ហេតុ​ផល ៣ ចំណុច ញ៉ាំង​ឲ្យ​កំណើន​នៃ​ការ​ធ្វើ​ និង ប្ដូរ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី​ធ្លាក់​ចុះ​ដើម​ឆ្នាំ​នេះ​

  • 2016-01-29 17:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​មក​ដល់​ឆ្នាំ ២០១៦ សន្ទុះ​នៃ​ការ​មក​ធ្វើ​ប័ណ្ណ និង ប្ដូរ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី មាន​ចំនួន​ធ្លាក់​ចុះ។ ធ្លាក់​ចុះ​ដោយ​សារ​តែ​ហេតុ​ផល ៣ ចំណុច ដូច្នេះ​ហើយ​មន្ត្រី​ធ្វើ​ការ​ជំនាញ​ខាង​អត្តសញ្ញាណ​ប័ណ្ណ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​មក​ធ្វើ​ប័ណ្ណ​ និង ប្ដូរ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី។

 

ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​មាន​ប្រសាសន៍​ថា សន្ទុះ​នៃ​ការ​មក​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី និង ប្ដូរ​ប័ណ្ណ​ ច្រើន​គឺ​នៅ​ចន្លោះ​ខែ សីហា ដល់​ ខែ​វិច្ឆិកា ឆ្នាំ ២០១៥។ ប៉ុន្ដែ ចូល​មក​ដល់​ដើម​ឆ្នាំ​ ២០១៦ តួលេខ​បង្ហាញ​ថា អ្នក​មក​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​បាន​ធ្លាក់​ចុះ។ ការ​ធ្លាក់​ចុះ​នេះ​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​បី​ចំណុច៖

 

ទី១. ប្រជាពលរដ្ឋ​រវល់​ប្រមូល​ផល​កសិកម្ម   ទី២. ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ច្រើន (ផ្អែក​តាម​របាយការណ៍​ពលករ​ចំណាក​ស្រុក​មាន​ជាង ៧០ ម៉ឺន​នាក់ ដោយ​មិន​ទាន់​រាប់​អ្នក​ទៅ​ធ្វើ​ពលករ​មិន​ស្រប​ច្បាប់​ផង)។ ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​​នេះ គឺ​មាន ៣០% នៅ​មិន​ទាន់​មាន​អត្តសញ្ញាណ​ប័ណ្ណ តែ​៧០ % គឺ​មាន​អត្តសញ្ញាណ​ប័ណ្ណ តែ​ពួកគាត់​អត់​ទាន់​មក​ប្ដូរ​ប័ណ្ណ​ថ្មី។   ទី៣. វ័យ​ចំណាស់៖ ពលរដ្ឋ​ដែល​មាន​វ័យ​ចាប់​ពី​ ៦០ ឆ្នាំ​ឡើង​ទៅ​ គឺ​គាត់​ប្រកាន់​ទស្សនៈ​ថា ចាស់​ហើយ​ដូច្នេះ​មិន​ចង់​មក​ធ្វើ​ប័ណ្ណ​ថ្មី​នោះទេ ដោយ​ទុក​ឲ្យ​ក្មេង​ៗ​ធ្វើ​វិញ។

 

ខាង​ក្រោម​នេះ គឺជា គំរូ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី

 

 

ប្រសិន​បើ​តួលេខ​នៅ​តែ​មាន​ចំនួន​អ្នក​មក​ធ្វើ​ប័ណ្ណ​ថ្មី ឬ ប្ដូរ​អត្តសញ្ញាណ​ប័ណ្ណ​ទៀត​នោះ គឺ​ផែន​ការ​នៃ​ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ ឬ ប្ដូរ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី​នឹង​មិន​សម្រេច​ដូច​បំណង​ ដែល​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​ប័ណ្ណ​ថ្មី​នៅ​ដំណាច់​ឆ្នាំ ២០១៦​នោះទេ។ ដើម្បី​សម្រេច​បាន​ផែន​ការ​នេះ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទូទាំង​ប្រទេស​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​អស់​យល់​ពី​តម្លៃ​​នៃ​ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​នេះ។

 

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​បង្ហាញ​តួលេខ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ផ្ដើម​យុទ្ធនាការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី ២០១២ មក​ គឺ​រហូត​មក​ទល់​នឹង​ពេល​នេះ គឺ​នៅ​សល់​ប្រហែល​ជិត​ ៣ លាន​នាក់​នាក់ ហើយ​ប្រជាពលរដ្ឋ​ក្រោម​ ១ លាន​នាក់​បាន​ធ្វើ​ចំណាក​ស្រុក​ដែល​ពុំ​ទាន់​បាន​មក​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ ឬ ប្ដូរ​ប័ណ្ណ​ថ្មី​នៅឡើយ៕   នេះជា បញ្ជី​ឈ្មោះ​មន្រ្តី​​ទាំង ២៥ រាជធានី-ខេត្ត ហើយ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​ច្បាស់​ព័ត៌មាន​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ អាច​ទាក់ទង​លេខ​ខាង​ក្រោម​នេះ៖  

 

អត្តបទ៖ ប៊ិន ប៊ុណ្ណា រូបថត៖ ទូរសព្ទដៃ