២០ ក្រុមក្នុងកម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មសល់ ១០ ក្រុមថ្ងៃនេះ
- 2016-01-23 19:12:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០ ក្រុមក្នុងកម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មសល់ ១០ ក្រុមថ្ងៃនេះ
ចន្លោះមិនឃើញ
ការប្រកួតប្រជែងគំនិតអាជីវកម្ម Startup Weekend Phnom Penh កាលពីល្ងាចម្សិលមិញនេះ មានមនុស្សចូលរួម ២០ ក្រុម ប៉ុន្តែថ្ងៃ ២៣ ខែមករានេះ សល់ត្រឹមតែ ១០ ក្រុមប៉ុណ្ណោះ ក្រោយសមាជិកខ្លះចេញពីក្រុមរបស់ខ្លួន ទៅកាន់ក្រុមផ្សេង ដែលមានគំនិតអាជីវកម្មដូចគ្នា។
អ្នករៀបចំកម្មវិធី លោក សុខ លាភ បានប្រាប់ថា ថ្ងៃនេះមានចំនួន ១០ ក្រុម ដោយមិនគិតពីចំនួនសមាជិកឡើយ។ ក្រុមខ្លះមាន ៤នាក់ ៥នាក់ ៦នាក់ ៧នាក់ និង ៨នាក់ ទៅតាមការចង់បាន និងពេញចិត្តរបស់ពួកគេ ដោយលោកមិនអាចកំណត់ថា មួយក្រុមត្រូវមានប៉ុន្មាននាក់ឡើយ។
"បើសិនក្រុមហ្នឹងមានសមាជិក ៥ នាក់ ហើយមាននរណាម្នាក់ ចង់ទៅចូលរួមជាមួយក្រុមដទៃ ដែលគេគិតថា មានគំនិតដូចឬស្រដៀងគ្នា គេអាចទៅបាន"។
គណៈកម្មការ នៃកម្មវិធី Startup Weekend Phnom Penh នឹងកាត់សេចក្ដី ហើយផ្ដល់ពានរង្វាន់ជយលាភីលេខ ១ ដល់លេខ ៣ នៅម៉ោង ៨ កន្លះយប់ស្អែក ហើយបិទកម្មវិធីនៅម៉ោង ៩ យប់។
បើតាមលោក សុខ លាភ កម្មវិធីនេះរៀបចំឡើង ដើម្បីបង្កើតបរិយាកាសឱ្យមនុស្ស ចូលចិត្តវិស័យជំនួញជួបគ្នា ពិភាក្សាគ្នា សិក្សាពីគ្នា បង្កើតបណ្ដាញទំនាក់ទំនង ចែករំលែកចំណេះដឹងបទពិសោធន៍ និងចង់ឱ្យពួកគេ បង្កើតអ្វីថ្មីជាមួយគ្នាជាដើម។
គណៈកម្មការដាក់ពិន្ទុ និងកាត់សេចក្ដី ក្នុងកម្មវិធីមានដូចជា លោក ជី សិលា នាយកប្រតិបត្តិនៃក្រុមហ៊ុន Sabay Digital Corporation លោក Divon Lan មកពីក្រុមហ៊ុន Emerging Markets Entrepreneur លោកស្រី ជា សុផល្លា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Emerald+ លោក Tomas Pokorny នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridgE Commerce និងលោក Steven Path នាយកប្រតិបត្តិនៃក្រុមហ៊ុន Pathmazing។ ចង់ដឹងថាកម្មវិធីនេះ ធ្វើឡើងនៅកន្លែងណា សូមចុចត្រង់នេះ!
ចាំអ៊ុតទាំងអស់គ្នាមើល៍ថាតើ ក្រុមណាជាអ្នកឈ្នះ? ពួកគេនឹងទទួលបានអ្វីខ្លះពីកម្មវិធី? តើគំនិតអាជីវកម្មដែលឈ្នះ គេនឹងធ្វើយ៉ាងម៉េច?
អត្ថបទ៖ អ៊ុំ សុភក្តិ