សេរ៉ូម​អេបូឡា សម្រាប់​អ្នកជំងឺ​អាហ្វ្រិក នឹង​​មាន​ឆាប់ៗ​នេះ

  • 2014-10-22 17:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​​ថា សេរ៉ូម​ធ្វើ​ពី​ឈាម​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​អេបូឡា នឹង​មាន​នៅ​លីបេរីយ៉ា ដែល​ជា​ប្រទេស​ទទួលរងគ្រោះខ្លាំង​បំផុត​នៅ​អាហ្វ្រិក​ខាងលិច ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។

 

អេបូឡា

 

លោកស្រី​វេជ្ជបណ្ឌិត Marie Paule Kieny ជំនួយការ​អគ្គនាយក​ប្រព័ន្ធ​សុខាភិបាល​ និង​កំណែទម្រង់ របស់​ WHO មាន​ប្រសាសន៍​ថា ការងារ​នេះ​នឹង​មាន​ដំណើរ​ការណ៍​ឆាប់រហ័ស ដើម្បី​ទទួល​បាន​ថ្នាំ​ និង​វ៉ាក់សាំង សម្រាប់​ខែ​មករា​ ឆ្នាំ​២០១៥ខាងមុខ។

 

ចំពោះ​សេរ៉ូម បើ​សិន​អ្នក​ជំងឺ​​បាន​​ទទួល ហើយ​អាច​យក​ឈ្នះ​ការ​ឆ្លង មានន័យ​ថា រាងកាយ​ពួកគេ នឹង​រៀន​ពី​របៀប​ប្រយុទ្ធ​ប្រឆាំង​វីរុស ហើយ​​ខ្លួន​របស់ពួក​គេ​ នឹង​មាន​អង់ទីគ័រ​ក្នុង​ឈាម អាច​ប្រឆាំង​ជំងឺ​អេបូឡាបាន​។

 

ពេល​នោះ​គ្រូពេទ្យ អាច​យក​គំរូ​ឈាម​របស់​ពួកគេ ហើយ​បញ្ចូល​ក្នុង​សេរ៉ូម រួច​យក​កោសិកា​ឈាម​ក្រហម​ចេញ ដោយ​​ទុក​តែ​អង់ទីគ័រ​សំខាន់ៗ ដើម្បី​យក​ទៅ​ព្យាបាល​អ្នក​ជំងឺ​ផ្សេង​ទៀត។

 

គិលានុបដ្ឋាយិកា​អេស្ប៉ាញ​មួយ​រូប បាន​ក្លាយ​ជា​មនុស្ស​ទី​១ ​ឆ្លង​អេបូឡា​ក្រៅ​ទ្វីប​អាហ្វ្រិក ដែល​ត្រូវ​បាន​គេ​ធ្វើតេស្ត​ឃើញមាន​​​ផ្ទុក​វីរុស​នេះ ហើយ​បន្ទាប់​មក​ត្រូវ​គេ​រាយការណ៍​ថា គ្រូពេទ្យ​នេះ​ទទួល​បាន​សេរ៉ូម​​ មាន​​អង់ទីគ័រ​របស់​អ្នក​​​ជា​ពី​ជំងឺ​អេបូឡា។

លោក​ស្រី​វេជ្ជបណ្ឌិត Kieny ថ្លែង​ថា ការ​ព្យាបាល​​គ្មាន​គ្រោះថ្នាក់​អ្វី​ទេ ព្រោះ WHO បាន​ចេញ​គោលការណ៍​ណែនាំ​រួច​ហើយ ដើម្បី​ធានា​បាន​សុវត្ថិភាព។ អ្នក​បរិច្ចាគ​ឈាម​ផ្សេង​ទៀត ចាំបាច់​ត្រូវ​ពិនិត្យ​រក​មេរោគ​ឆ្លង​ដូចជា អេដស៍ និង​ថ្លើម​ជា​ដើម។ ​​

 

លោក​ស្រី​បន្ត​ទៀត​ថា លោក​ស្រី​បាន​ធ្វើតេស្ត​នូវ​វ៉ាក់សាំង​អេបូឡា​​ចំនួន​ពីរ ដែល​នឹង​ចេញ​លទ្ធផល​មុន​ឆ្នាំ​ក្រោយ តែ​យ៉ាងណា គ្រូពេទ្យ​នឹង​​ធ្វើតេស្ត​​មុន​ ដើម្បី​ឱ្យ​ដឹង​ថា វ៉ាក់សាំង​​ទាំងនេះ​ មាន​សុវត្ថិភាព​ដល់​មនុស្ស។

 

អង្គការ​សុខភាពពិភពលោក WHO បង្ហាញ​ថា៖" ការពិសោធន៍​នឹង​ចាប់​ផ្ដើម នៅ​ពីរ​សប្ដាហ៍​ខាងមុខ...ហើយ​នឹង​បន្ត​ដល់​រយៈពេល​៦ខែ រហូត​១ឆ្នាំ ហើយ​​នឹង​ចេញ​​លទ្ធផល​​ស្ដី​ពី​សុវត្ថិភាពមុន ដើម្បី​កំណត់​កម្រិត​ដូស ​នៅ​ចុង​ឆ្នាំ​នេះ"។

 

ការ​រីក​រាលដាល​នៃ​វីរុស​អេបូឡាមក​ទល់​ពេល​នេះ បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​៤៥០០នាក់ ដែល​ភាគច្រើន ជា​ប្រជាជន​នៅ​ហ្គីណេ លីបេរីយ៉ា និង​សៀរ៉ាឡេអូន៕

​​

 

អ្នក​ជា​សះស្បើយ​ពី​វីរុស​អេបូឡា នៅ​លីបេរីយ៉ា

 

 អត្ថបទទាក់ទង៖

 

ពេទ្យ​​​​វៀតណាម​​អាមេរិកាំង​​ស្រស់​ស្អាត​​​ម្នាក់​ឆ្លង​​អេបូឡា​

 

Mark Zuckerberg ជួយ​២៥​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អេបូឡា

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ BBC

អត្ថបទពេញនិយម