​ក្នុង​ទឹក​ដី Anfield ​នេះ​ដែរ​ Liverpool ​អាច​ឈ្នះ​ Real Madrid ​រហូត​ដល់​ទៅ​៤-០ ​ដែល​កាល​នោះ​ Gerrard ​នេះ​ហើយ​ដែល​រក​បាន​២​គ្រាប់​ម្នាក់​ឯង។ ចុះ​នៅ​យប់​នេះ​វិញ​តើ​ Gerrard ​អាច​ធ្វើ​បាន​ល្អ​ទៀត​ឬ​អត់? កុំ​ភ្លេច​ ​បន្តិច​ទៀត​នេះ Sabay ​នឹង​និយាយ​ពី​ជើង​កីឡាករ ​និង​ប្រវត្តិ​ជួប​គ្នា​រវាង​ Liverpool ​និង​ Real Madrid៕

 

ចុច​អាន​រឿងរ៉ាវ​កីឡា​បាល់ទាត់​អន្តរជាតិ​​ជា​ច្រើន​ទៀត

 

​ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖ dailymail